ប្រទេសនីមួយៗមានលក្ខណៈសេដ្ឋកិច្ច សមត្ថភាពបច្ចេកវិទ្យា និងតម្រូវការសង្គមខុសៗគ្នា ដូច្នេះ ត្រូរការជ្រើសរើសទិសដៅអភិវឌ្ឍន៍ឱ្យបានសមស្រប។ ភាពខុសគ្នានេះ មិនមែនជាឧបសគ្គនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាអាចក្លាយជាអត្ថប្រយោជន៍ដ៏ធំធេង ប្រសិនបើប្រទេសនានាពង្រឹងកិច្ចសហប្រតិបត្តិការ និងឆ្លៀតយកចំណុចខ្លាំងរបស់ខ្លួនដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក។
នៅក្នុងតំបន់អាស៊ាន ប្រទេសនីមួយៗកំពុងបង្កើតទិសដៅផ្ទាល់ខ្លួន។ ប្រទេសសិង្ហបុរី មានភាពលេចធ្លោក្នុងវិស័យដូចជា មនុស្សយន្ត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការអនុវត្ត AI ក្នុងសេវាសាធារណៈ។ ប្រទេសវៀតណាមកំពុងធ្វើសមាហរណកម្ម AI យ៉ាងសកម្មទៅក្នុងសកម្មភាពរបស់រដ្ឋាភិបាល ក្រសួង និងមូលដ្ឋាន នានា ដោយកសាងគោលនយោបាយដើម្បីជំរុញការអនុវត្តបច្ចេកវិទ្យាទៅក្នុងសេដ្ឋកិច្ច។ ក្នុងពេលនោះ ប្រទេសម៉ាឡេស៊ីក៏កំពុងបង្កើតយុទ្ធសាស្ត្រ AI ថ្មីមួយសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ដែលមិនត្រឹមតែផ្តោតលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើទិន្នន័យ អភិបាលកិច្ចគួរឱ្យទុកចិត្ត និងការអភិវឌ្ឍធនធានមនុស្សទៀតផង។
ភាពខុសគ្នានេះបានបង្ហាញថា ប្រទេសអាស៊ាននីមួយៗមានលក្ខខណ្ឌសេដ្ឋកិច្ច សមត្ថភាពបច្ចេកវិទ្យា និងតម្រូវការសង្គមផ្សេងៗគ្នាទាក់ទងនឹង AI។ លោកវេជ្ជបណ្ឌិត Mehdi Snene ទីប្រឹក្សាជាន់ខ្ពស់របស់បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុក បច្ចេកវិទ្យាឌីជីថលនិងបច្ចេកវិទ្យាថ្មីៗ បានបញ្ជាក់ថា ទាំងនេះអាចជាសញ្ញាវិជ្ជមាននៅក្នុងបណ្តាប្រទេសអាស៊ាន៖ “បច្ចុប្បន្ននេះ មិនមានទស្សនៈរួមសម្រាប់ AI នោះទេ។ AI មានទិសដៅអនុវត្តផ្សេងៗគ្នាជាច្រើនដូចជា AI បង្កើត គំរូភាសាធំ វិទ្យាសាស្ត្រ សុខាភិបាល និងការគ្រប់គ្រងហានិភ័យ។ អាចនិយាយបានថា នេះគឺជាបច្ចេកវិទ្យាដែលអាចអនុវត្តយ៉ាងទូលំទូលាយ ដែលមានសមត្ថភាពផ្លាស់ប្តូររូបរាងនៃវិស័យទាំងអស់។ ការដែលប្រទេសនីមួយៗជ្រើសរើសលំហនិងទិសដៅផ្ទាល់ខ្លួននៅក្នុងវិស័យ AI គឺជាសញ្ញាវិជ្ជមានខ្លាំងណាស់។ ឧទាហរណ៍ ប្រទេសសិង្ហបុរីផ្តោតលើស្វ័យប្រវត្តិកម្ម ខណៈពេលដែលវៀតណាមជំរុញការអនុវត្ត AI ក្នុងសេវាសាធារណៈ។ ភាពចម្រុះនេះ នឹងជួយបង្កើនការអភិវឌ្ឍ AI នៅក្នុងសហគមន៍អាស៊ាន”។
ភាពចម្រុះនៃសមត្ថភាពនិងបទពិសោធន៍នៅក្នុងវិស័យ AI នៅក្នុងបណ្តាប្រទេសអាស៊ានអនុញ្ញាតឱ្យប្រទេសសមាជិកមានជំនាញ និងគាំទ្រគ្នាទៅវិញទៅមក ជាជាងការប្រកួតប្រជែងដោយផ្ទាល់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ទាំងអស់។ លើសពីនេះ កិច្ចសហប្រតិបត្តិការក្នុងតំបន់អាចត្រូវបានបង្កើន តាមរយៈការចែករំលែកទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ ជំនាញ និងការស្រាវជ្រាវ។ ការតភ្ជាប់អ្នកជំនាញ មជ្ឈមណ្ឌលស្រាវជ្រាវ និងអាជីវកម្មនានានៅក្នុងតំបន់ក៏អាចជួយអាស៊ានឱ្យលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារសកលផងដែរ។
