ស្ថិតនៅចំកណ្តាលទីរួមស្រុកដែលកំពុងមានការរីកចំរើននោះ មានផ្ទះមួយសាង សងពីដីរបស់គ្រួសារលោក Phan Ngoc Sinh ភូមិ Dong Thanh ឃុំ Hoanh Mo ដែល មានរូបរាងគួរឲ្យចាប់អារម្មណ៍។ ព្រោះថា ក្នុងផ្ទះធ្វើពីដីមួយខ្នងនេះ នៅរក្សាបាននូវ ចង្ក្រានប្រពៃណីរបស់ជនជាតិ Tay។
លោក Phan Ngoc Sinh បានឲ្យដឹងថា សម្រាប់ជនរួមជាតិជាជន ជាតិភាគតិច រស់នៅតំបន់ព្រៃភ្នំ ភ្លើងក្នុងផ្ទះបាយមិនត្រឹមតែជានិមិត្តរូបសម្រាប់ជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវការតស៊ូដ៏ខ្លាំងក្លារបស់មនុស្សជាមួយនឹងធម្មជាតិទៀតផង៖
“ទីនេះជាតំបន់ព្រៃភ្នំ ពេលរដូវរងារអ្នកភូមិតែងតែនាំគ្នាអង្គុយជុំវិញចង្ក្រានភ្លើង ក្នុងផ្ទះបាយ។ ពេលខ្លះសីតុណ្ហាភាពចុះដល់៧និង៨ដឺក្រេ ទាំងចាស់ ទាំងក្មេងនាំគ្នាអង្គុយ ក្នុងផ្ទះ។ មានឆ្នាំខ្លះ រងារខ្លាំង គឺអង្គុយក្បែរចង្ក្រានផងនិងស្ងោនុំអន្សមផង។ ឲ្យតែ បានជួបជុំគ្រួសារ បងប្អូន អង្គុយក្បែរចង្រ្កានគឺសប្បាយហើយ”។
ចង្ក្រានក្នុងផ្ទះបាយប្រពៃណីរបស់ជនជាតិ Tay ត្រូវបានសាងពីវត្ថុសាមាញ្ញ។ ចង្ក្រានមានពីរគឺចង្ក្រានធំនិងចង្រ្កានតូច។ ចង្ក្រានធំសម្រាប់ប្រើប្រាស់ឆ្នាំងធំ ខ្ទះធំ ដើម្បីធ្វើបាយឲ្យជ្រូកស៊ីឬបិតស្រា។ រីឯចង្រ្កានតូចធ្វើពីដីឥដ្ឋគឺសម្រាប់ចម្អិនបបរ ចម្អិន ម្ហូបអាហារប្រចាំថ្ងៃ។ លោក La Siu Quang នៅទីរួមស្រុក Binh Lieu បានឲ្យដឹងថា៖
“តាំងពីជីដូនជីតាមកបានធ្វើចង្ក្រានដូច្នេះហើយ រហូតដល់ជំនាន់កូនចៅក៏ធ្វើដូច ជំនាន់ជីដូនជីតាដែរ។ គ្មានអ្វីផ្លាស់ប្តូរទេ។ ប្រពៃណីរបស់ជនជាតិ Tay គេធ្វើចង្ក្រាន របៀបម៉េចយើងនឹងគឺយើងនឹងធ្វើរបៀបនោះដែរ។ ចង្ក្រាននេះស្ងោនុំអន្សមគឺឆ្ងាញ់ អស្ចារ្យ”។
លោក La Siu Quang បានចែករំលែកថា សម្រាប់បងប្អូនជនជាតិរស់នៅតំបន់ ព្រៃភ្នំ ផ្ទះបាយតែងតែបានរៀបដាក់នៅកន្លែងដ៏ស្អាត។ ផ្ទះបាយទោះបីជាតូចក៏ដោយ ប៉ុន្តែផ្ទះបាយមួយកន្លែងនេះបានបង្កប់ក្នុងនោះនូវដង្កើមនៃជីវភាពរស់នៅប្រចាំថ្ងៃនិង លក្ខណៈវប្បធម៌ប្រពៃ ណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិភាគតិចនៅតំបន់ព្រៃភ្នំ។ ថ្វីត្បិតដូច្នេះ ផ្ទះបាយក៏ត្រូវបានអ្នកភូមិចាត់ទុកដូចជាសមាជិកមួយក្នុងគ្រួសារដែរ គឺមានពេលខ្លះសប្បាយនិងពេលខ្លះក៏មានកើតទុក្ខ។ ហេតុដូច្នេះជីដូនជីតា តែងតែបង្រៀនប្រដៅកូនចៅឲ្យរក្សាបានលក្ខណៈប្រ ពៃណីនេះដោយខានមិនបាន។ អ្នកស្រី Nong Thi Phuong កូនប្រសាររបស់លោក Quang បានសំណេះសំណាលថា៖
“នាងខ្ញុំជាកូនប្រសារ មកទីនេះ នាងខ្ញុំនៅរក្សាផ្នត់វប្បធម៌ប្រពៃណីដ៏ល្អប្រសើរ ដែលជីដូនជីតាបន្សល់ទុកមក។ ក្នុងនាមជាកូនចៅ យើងខ្ញុំនឹងគោរពតាមជានិច្ច។ ក្នុង ពិធីបុណ្យទាននិងចូលឆ្នាំថ្មីគឺកូនចៅសាច់ ញាត្តិនាំគ្នាជួបជុំនៅក្បែរចង្ក្រានភ្លើងក្នុងផ្ទះ បាយ។ បរិយាកាសគឺសប្បាយក្រៃលែង”។
ជនជាតិ Tay នៅ Binh Lieu គេជឿថា មានអ្នកតាចង្ក្រានមួយក្នុងផ្ទះបាយ។ ហេតុដូច្នេះ នៅក្បែរចង្ក្រានធំគេតែងតែដាក់បំពង់ប្ញស្សីមួយនិងចាត់ទុកនេះជាកន្លែង ដែលអ្នកតាចង្ក្រានស្នាក់នៅ។ អ្នកតាមួយអង្គនេះនឹងជួយរក្សាកុំឲ្យដាច់ភ្លើងនិងនាំមក ក្តីសុខសប្បាយ សុភមង្គលសម្រាប់សមាជិកទាំងអស់ក្នុងក្រុមគ្រួសារ។ តាមនោះ ដល់ ថ្ងៃទី១និង ទី១៥ពេញបរមីជារៀងរាល់ខែ និងថ្ងៃបុណ្យទាននានា អ្នកភូមិតែងនាំគ្នាអុជ ធូបសែនព្រេនអ្នកតាចង្ក្រានផងដែរ។
ជនជាតិ Tay គេក៏មានការកំណត់ដោយឡែករបស់ខ្លួនក្នុងការរៀបចំកន្លែងដាក់ ចង្ហ្រាន។ ពោលគឺចង្រ្កានមិនត្រូវដាក់បែរមុខទៅរក ទិសរួមនឹងទីស្ការបូជាឡើយ។ ក៏ដោយសារជន ជាតិគេចាត់ទុកចង្ក្រានក្នុងផ្ទះបាយជាអ្នកតាមួយអង្គបានជាចង្ក្រាននេះក៏ភ្ជាប់ជាមួយ ទំនៀមទម្លាប់តំណមមួយចំនួន។ ការធ្វើចង្ក្រានក៏ត្រូវប្រយ័ត្នប្រយែងនិងជ្រើសរើសថ្ងៃ ល្អទើបអាចធ្វើចង្ក្រានបាន។ ជាធម្មតា ថ្ងៃសេស ខែគូ និងថ្ងៃគូខែសេសតាមច័ន្ទកតិ សុទ្ធតែអាចជ្រើសរើសធ្វើជាថ្ងៃសាងសង់និងជួសជួលចង្ក្រានបាន។ ប៉ុន្តែថ្ងៃល្អបំផុត សម្រាប់ការងារនេះគឺថ្ងៃទី៣០មុនចូលឆ្នាំថ្មីប្រពៃណី ជាថ្ងៃដែលអ្នកតាចង្ក្រានយាង ទៅជម្រាបព្រះឥន្ទ្រនូវរឿងរ៉ាវនៅឋានកណ្តាល៕








