logo

Eid al-Fitr - ពិធីបុណ្យដ៏សំខាន់របស់​ជន​ឥស្លាមនៅឥណ្ឌូនេស៊ី និងវៀតណាម

2026/3/29 | 06:40:00
(VOVWORLD) - បន្ទាប់ពីខែរ៉ាម៉ាដាននៃការបួងសួងនិងការតមអាហារ សាសនិកឥស្លាមនៅទូទាំងពិភពលោក បានចូលរួមអបអរសាទរពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំ គឺពិធីបុណ្យ Eid al-Fitr។ នេះជាពិធីបុណ្យដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅអំពី  សេចក្តីដឹងគុណ ការចែករំលែក និងស្មារតីសាមគ្គីភាពក្នុងសហគមន៍។ ដោយសារត្រូវបានកំណត់តាមប្រតិទិនឥស្លាម (ចន្ទគតិ) ពេលវេលាប្រព្រឹត្តទៅពិធីបុណ្យ Eid al-Fitr មានការផ្លាស់ប្តូរជារៀងរាល់ឆ្នាំ ហើយក៏មិនដូចគ្នាទៅតាមប្រទេសនីមួយៗផងដែរ។ 

នៅឥណ្ឌូនេស៊ី - ប្រទេសដែលមានសហគមន៍ឥស្លាមធំជាងគេបំផុតនៅលើពិភពលោក - ពិធីបុណ្យនេះត្រូវបានហៅថា Hari Raya Idul Fitri ឬ Lebaran ដែលមិនត្រឹមតែមានអត្ថន័យខាងជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កប់ដោយសម្រស់វប្បធម៌ប្រពៃណីជាច្រើន ដែលត្រូវបានថែរក្សាពីជំនាន់មួយទៅជំនាន់មូយ។ ឆ្នាំនេះ ពិធីបុណ្យ Idul Fitri ចំនឹងថ្ងៃទី ២១ ខែមីនា។

ក្នុងពន្លឺអរុណ នាថ្ងៃដំបូងនៃពិធីបុណ្យ Idul Fitri នៅតាមវិហារឥស្លាម និងតំបន់លំនៅដ្ឋានទូទាំងប្រទេសឥណ្ឌូនេស៊ី សាសនិកឥស្លាមរាប់លាននាក់បានធ្វើការបួងសួងដល់ព្រះអល់ឡោះ ដោយចាប់ផ្តើមពិធីបុណ្យនៃការជួបជុំគ្នា សេចក្តីស្រឡាញ់ និងអធ្យាស្រ័យ។
ប្រជាជនឥណ្ឌូនេស៊ី វិលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីអប់អរសាទរពិធីបុណ្យ Eid al-Fitr - ពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំ។ រូបថត៖ VNA

ដើម្បីមានពេលវេលាជួបជុំគ្នាជាមួយគ្រួសារ តាំងពីមួយសប្តាហ៍មុន ប្រជាជនឥណ្ឌូនេស៊ីជាច្រើនបានចាប់ផ្តើមដំណើរវិលត្រឡប់ទៅស្រុកកំណើតវិញ ដែលហៅថា "mudik"។

"សម្រាប់ប្រជាជនឥណ្ឌូនេស៊ី mudik មានសារៈសំខាន់ខ្លាំងណាស់។ នេះជាឱកាសសម្រាប់វិលត្រឡប់មកផ្ទះវិញ ក្រោយរយៈពេលមួយឆ្នាំធ្វើការនៅឆ្ងាយពីក្រុមគ្រួសារ។ នៅពេលដែលយើងត្រលប់មកផ្ទះវិញ ក្រុមគ្រួសារទាំងមូលរួមគ្នាអធិស្ឋាន ពិសារអាហារ និងចំណាយពេលជាមួយគ្នា។ Idul Fitri គឺស្រដៀងគ្នាទៅនឹងបុណ្យតេតប្រពៃណីវៀតណាម ដែលជាថ្ងៃពិធីបុណ្យដ៏សំខាន់ និងជាឱកាសសម្រាប់ជួបជុំគ្រួសារ"។

