(VOVWORLD) - អង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៥ ខែកុម្ភៈ បានព្រមានថា វិបត្តិមនុស្សធម៌នៅក្នុងប្រទេសសូម៉ាលីកំពុងអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានមនុស្សជិត ៦,៥ លាននាក់កំពុងប្រឈមមុខនឹងស្ថានភាពអត់ឃ្លានកម្រិតខ្ពស់ និងកុមារជាង ១,៨ លាននាក់ប្រឈមនឹងហានិភ័យនៃកង្វះអាហារូបត្ថម្ភស្រួចស្រាវដោយសារតែគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។
ការព្រមាននេះត្រូវបានចេញ បន្ទាប់ពីរបាយការណ៍ចំណាត់ថ្នាក់សន្តិសុខស្បៀងអាហារ (IPC) បានព្យាករថា ប្រហែលមួយភាគបីនៃចំនួនប្រជាជនសូម៉ាលី ដែលស្មើនឹង ៦,៥ លាននាក់ នឹងប្រឈមមុខនឹងវិបត្តិអត់ឃ្លាន ឬកាន់តែអាក្រក់ជាងនេះទៅទៀត នៅខែមីនាខាងមុខ កើនឡើង ១,៧ លាននាក់បើប្រៀបធៀបទៅនឹងខែមករា។
របាយការណ៍នេះក៏បានប៉ាន់ប្រមាណផងដែរថា មនុស្សប្រហែល ២ លាននាក់កំពុងស្ថិតក្នុងស្ថានភាពអត់ឃ្លានធ្ងន់ធ្ងរ ខណៈដែលកុមារជាង ១,៨ លាននាក់ដែលមានអាយុក្រោម ៥ ឆ្នាំប្រឈមនឹងហានិភ័យនៃកង្វះអាហារូបត្ថម្ភស្រួចស្រាវនៅឆ្នាំ ២០២៦ ដោយមានកុមារជិត ៥ សែននាក់អាចខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
គ្រោះរាំងស្ងួតបានបំផ្លិចបំផ្លាញផលិតកម្មកសិកម្ម បណ្តាលឱ្យមានការខូចខាតយ៉ាងទូលំទូលាយដល់ដំណាំនិងសត្វចិញ្ចឹម ព្រមទាំងបង្កឱ្យកើតមានការចំណាកស្រុកទ្រង់ទ្រាយធំនៅប្រទេសសូម៉ាលីផងដែរ៕








