ដោយក្រឡេកមើលលើ​ទិដ្ឋភាពតំបន់ អាស៊ានមានប្រជាជនវ័យក្មេង សេដ្ឋកិច្ចបើកចំហរ និងអត្រានៃការផ្លាស់ប្តូរឌីជីថលជាងគេនៅក្នុងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ គម្លាតនៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងសមត្ថភាពផ្នែកច្បាប់រវាងបណ្តាប្រទេសសមាជិកកំពុងបង្កបញ្ហាដ៏ធំមួយទាក់ទងនឹង "គម្លាតឌីជីថល"។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ទាំងនេះ វៀតណាមបានស្នើគំនិតផ្តួចផ្តើម​ត​ភ្ជាប់​តំបន់ និងបង្កើត​បរិយាកាសសន្ទនាបើកចំហ ដើម្បីរួមបញ្ចូល AI ទៅក្នុងដំណើរការកសាងនិងអនុវត្តច្បាប់​។ នៅក្នុងសុន្ទរកថាបើកវេទិកាច្បាប់អាស៊ាន ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ ទៀនចូវ (Lê Tiến Châu​) បានចែករំលែកគោលការណ៍ចំនួន​បីសម្រាប់ការអនុវត្ត និងការប្រើប្រាស់ AI នៅវៀតណាម ហើយបានបញ្ជាក់ថា៖ ទិន្នន័យត្រូវតែបើកចំហ AI គ្រាន់តែជាឧបករណ៍ប៉ុណ្ណោះហើយការសម្រេចចិត្តចុងក្រោយនិងការទទួលខុសត្រូវខាងសីលធម៌គឺត្រូវតែ​ស្ថិតនៅមនុស្សជានិច្ច។

«ទីមួយ ត្រូវតែកំណត់ថា ទិន្នន័យគឺជាមូលដ្ឋានគ្រឹះបើកចំហ។ បើគ្មានទិន្នន័យដែល 'ត្រឹមត្រូវ ពេញលេញ ស្អាត សកម្ម ត​ភ្ជាប់ ឯកភាព និងចែករំលែក' នោះ​ទេ បញ្ញាសិប្បនិម្មិតមិនអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពបានឡើយ​។ ទីពីរ ត្រូវតែកំណត់ថា បញ្ញាសិប្បនិម្មិតគ្រាន់តែជាឧបករណ៍ប៉ុណ្ណោះ មិនអាច​ជំនួសការសម្រេចចិត្តនិងការទទួលខុសត្រូវរបស់មនុស្ស​បាន​ទេ។ ដូច្នេះ ត្រូវចាត់ថ្នាក់ហានិភ័យ​តាមវិធីសាស្រ្តអនុវត្តនៅក្នុងការកសាងនិងអនុវត្តច្បាប់; ក្នុងនោះ កម្មវិធីដែលគាំទ្រដល់ការពង្រៀង ការពិនិត្យ និងការវាយតម្លៃ​ផលប៉ះពាល់នៃគោលនយោបាយត្រូវតែគ្រប់គ្រងនៅកម្រិតខ្ពស់បំផុត។ ទីបី ត្រូវកំណត់និង​ការពារ​ហានិភ័យពីដំបូង និងពីចម្ងាយ។»

ពីទស្សនៈរបស់វៀតណាម ការដែល​រដ្ឋសភា​អនុម័តលើ​ច្បាប់​បញ្ញាសិប្បនិម្មិតនិងដាក់ពង្រាយ​គម្រោងអភិវឌ្ឍន៍វិបផតថលច្បាប់ជាតិសម្រាប់ដំណាក់កាលឆ្នាំ ២០២៦-២០៣០ បាន​គូសសញ្ញា​ការផ្លាស់ប្តូរដ៏សំខាន់មួយ៖ ការផ្លាស់ប្តូរពីផ្នត់គំនិត "គ្រប់គ្រង" ទៅជាផ្នត់គំនិត "សម្របខ្លួន" និងស្ថាបនាអភិវឌ្ឍន៍។ មិនត្រឹមតែប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែបណ្តាប្រទេសសមាជិកអាស៊ានសុទ្ធតែចែករំលែកការយល់ដឹងដូចគ្នា​ថា៖ បញ្ញាសិប្បនិម្មិតមានតម្លៃពិតប្រាកដ លុះត្រាតែវាបម្រើមនុស្ស និងការ​គោរពច្បាប់។ លោកស្រី Mildred Bernadette B. Alvor ជំនួយការ​ប្រធានទីប្រឹក្សារដ្ឋ អនុរដ្ឋមន្ត្រីក្រសួង​យុត្តិធម៌នៃប្រទេសហ្វីលីពីន - ដែលកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២៦ - បានសង្កត់ធ្ងន់ថា៖

«ការអនុវត្តយ៉ាងសកម្មនៃបញ្ញាសិប្បនិម្មិត នាំមកនូវប្រសិទ្ធភាពដ៏លេចធ្លោក្នុងការពង្រៀង ការគ្រប់គ្រង និងការអនុវត្តច្បាប់។ ទោះជាយ៉ាងណាក៏ដោយ មិនថា​បញ្ញាសិប្បនិម្មិតមានភាពទំនើបប៉ុណ្ណានោះទេ វាគ្រាន់តែដើរតួនាទីគាំទ្រប៉ុណ្ណោះ ហើយមិនអាចជំនួសភាពយុត្តិធម៌ ការយល់ចិត្ត និងការទទួលខុសត្រូវរបស់មនុស្សនៅក្នុងសាលក្រមផ្លូវច្បាប់បានទេ។»

