សិល្បៈប៉ាក់ដោយដៃលើក្រណាត់កម្ញី
09/04/2026 11:44
[VOVWORLD] - ដោយបាតដៃដ៏ប៉ិនប្រសប់របស់សិប្បករ ការប៉ាក់ដោយដៃបែបប្រពៃណីលើក្រណាត់កម្ញី មិនត្រឹមតែបង្កើតរូបភាពដ៏រស់រវើកប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីនៃវប្បធម៌វៀតណាមទៀតផង។ ផលិតផលកម្ញីប៉ាក់នីមួយៗដែលផ្តល់ជូនអ្នកប្រើប្រាស់គឺជាលទ្ធផលនៃដំណើរច្នៃប្រឌិតជាបន្តបន្ទាប់។

VOV5_Van hoa--Anh 1 (5).jpg អាវផាយកម្ញីប៉ាក់ គឺជានិមិត្តរូបមួយនៃវប្បធម៌ម៉ូដវៀតណាម។ (រូបថត៖ Tiệm Thơ) ក្រណាត់កម្ញី មានផ្ទៃទន់ល្វន់ ភ្លឺរលោង និងប្រណីត ដែលរំលេចលើភាពឆើតឆាយរបស់ស្ត្រី។ ទោះបីជាវាមានជាយូរមកហើយក៏ដោយ ប៉ុន្តែដោយសារបច្ចេកទេសត្បាញដ៏លំបាក ក្រណាត់កម្ញីពីអតីតកាលត្រូវបានផ្សារភ្ជាប់តែជាមួយអ្នកមាននិងអភិជនក្នុងសង្គមប៉ុណ្ណោះ។ សព្វថ្ងៃនេះ ក្រណាត់កម្ញី ត្រូវបានគេចាត់ទុកថា ធ្វើឱ្យអ្នកពាក់មើលទៅ "ចាស់" ហើយសមរម្យសម្រាប់តែរដូវរងាប៉ុណ្ណោះ ប៉ុន្តែជាមួយនឹងបច្ចេកទេសប៉ាក់ដោយដៃ និងការជ្រើសរើសសម្ភារៈដ៏ប៉ិនប្រសប់ សម្លៀកបំពាក់ធ្វើពីក្រណាត់កម្ញី ត្រូវបានផ្តល់កម្លាំងរស់ថ្មី។ អ្នករចនាម៉ូដ Nguyen Thanh Tam ដែលមានជំនាញខាងរចនាផលិតផលកម្ញី បានចែករំលែកថា៖ “ កាលពីអតីតកាល អាវផាយកម្ញីប៉ាក់ដោយដៃ គឺសម្រាប់តែស្ត្រីវ័យកណ្តាលប៉ុណ្ណោះ ដោយសារពាក់វា មើលទៅចាស់ជាង។ យ៉ាងណាមិញ ចាប់តាំងពីយើងបានចូលទីផ្សារជាមួយនឹងផលិតផលដូចជារ៉ូប អាវផាយ និងផលិតផលទាន់សម័យជាង ដែលមានក្បូរក្បាច់រចនាប៉ាក់បែបយុវវ័យ ដោយបញ្ចូលប្រធានបទអំពីវប្បធម៌ជាតិ និងបេតិកភណ្ឌ វៀតណាមទៅក្នុងការរចនា។ មិនត្រឹមតែផ្កាឈូកប៉ុណ្ណោះទេ ខ្ញុំក៏ធ្លាប់បានប៉ាក់ក្បូរក្បាច់រចនានៃរាជវង្ស ង្វៀន ឬកេរ្តិ៍ដំណែលក្នុងទីក្រុងហាណូយ ដូចជា Van Mieu ប្រាសាទ Ngoc Son និងផ្សារផ្កា ជាដើម ” ។ vov5_van_hoa-anh_3_4.jpg សម្លៀកបំពាក់ធ្វើពីក្រណាត់កម្ញី កាន់តែទាន់សម័យនិងសមរម្យសម្រាប់ការស្លៀកពាក់ប្រចាំថ្ងៃ។ (រូបថត៖ Tiệm Thơ) ដើម្បីធ្វើឱ្យផលិតផលធ្វើពីក្រណាត់កម្ញីរលោងបែបប្រពៃណី មានលក្ខណៈសហសម័យ សិប្បករប៉ាក់នានា បានព្យាយាមស្វែងរកទិសដៅថ្មីដោយឥតឈប់ឈរ។ ក្រោមបាតដៃដ៏រហ័សរហួនរបស់ពួកគេ ខ្សែអំបោះនីមួយៗប្រែទៅជាផ្ការីក គំនូរ Hang Trong ឬរូបភាពនៃភូមិខ្ពង់រាប វាលស្រែកាំជណ្ដើរពណ៌មាស ដែលត្រូវបានបង្កើតឡើងវិញយ៉ាងរស់រវើកនៅលើផ្ទៃក្រណាត់កម្ញី។ ដោយប្រកបរបរប៉ាក់ដោយដៃជាប្រពៃណីអស់រយៈពេល២០ឆ្នាំមកហើយ សិប្បការិនីប៉ាក់ Nguyen Thi Tuyet បានចែករំលែកថា៖ “ ការជ្រើសរើសអំបោះគឺជាជំហានសំខាន់បំផុតក្នុងការប៉ាក់។ នៅពេលជ្រើសរើសអំបោះ អ្នកត្រូវតែគូសវាតាមគំនូរ ក៏ដូចជាពណ៌ត្រូវគ្នា នៅក្នុងគំនូរនោះ។ អំបោះប៉ាក់ក៏ត្រូវបានជ្រើសរើសដោយផ្អែកលើអាយុរបស់អ្នកប្រើប្រាស់ផងដែរ។ ឧទាហរណ៍ សម្រាប់យុវវ័យ អ្នកនឹងជ្រើសរើសពណ៌ភ្លឺ និងខ្ញីបន្តិច។ សម្រាប់មនុស្សវ័យកណ្តាល អ្នកនឹងជ្រើសរើសពណ៌ងងឺតជាង។ ការប៉ាក់លើក្រណាត់កម្ញីគឺពិបាកព្រោះប្រភេទក្រណាត់នេះមានភាពរលោងខ្លាំងណាស់ ដែលនឹងបន្សល់ទុកស្លាកស្នាមប្រសិនបើអ្នកប៉ាក់មិនត្រឹមត្រូវ។ ការប៉ាក់លើក្រណាត់កម្ញីគឺពិបាកខ្លាំងណាស់។ ប្រសិនបើអ្នកប៉ាក់ខុស គឺមិនអាចកែតម្រូវបានទេ ដូច្នេះវាពិបាកជាងប្រភេទក្រណាត់ផ្សេងៗច្រើនណាស់ ” ។ អាវផាយកម្ញីប៉ាក់ គឺជានិមិត្តរូបមួយនៃវប្បធម៌ម៉ូដវៀតណាម។ មិនដូចអាវផាយកម្ញីធម្មតាទេ អាវផាយកម្ញីប៉ាក់មិនត្រឹមតែទាក់ទាញភ្នែកប៉ុណ្ណោះទេ ថែមទាំងទទួលបានការនិយមចូលចិត្តពីមនុស្សជាច្រើនដោយសារតែសម្រស់ដ៏វិសេសវិសាលនៃក្បូរក្បាច់រចនាប៉ាក់។ ក្រៅពីអាវផាយ អ្នករចនាម៉ូដវៀតណាម នាសព្វថ្ងៃនេះ បានបង្កើតផលិតផលដែលមានលក្ខណៈអនុវត្តន៍ខ្ពស់ ក្នុងជីវភាពប្រចាំថ្ងៃ ដូចជា រ៉ូបកម្ញី ក្រមាកម្ញី កាបូបកម្ញី និងគ្រឿងបន្ថែមធ្វើពីក្រណាត់កម្ញី... ជាមួយនឹងក្បូរក្បាច់រចនាប៉ាក់ដោយដៃដ៏ប្រណិត។ អ្នកស្រី Vu Thi Huong Giang ជាអ្នកគ្រប់គ្រងហាង Thơ បាននិយាយថា៖ “ ក្បូរក្បាច់រចនាប៉ាក់មិនត្រឹមតែជាកត្តាតុបតែងប៉ុណ្ណោះទេ ថែមទាំងបង្ហាញឲ្យឃើញទិដ្ឋភាពជាច្រើនអំពីរចនាប័ទ្ម និងបុគ្គលិកលក្ខណៈរបស់អ្នកពាក់ទៀតផង។ ក្បូរក្បាច់រចនាដូចជារូបសត្វនាគ ខ្លាស អណ្ដើក និងសត្វហង្ស ច្រើនតែត្រូវបានគេប្រើប្រាស់ក្នុងពិធីជប់លៀងដ៏ឱឡារិក ដើម្បីបង្ហាញពីឋានៈរបស់ស្ត្រី។ ចំណែកឯក្បូរក្បាច់រចនាដូចជា ផ្កាភ្ញី ធម្មជាតិ ត្រូវបានគេប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ” ។ នៅពេលដែលផលិតផលឧស្សាហកម្មកំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ការប៉ាក់ដោយដៃលើក្រណាត់កម្ញី នៅតែរក្សាបាននូវទីតាំងដោយឡែកនៅលើទីផ្សារ ដោយសារតែលក្ខណៈតែមួយគត់ និងតម្លៃសិប្បកម្ម ដែលមិនអាចជំនួសបាន។ តាមរយៈសម្លៀកបំពាក់ទាំងនេះ អ្នកស្លៀកពាក់មិនត្រឹមតែអាចទទួលអារម្មណ៍អំពីលក្ខណៈល្អប្រណិត តាមរយៈអំបោះប៉ាក់ដោយដៃ និងក្រណាត់កម្ញីសូត្រប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានអារម្មណ៍មោទនភាព ដោយបានរួមចំណែកក្នុងការថែរក្សាលក្ខណៈវប្បធម៌ប្រពៃណីដ៏មានតម្លៃ ដែលកំពុងរសាត់បាត់ទៅបន្តិចម្តងៗនៅក្នុងជីវភាពសម័យទំនើបទៀតផង៕
TAG
VOV/VOVWORLD/សម្លៀកបំពាក់/វៀតណាម/អាវផាយ/ក្រណាត់/កម្ញី/ប៉ាក់
Related








