សិប្បការិនី Ta Thu Huong និងផលិតផលមួកដួនរបស់ខ្លួន។ (រូបថត៖ VOV) |
ដោយបានយល់ឃើញពីតម្រូវការកាន់តែសម្បូរបែបរបស់អតិថិជន សិប្បការិនី Ta Thu Huong បានច្នៃប្រឌិតគំរូមួកដួនប្លែកៗជាច្រើន។ មួកដួនរបស់លោកស្រី មិនត្រឹមតែត្រូវបានប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងក្លាយជាស្នាដៃសិល្បៈជាមួយនឹងផ្ទាំងគំនូរ និងក្បូរក្បាច់រចនាដែលបានគូរយ៉ាងល្អិតល្អន់ និងហ្មត់ចត់ទៀតផង។ សិប្បការិនី Ta Thu Huong បានឲ្យដឹងបន្ថែមទៀតថា៖
“ខ្ញុំទទួលបានការបញ្ជាទិញនាំចេញបែបនេះ មិនមែនជាមួកដួនបែបប្រពៃណីទេ ប៉ុន្តែមានការកែលម្អ ប្រទេសនីមួយៗមានរចនាបទរៀងៗខ្លួន ខ្ញុំហ៊ានគិត ហ៊ានធ្វើ។ មានប្ដីប្រពន្ធជនជាតិអូស្ត្រាលីមួយគូ បានមកកាន់ភូមិ Chuong ដើម្បីបញ្ជាទិញ ប៉ុន្តែពួកគេចង់កក់ទំហំធំតូច ជាមួយនឹងគំរូចម្រុះពណ៌។ ខ្ញុំក៏ទទួលយកដែរ ហើយត្រូវធ្វើយ៉ាងណាដើម្បីមានមួកដួនតាមតម្រូវការរបស់អតិថិជន ប្រសិនបើអាចលក់ឲ្យគេ គេនឹងស្រឡាញ់យើង។ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរតែចាប់ផ្ដើមអាជីពដោយមុខរបរនេះ”។
មួកដួនសម្រាប់តុបតែងដោយមានទំហំផ្សេងៗគ្នា ត្រូវបានអតិថិជនបញ្ជាទិញពីមូលដ្ឋានសិប្បកម្មរបស់សិប្បការិនី Ta Thu Huong។ រូបថត៖ VOV |
ដោយមានការជក់ចិត្តនឹងមុខរបរនេះ លោកស្រី Ta Thu Huong ជានិច្ចកាលព្យាយាមច្នែប្រឌិតផលិតផលប្លែកៗបន្ថែមទៀត ទាក់ទាញភ្ញៀវទេសចរមកភូមិសិប្បកម្ម ដើម្បីលើកកំពស់ប្រាក់ចំណូលសម្រាប់គ្រួសារ និងអ្នកភូមិ។ ហ៊ានគិត ហ៊ានធ្វើ លោកស្រី Huong បានសាកធ្វើមួកដួនក្នុងរូបរាងផ្សេងៗគ្នាឬមួកដួនដែលប៉ាក់ទេសភាពវៀតណាមគួរឲ្យចាប់អារម្មណ៍។ ពីភូមិ Chuong មួកដួន ដែលបង្កប់នូវដួងព្រលឹងវៀតណាម បានដើរតាមភ្ញៀវទេសចរទៅជុំវិញពិភពលោក។ ជាមធ្យមជារៀងរាល់ឆ្នាំ មូលដ្ឋានផលិតកម្មរបស់សិប្បការិនី Ta Thu Huong បាននាំចេញមួកដួនពី ២ ម៉ឺន ដល់ ៣ ម៉ឺន គ្រឿង ទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប ជាមួយនឹងតម្លៃខ្ពស់ជាងតម្លៃក្នុងស្រុកច្រើនដង។ សកម្មភាពនេះមិនត្រឹមតែនាំមកនូវប្រាក់ចំណូលខ្ពស់សម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារស្ថិរភាពសម្រាប់ពលករជាង ២០ នាក់នៅមូលដ្ឋានសិប្បកម្មរបស់លោកស្រី Huong និងគ្រួសារជិតខាងនានាដោយមានប្រាក់ចំណូលជាមធ្យមពី ២ ដល់ ៥លានដុងក្នុងមនុស្សម្នាក់ក្នុងមួយខែ (ប្រហែល ៨៥- ២១៥ ដុល្លារអាមេរិក)។ លោកស្រី Huong បានចែករំលែកថា៖
“ជំហានដំបូងក៏ជួបការលំបាកខ្លាំងណាស់ ដោយគិតពីរបៀបលក់មួកដួនលើសូត្រ លក់ឲ្យអ្នកប្រើប្រាស់ដែលគេនិយមចូលចិត្ត។ ដំបូងឡើយ ធ្វើក៏ខូចដែរ ហើយខ្លះទៀតមិនអាចលក់បានទេ។ រហូតមកដល់ពេលនេះ មួកដួនលើសូត្រមានប្រជាប្រិយភាពខ្លាំងណាស់។ ក្នុងយុគសម័យ ៤.០ នេះ គឺត្រូវតែស្អាត នារីទូទាំងប្រទេសក៏និយមចូលចិត្ត ហើយលក់ដាច់ខ្លាំង។ បងប្អូនក្នុងភូមិឥឡូវនេះ មានមនុស្សច្រើនដែលចេះធ្វើមួកដួនលើសូត្រ មានការងារធ្វើ និងប្រាក់ចំណូលស្ថិរភាពជាងមួកដួនទទេរបែបប្រពៃណី”។
នៅពេលដែលជីវភាពសម័យទំនើបកំពុងធ្វើឲ្យភូមិសិប្បកម្មប្រពៃណីសាបសូន្យទៅបន្តិចម្តងៗនោះ រាល់ការលះបង់ដ៏ក្លៀវក្លារបស់សិប្បករដូចលោកស្រី Ta Thu Huong កំពុងរួមចំណែកថែរក្សាតម្លៃ អត្តសញ្ញាណវប្បធម៌ និងនិមិត្តរូបប្រពៃណីរបស់ភូមិសិប្បកម្ម។ ទន្ទឹមនឹងក្តីស្រឡាញ់ និងភាពក្លៀវក្លាចំពោះមួកដួនប្រពៃណីរបស់ប្រជាជាតិ លោកស្រី Huong ត្រូវបានមនុស្សជាច្រើនផ្ដល់កិត្តិនាមថា ជា “ឯកអគ្គរដ្ឋទូតនៃមួកដួន”។ សិប្បការិនី Ta Thu Huong មានបំណងចង់ "បញ្ជូនអណ្ដាតភ្លើងនៃការជក់ចិត្ត" នេះ ជារៀងរហូតដល់មនុស្សយ៉ាងច្រើនកុះករនៅក្នុងសង្គម៕