មិនត្រឹមតែប្រទេសហ្វីលីពីននោះ​ទេ ប៉ុន្តែប្រទេសសិង្ហបុរី ដែលជាប្រទេសឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា ក៏បានស្នើដំណោះស្រាយបច្ចេកទេស​ដែល​រួមផ្សំជាមួយនឹងក្របខ័ណ្ឌច្បាប់ប្រកបដោយ​ភាពបត់បែ​ន​ផងដែរ។ លោក Tan Sze Yao តំណាងក្រសួង​ច្បាប់សិង្ហបុរី បានចែករំលែកថា៖

«ការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) តម្រូវឱ្យមានយន្តការដែលមានភាពបត់បែន ដោយធ្វើអន្តរាគមន៍​គ្រប់គ្រាន់ជំនួសឱ្យការដាក់ចេញនូវបទប្បញ្ញត្តិតឹងរ៉ឹងដែលងាយនឹងហួសសម័យ។ វិធីនេះ ជួយ​បង្កើនប្រសិទ្ធភាពនៃ​សក្តានុពលបច្ចេកវិទ្យា និងបង្កើត​ឱកាសសម្រាប់ការច្នៃប្រឌិតដើម្បីអភិវឌ្ឍ។ ទោះជាយ៉ាងណាក៏ដោយ ភាពបត់បែនត្រូវតែផ្សារ​ភ្ជាប់ជាមួយនឹងគោលការណ៍ជាមូលដ្ឋាន ដែលមិនអាចចរចាបាន។ ក្នុង​នោះ កត្តាគន្លឹះគឺតម្រូវការសម្រាប់ការផ្ទៀងផ្ទាត់ទិន្នន័យ និងគោលការណ៍ដែល AI ដើរតួនាទីគាំទ្រតែប៉ុណ្ណោះ មិនមែនជំនួសឱ្យ​មនុស្សក្នុងដំណើរការធ្វើការសម្រេចចិត្តនោះទេ។ ទាំងនេះត្រូវបានចាត់ទុកជា "របាំងការពារ" ដើម្បីកាត់បន្ថយហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាន​ដោយសារតែ​បច្ចេកវិទ្យា»។

លើសពីនេះ ដំណោះស្រាយដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍ និងឆ្លៀតយកជាអតិបរមា​នូវ​អត្ថប្រយោជន៍របស់ AI ក្នុងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងចំណោមប្រទេស​សមាជិកក៏ទទួលបានការ​ឯកភាពគ្នាយ៉ាងខ្លាំងផងដែរ។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា៖

«សម្រាប់កម្ពុជា យើងកំពុងស្ថិតក្នុងដំណើរការកែទម្រង់ប្រព័ន្ធតុលាការដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ដូច្នេះ ការចូលរួមក្នុងវេទិកានេះ សហការជាមួយវៀតណាម និងប្រទេសសមាជិកអាស៊ានដទៃទៀត គឺមានសារៈសំខាន់ខ្លាំងណាស់។ បញ្ញាសិប្បនិម្មិត​អាចជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងរវាងបណ្តាប្រទេសអាស៊ាន ឱ្យ​លឿនជាង ងាយស្រួលជាង និងមានប្រសិទ្ធភាពជាង។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមដ៏ធំបំផុតនៅតែជា​គម្លាតអភិវឌ្ឍន៍។ យើងត្រូវតែរី​កចម្រើនជាមួយគ្នានិងគាំទ្រគ្នាទៅវិញទៅមក ដើម្បីឆ្លៀត​យកជា​អតិបរមា​នូវ​អត្ថប្រយោជន៍នៃបញ្ញាសិប្បនិម្មិតក្នុងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់​រវាងបណ្តាប្រទេសសមាជិក​អាស៊ាន»។

ការរួមបញ្ចូលគ្នានៃបញ្ញាសិប្បនិម្មិត និងសាមគ្គីភាពអាស៊ាន កំពុងបើកចេញ​ជំពូកថ្មីមួយសម្រាប់ប្រព័ន្ធតុលាការក្នុងតំបន់ ឱ្យ​កាន់តែទំនើប តម្លាភាព និងជិតស្និទ្ធ​ជាមួយ​ប្រជាជន។ ភាពជោគជ័យនៃវេទិកាច្បាប់អាស៊ានឆ្នាំ ២០២៦ បញ្ជាក់បន្ថែមទៀតអំពីតួនាទីសកម្ម វិជ្ជមាន និងមានទំនួលខុសត្រូវរបស់វៀតណាមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងតុលាការនៅក្នុងអាស៊ាន។ ហើយ​ក៏បង្ហាញពី​ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាម ក្នុង​ការចូលរួម​ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងដៃគូអន្តរជាតិ ដើម្បីកសាងក្របខ័ណ្ឌច្បាប់ទំនើប និងសុខដុមរមនា សម្របខ្លួនទៅនឹងយុគសម័យឌីជីថល ដោយរួមចំណែកដល់ការកសាងសហគមន៍អាស៊ានប្រកបដោយភាពច្នៃប្រឌិត មាន​ភាពធន់ បរិយាប័ន្ន និងប្រកបដោយចីរភាព ក្នុងស្មារតីនៃចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥៕​