VOV WorldVOV World
និទានរឿងវប្បធម៌វៀតណាមតាមរយៈហ្គេមអនឡាញ
03/04/2026 10:00
[VOVWORLD] - នៅក្នុងលំហូរនៃឧស្សាហកម្មច្នៃប្រឌិត អ្នកអភិវឌ្ឍន៍វៀតណាមជាច្រើនកំពុងជ្រើសរើសប្រើប្រាស់ភាសាហ្គេមដើម្បីនិទានពីរឿងរ៉ាវ និងវប្បធម៌វៀតណាម។
និទានរឿងវប្បធម៌វៀតណាមតាមរយៈហ្គេមអនឡាញ
van_hoa-anh_1_2.jpg ហ្គេម "ហាងហ្វើរបស់លោកហាយ"។ រូបថតអេក្រង់ពីហ្គេម។ ចាប់ពីហ្គេមប្រជាប្រិយរហូតដល់គម្រោងហ្គេមអនឡាញដែលបំផុសគំនិតដោយប្រវត្តិសាស្ត្រ អក្សរសិល្ប៍ និងម្ហូបអាហារនោះ ឧស្សាហកម្មហ្គេមវៀតណាមកំពុង បង្ហាញពីការផ្លាស់ប្តូរ ដោយរីកសាយភាយតម្លៃប្រពៃណីដល់ជំនាន់វ័យក្មេងនិងសហគមន៍អន្តរជាតិ។ " Brother Hai’s restaurant " ( ហាងហ្វើរបស់លោក ហាយ) គឺជាហ្គេមមួយដែលមានសាច់រឿងគួរឱ្យភ្ញាក់ផ្អើល តម្លៃកម្សាន្តខ្ពស់ ដោយរួមបញ្ចូលនូវកត្តាដ៏ជិតស្និទ្ធក្នុងជីវភាពប្រចាំថ្ងៃនៅក្នុងប្រទេសវៀតណាម។ បន្ទាប់ពីការបង្ហាញមុខ ហ្គេមនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អនឡាញ។ ហ្គេមនេះមិនមែន គ្រាន់តែជាបញ្ហាប្រឈមនៃការចម្អិនអាហារប៉ុណ្ណោះទេ ថែមទាំងក៏ជាដំណើរស្វែងយល់វប្បធម៌ដ៏គួរឱ្យទាក់ទាញទៀតផង។ ក្នុងពេលជាមួយគ្នានោះ តួអង្គទេវកថាវៀតណាមពីសៀវភៅប្រលោមលោកដោយមានចំណងជើងថា “ រឿងព្រេងនិទាននៃព្រះដី ” ទំនងជានឹងត្រូវបានបង្កើតឡើងវិញយ៉ាងរស់រវើកនៅក្នុងលំហហ្គេមអនឡាញ។ លោក Nguyen Thai Duy អ្នកនិពន្ធប្រលោមលោក "រឿងព្រេងនិទាននៃព្រះដី" បាននិយាយថា៖ “ ដំបូងឡើយ ទាក់ទងនឹងរូបភាព ពួកគេនឹងខិតខំធ្វើយ៉ាងណាដើម្បីនៅពេលដែលគេឃើញលក្ខណៈវប្បធម៌វៀតណាម ឧទាហរណ៍ថា ប្រសិនបើពួកគេចង់ធ្វើហ្គេមអំពី រដ្ឋបុរាណ Au Lac ឬព្រះបិតា ​​ Lac Long Quan និងព្រះមាតា Au Co គឺត្រូវធ្វើយ៉ាងណា ដើម្បីឲ្យគេដឹងថានេះគឺជាជនជាតិវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាការប្រើប្រាស់រូបភាពដែលត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរនោះទេ។ ពួកគេក៏ត្រូវបន្ថែមការច្នៃប្រឌិតរបស់ខ្លួនផងដែរ ” ។ van_hoa-anh_3_1.jpg លោកស្រី Vu Thuy Trang នាយិកាក្រុមហ៊ុនភាគហ៊ុន Gamota។ (រូបថត៖ Gamota) ហ្គេមនីមួយៗក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់រស់នៅ និងធ្វើអន្តរកម្មដោយផ្ទាល់នៅក្នុងលំហបេតិកភណ្ឌទៀតផង ។ ការឆ្លងកាត់បទពិសោធន៍ និងស្វែងយល់ពីស្ថាបត្យកម្ម ទំនៀមទម្លាប់ និងភាសាដោយផ្ទាល់តាមរយៈអារម្មណ៍ផ្សេងៗគ្នា នឹងជួយឲ្យវប្បធម៌ត្រូវបានទទួលយកនិងរីកសាយភាយកាន់តែងាយ ស្រួល។ លោកស្រី Vu Thuy Trang នាយិកាក្រុមហ៊ុនភាគហ៊ុន Gamota បានថ្លែងថា៖ “ វៀតណាមមានរឿងព្រេងនិទានជាច្រើន ប៉ុន្តែត្រឹមតែរីកសាយភាយក្នុងសហគមន៍វៀតណាមប៉ុណ្ណោះ។ មិនទាន់មានមិត្តភក្តិអន្តរជាតិច្រើន ដែលដឹងពីរឿងធំៗបែបនេះនៅឡើយទេ។ ហើយនោះជាបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនហ្គេម និងផលិតផលហ្គេមដូចយើង។ យើងត្រូវផ្សព្វផ្សាយទាំងសាច់រឿងនិងកម្ម សិទ្ធិបញ្ញា (IP) ។ យើងនឹងប្រើប្រាស់ហ្គេមដើម្បីផ្សព្វផ្សាយខ្លឹមសារស្ដីពីសាច់រឿងនោះ ” ។ រួមជាមួយភាពយន្ត ម៉ូដ ស្ថាបត្យកម្ម សិល្បៈសំដែង ហ្គេមត្រូវបានទទួលស្គាល់ ជាឧស្សាហកម្មវប្បធម៌មួយដែលសម្បូរទៅដោយសក្តានុពលសេដ្ឋកិច្ច និងឥទ្ធិពលយ៉ាងខ្លាំងក្លា។ ការធ្វើអាជីវកម្ម ការច្នៃប្រឌិត និងការអនុវត្តតម្លៃវប្បធម៌ប្រពៃណីទៅក្នុងហ្គេម មិនត្រឹមតែបង្កើតផលិតផលកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជួយថែរក្សា ផ្សព្វផ្សាយអត្តសញ្ញាណជាតិតាមរបៀបដ៏ជិតស្និទ្ធនិងទាក់ទាញជាងមុនទៀតផង។ លោកស្រី Nguyen Thi Thu Huong នាយិការងមូលនិធិគាំទ្រការអភិរក្សបេតិកភណ្ឌវប្បធម៌វៀតណាម បានឲ្យដឹងថា៖ “ ការរួមបញ្ចូលរឿងរ៉ាវវប្បធម៌ និងប្រវត្តិសាស្ត្រទៅក្នុងហ្គេមនឹងមានអត្ថប្រយោជន៍ជាច្រើន។ ទីមួយ វានឹងទាក់ទាញយុវជនមួយចំនួនធំឲ្យវិលត្រឡប់ទៅរុករកវប្បធម៌ និងប្រវត្តិសាស្ត្រវិញ តាមរយៈការលេងហ្គេម។ ទីពីរ វានឹងបង្កើនល្បឿននៃឧស្សាហកម្មវប្បធម៌ ដោយទាក់ទាញការយកចិត្តទុកដាក់និងការប្រើប្រាស់ពីមនុស្សកាន់តែច្រើនឡើងៗ ” ។ តាមពិតទៅ ការអភិវឌ្ឍផលិតផលហ្គេមវប្បធម៌តម្រូវឱ្យមានធនធានដ៏ធំ។ ពីព្រោះ វាមិនមែនជាក្រុមអភិវឌ្ឍន៍ផលិតផលតែម្នាក់ឯងនោះទេ សហគ្រាសក៏ត្រូវការក្រុមអ្នកជំនាញដែលមានការយល់ដឹងក្នុងវិស័យវប្បធម៌ផងដែរ។ ដូច្នេះ ការសាងសង់ផលិតផលទាំងនេះតម្រូវឱ្យមានអំណត់ធ្មត់ និងធនធានយ៉ាងច្រើនពីសហគ្រាស។ លោក Hoang Bao Long ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Lac Bird Group បានឲ្យដឹងថា៖ “ ឧស្សាហកម្មហ្គេមវៀតណាមកំពុងឆ្ពោះទៅការអនុវត្តវប្បធម៌ និងតម្លៃវប្បធម៌វៀតណាមទៅក្នុងផលិតផលហ្គេម។ ការអនុវត្តវប្បធម៌នេះ កំពុងជំរុញយុវជនជំនាន់បច្ចុប្បន្ន ឱ្យចំណាយពេលវេលា និងការខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការអភិវឌ្ឍហ្គេម ហើយពួកគេកំពុងចូលរួមយ៉ាងសកម្ម។ ហើយសូម្បីតែក្រសួងអប់រំក៏ទើបតែបានបង្កើតជំនាញហ្គេមសម្រាប់ការបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សានៅប្រទេសវៀតណាមផងដែរ។ នេះគឺជាការបោះជំហានដ៏ធំមួយ ដែលអាចហៅថា ជារបត់មួយដើម្បីផ្លាស់ប្ដូរឧស្សាហកម្មថ្មីមួយទាំងស្រុង ” ។ ការនាំវប្បធម៌ក្នុងស្រុកចូលទៅក្នុងហ្គេមអនឡាញមិនត្រឹមតែជាមធ្យោ បាយមួយដើម្បីបង្កើតផលិតផលថ្មីប៉ុណ្ណោះទេ ថែមទាំងជាដំណើរនៃការធ្វើឌីជីថលូបនីយកម្មបេតិកភណ្ឌ ដោយជួយយុវជនតភ្ជាប់ជាមួយឫសគល់ តាមរយៈភាសានៃសម័យទំនើបទៀតផង។ នៅពេលដែលរឿងរ៉ាវវៀតណាមត្រូវបាននិទានដោយប្រើបច្ចេកវិទ្យាវៀតណាម ឧស្សាហកម្មហ្គេម មិនត្រឹមតែបង្កើតប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការផ្សព្វផ្សាយអត្តសញ្ញាណជាតិទៅកាន់ពិភពលោកតាមរបៀបដ៏ទន់ភ្លន់ រស់រវើក និងពោរពេញទៅដោយកម្លាំងរស់ទៀតផង៕
TAG
VOV/VOVWORLD/ហ្គេម/ឧស្សាហកម្ម/វប្បធម៌/វៀតណាម/និទានរឿង

More