(VOVWORLD) - អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃទី ២ ខែកុម្ភៈបានឲ្យដឹងថា ការពន្យារពេលកិច្ចពិភាក្សារបស់ក្រុមការងារស្តីពីជម្លោះនៅអ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី (អារ៉ាប់រួម) គឺដោយ សារតែតម្រូវការពេលវេលាបន្ថែមទៀត ដើម្បីកែ សម្រួល និងឯកភាពលើកាលវិភាគការងារសមស្របក្នុងចំណោមភាគីចូលរួម។ យោងតាមលោក Peskov កិច្ចប្រជុំជុំទីពីរនៃក្រុមការងារនឹងធ្វើឡើងនៅថ្ងៃទី ៤-៥ ខែកុម្ភៈ។
លោក Peskov បានសង្កត់ធ្ងន់ថា ដំណើរការនៃការដោះស្រាយជម្លោះនៅអ៊ុយក្រែនគឺជាដំណើរការស្មុគស្មាញ និងពហុវិស័យ។ នៅក្នុងទំនាក់ទំនងមុននោះ ភាគីនានាបានផ្តល់ការវាយតម្លៃជាវិជ្ជមាន អំពីការរំពឹងទុកសម្រាប់ការសម្រេចបាននូវដំណោះស្រាយការទូតរយៈពេលវែង និងប្រកបដោយចីរភាព។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាមួយចំនួននៅតែមិនទាន់ដោះស្រាយបាន។ ភាគីរុស្ស៊ីបានបញ្ជាក់ពីជំហរបើកចំហររបស់ខ្លួន និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនា ខណៈពេលដែលក៏បានបញ្ជាក់ថា កិច្ចប្រជុំកម្រិតខ្ពស់លើបញ្ហានេះអាចធ្វើឡើងតែនៅទីក្រុងម៉ូស្គូប៉ុណ្ណោះ។
យោងតាមវិមានក្រឹមឡាំង សហរដ្ឋអាមេរិកបានទទួលស្គាល់ថា បើគ្មានការដោះស្រាយបញ្ហាទឹកដីតាមរូបមន្តដែលបានព្រមព្រៀងគ្នានៅទីក្រុង Anchorage (រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក) ទេ នឹងពិបាកក្នុងការរំពឹងថា នឹងមានដំណោះស្រាយសន្តិភាពយូរអង្វែងចំពោះជម្លោះនេះ។ ភាគីរុស្ស៊ីបានសង្កត់ធ្ងន់ថា ការដកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចេញពី Donbass ត្រូវបានចាត់ទុកថាជាលក្ខខណ្ឌដ៏សំខាន់មួយនៅក្នុងជំហររបស់រុស្ស៊ី៕