លោក Setiawan Minarjo ជាជនជាតិឥណ្ឌូនេស៊ីម្នាក់ រស់នៅ និងធ្វើការនៅទីក្រុងហាណូយ បានឲ្យដឹងថា លោកបានត្រៀមរៀបចំកាដូសម្រាប់ឪពុកម្តាយ និងក្មួយៗ... ដើម្បីត្រឡប់ទៅស្រុកកំណើតនៅខេត្ត  Yogyakarta ប្រទេសឥណ្ឌូនេស៊ី ដើម្បីអបអរសារទរពិធីបុណ្យ Idul Fitri។  

នាំកាតំ - Ketupat ជាមុខម្ហូបប្រពៃណីដែលមិនអាចខ្វះបានក្នុងពិធីបុណ្យដ៏សំខាន់នេះ។ រូបថត៖ VNA

នៅក្នុងផ្ទះបាយដ៏កក់ក្ដៅ ក្រុមគ្រួសាររបស់លោក Setiawan បានរួមគ្នាវេចនំកាតំ (Ketupat) ជាមុខម្ហូបប្រពៃណីដែលមិនអាចខ្វះបានក្នុងពិធីបុណ្យដ៏សំខាន់នេះ។ បន្ទាប់ពីចម្អិនរួច នំកាតំមានរសជាតិឈ្ងុយឆ្ងាញ់និងក្លិនក្រអូប ហើយជាធម្មតាត្រូវបានពិសារជាមួយការីសាច់មាន់ ឬ rendang (សម្លរសាច់គោ)។ មិនត្រឹមតែជាអាហារមួយមុខនោះទេ នាំកាតំក៏តំណាងឱ្យភាពបរិសុទ្ធ និងការដឹងគុណបន្ទាប់ពីតមអាហាររយៈពេលមួយខែផងដែរ។ លោកស្រី Irma Gustini ជនឥណ្ឌូនេស៊ីម្នាក់បានចែករំលែកថា៖ “សម្រាប់ពួកយើង នំកាតំមិនគ្រាន់តែជាអាហារមួយមុខសម្រាប់ពិធីបុណ្យ Idul Fitri នោះទេ ប៉ុន្តែក៏មានសារៈសំខាន់ពិសេសដែរ។ ឈ្មោះ Ketupat Lebaran តំណាងឲ្យ “ngaku lepat” មានន័យថា ការទទួលស្គាល់កំហុស។ នំកាតំក៏តំណាងឱ្យសាមគ្គីភាព ភាពសាមញ្ញ និងភាពបរិបូរណ៍ផងដែរ។ រាងការ៉េរបស់នំ Ketupat ក៏ជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពស្មោះត្រង់ផងដែរ។ លើសពីនេះ ការធ្វើនំ ketupat ដែលទាមទារនូវភាពផ្ចិតផ្ចង់និងការអត់ធ្មត់ ក៏បានបង្ហាញពីភាពស្វិតស្វាញ និងភាពប្រុងប្រយ័ត្នក្នុងជីវិតផងដែរ”

នៅថ្ងៃដំបូងនៃ Idul Fitri បន្ទាប់ពីការអធិស្ឋានពេលព្រឹកព្រលឹម មនុស្សម្នាតែងតែចាប់ដៃគ្នា ឱបគ្នា និងនិយាយពាក្យថា “Mohon maaf lahir dan batin” (សុំការអភ័យទោសចំពោះទោសកំហុសទាំងឡាយ)។ ក្រៅពីនេះ គ្រួសារជាច្រើននៅតែរក្សាប្រពៃណីនៃការទៅទស្សនាផ្នូររបស់ដូនតា និងសាច់ញាតិដែលបានចែកឋានទៅ។ ពួកគេបោសសម្អាតផ្នូរ ដាក់ផ្កា និងអធិស្ឋាន។ នេះជាវិធីមួយដើម្បីបង្ហាញពីការដឹងគុណ រំលឹកវិញ្ញាណក្ខណ្ឌអ្នកស្លាប់ ហើយរំលឹកដល់មនុស្សជំនាន់ក្រោយអំពីប្រពៃណីគ្រួសារ។