ទោះជាយ៉ាងណាក៏ដោយ រួមជាមួយនឹងឱកាស អាស៊ានប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនក្នុងការអនុវត្ត AI។ គម្លាតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទិន្នន័យ ធនធានមនុស្ស និងសមត្ថភាពបច្ចេកវិទ្យារវាងប្រទេសនានាអាចនាំឱ្យមានការបែងចែកអត្ថប្រយោជន៍ AI មិនស្មើគ្នា។ បញ្ហាប្រឈមមួយទៀតគឺការកសាងក្របខ័ណ្ឌច្បាប់ និងយន្តការគ្រប់គ្រងសម្រាប់ AI។ លោកស្រី Leonie Mader អ្នកជំនាញ AI នៅមូលនិធិ KAS (អាល្លឺម៉ង់) បានលើកឡើងថា ប្រទេសនីមួយៗត្រូវវាយតម្លៃពីការប្រើប្រាស់ ផលប៉ះពាល់ និងហានិភ័យរបស់ AI មុនពេលដាក់ចេញនូវ បទប្បញ្ញត្តិ។ ការអនុវត្តបច្ចេកវិទ្យាដោយមិនរើសអើងអាចនាំឱ្យមានហានិភ័យដែលមិនចាំបាច់។
“ប្រទេសនីមួយៗនៅក្នុងសហគមន៍អាស៊ានកំពុងបង្កើតគំរូ AI ផ្ទាល់ខ្លួនសម្រាប់ការអភិវឌ្ឍរបស់ខ្លួន។ គំរូ AI ជាច្រើនត្រូវការធនធានសំខាន់ៗ ដូចជាគំរូភាសាធំ និងគំរូបង្កើតរូបភាព។ ប្រសិនបើអ្នកមិនមានធនធានច្រើន ឬប្រភពថាមពលថោកដូចនៅអឺរ៉ុបនាបច្ចុប្បន្ននោះទេ អ្នកគួរតែបង្កើតគំរូតូចៗ។ រឿងសំខាន់គឺត្រូវកំណត់ឱ្យច្បាស់នូវអ្វីដែលមានស្រាប់ ចំណុចខ្លាំង និងអ្វីដែលអ្នកចង់បានពី AI ទើបបង្កើតដំណោះស្រាយដែលអ្នកពិតជាត្រូវការ។”
យោងតាមអ្នកជំនាញ ដើម្បីឱ្យ AI នាំមកនូវអត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់អាស៊ាន ប្រទេសនានាត្រូវប្រដេញតាមវិធីសាស្រ្តដែលសមស្របនឹងតម្រូវការពិតប្រាកដ និងដាក់មនុស្សជាស្នូល។ រឿងសំខាន់មិនមែនប្រទេសណាអភិវឌ្ឍ AI លឿនបំផុតនោះទេ ប៉ុន្តែជារបៀបដែល AI អាចបង្កើតតម្លៃពិតប្រាកដសម្រាប់មនុស្ស អាជីវកម្ម និងសង្គម។ ក្នុងរយៈពេលខាងមុខ អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវ និងការគ្រប់គ្រង AI។ ទន្ទឹមនឹងនោះ បណ្តាប្រទេសអាស៊ានគួរតែកសាងភាពធន់រវាងប្រព័ន្ធនានា ជំនួសឱ្យការព្យាយាមអនុវត្តន៍គំរូ AI តែមួយគត់សម្រាប់តំបន់ទាំងមូល។
បញ្ញាសិប្បនិម្មិត (AI) កំពុងបើកចេញឱកាសដ៏អស្ចារ្យសម្រាប់អាស៊ានក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច នវានុវត្តន៍ និងកែលម្អគុណភាពសេវាសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយ ភាពខុសគ្នានៃសមត្ថភាពរវាងប្រទេសនានាក៏បង្កហានិភ័យនៃការពង្រីកគម្លាតឌីជីថលផងដែរ។ ដូច្នេះ ទិសដៅសមស្របសម្រាប់អាស៊ានគឺ "ឯកភាពក្នុងភាពចម្រុះ" ដោយប្រទេសនីមួយៗអភិវឌ្ឍបញ្ញាសិប្បនិម្មិតដោយផ្អែកលើចំណុចខ្លាំងរៀងៗខ្លួន ខណៈពេលដែលចែករំលែកធនធាន ចំណេះដឹង និងបទពិសោធន៍ជាមួយសមាជិកដទៃទៀត៕