បរិយាកាសពិធីបុណ្យ Eid al Fitri នៅខេត្ត អានយ៉ាង។ 

មិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌូនេស៊ីទេ តម្លៃវប្បធម៌នៃពិធីបុណ្យ Idul Fitri ក៏ត្រូវបានថែរក្សានៅក្នុងសហគមន៍ជនឥស្លាមនៅប្រទេសវៀតណាមផងដែរ។ ទោះបីជាចំនួនសាសនិកឥស្លាមនៅវៀតណាមមិនច្រើនក៏ដោយ មានត្រឹមតែប្រហែល ៧០.០០០ នាក់ប៉ុណ្ណោះ (យោងតាមស្ថិតិរបស់ គណៈកម្មការរដ្ឋាភិបាលទទួលបន្ទុកកិច្ចការសាសនា) ប៉ុន្តែជីវភាពខាងសាសនារបស់សហគមន៍ជនឥស្លាមនៅតែរស់រវើកយ៉ាងខ្លាំង នៅក្នុងតំបន់ដូចជាទីក្រុងហូជីមិញ ខេត្តអានយ៉ាង និងខេត្តខាញ់ហ័រ។ លោក U Mo សាសនិកឥស្លាមម្នាក់នៅខេត្តអានយ៉ាង បានចែករំលែកថា៖ “ពិធីបុណ្យ Eid al Fitri របស់សាសនិកឥស្លាមនៅវៀតណាមមានភាពស្រដៀងគ្នាជាច្រើនទៅនឹងបុណ្យតេតប្រពៃណីវៀតណាម។ មនុស្សម្នាទៅលេងសាច់ញាតិ ហើយកុមារទទួលបានអាំងប៉ាវ។ ប៉ុន្តែ មិនមានគ្រឿងស្រវឹងនៅក្នុងពិធីបុណ្យនេះទេ។ ជាធម្មតានៅពេលយប់ យើងបានដុតភ្លើងទៀននៅមុខផ្ទះ ហើយកុមារកាន់ចង្កៀងគោមទៅលេងជុំវិញឃុំ។ គ្រួសារនីមួយៗរៀបចំអាហារសម្រាប់ទិវាបុណ្យ និងរៀបចំសម្លៀកបំពាក់ដ៏ស្រស់ស្អាតដើម្បីស្លៀកពាក់ទៅវិហារឥស្លាម និងទទួលភ្ញៀវ។ បរិយាកាសមានភាពរស់រវើក និងរីករាយខ្លាំងណាស់”។

ស្ថានទូតនៃបណ្តាប្រទេសអារ៉ាប់ និងឥស្លាមប្រចាំនៅវៀតណាមក៏បានរៀបចំពិធីអបអរសាទរ ដោយឧទ្ទេសនាមវប្បធម៌និងម្ហូបអាហារប្លែកៗដល់មិត្តភក្តិវៀតណាម។ នៅក្នុងព្រឹត្តិការណ៍នេះ សហគមន៍ឥស្លាមបានចូលរួមពិធីប្រពៃណីក្នុងឱកាសពិធីបុណ្យ Eid al-Fitr ជួបជុំគ្នា និងរួមគ្នារីករាយជាមួយម្ហូបពិសេសរបស់ប្រទេសនីមួយៗ ដែលរួមចំណែកដល់ការពង្រឹងសាមគ្គីភាព ការយោគយល់គ្នាទៅវិញទៅមក និងរឹតចំណងមិត្តភាពរវាងសហគមន៍។

មិនថានៅទីណាក្នុងពិភពលោកក៏ដោយ ស្មារតីនៃពិធីបុណ្យ Eid al-Fitr នៅតែដដែល នោះគឺការជួបជុំគ្នា ការដឹងគុណ និងការអធ្យាស្រ័យ។ ដំណើរ "mudik" នំកាតំ និងពាក្យជូនពរសូមឲ្យមានភាពសុខសាន្ត ... ទាំងអស់នេះបានរួមចំណែកបង្កើតជាសម្រស់វប្បធម៌ដ៏វិសេសវិសាល និងមិនអាចខ្វះបានរបស់សាសនិកឥស្លាមម្នាក់ៗក្នុងឱកាសពិធីបុណ្យដ៏ពិសិដ្ឋនេះ៕

TAG
VOV/VOVworld/Eid al-Fitr/ពិធីបុណ្យ/សាសនា​​ឥស្លាម/ឥណ្ឌូនេស៊ី/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត