នេះមិនត្រឹមតែជាឱកាសមួយដើម្បីក្រឡេកមើលឡើងវិញនូវផ្ទាំងគំនូរនៃការវិនិយោគបច្ចេកវិទ្យានិងនវានុវត្តន៍នៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់លាស់អំពីការប្តេជ្ញាចិត្តក្នុងការបន្តកែទម្រង់ស្ថាប័ន បង្កើនសមត្ថភាពប្រកួតប្រជែង និងទាក់ទាញលំហូរមូលធនដែលមានគុណភាពខ្ពស់នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីទៀតផង។

ដាក់សហគ្រាសនៅកណ្តាលនៃកំណែទម្រង់

នៅក្នុងបរិបទដែលការប្រកួតប្រជែងសកលកាន់តែខ្លាំងឡើង ប្រទេសជាច្រើនកំពុងជំរុញខ្លាំងការទាក់ទាញមូលធនចូលទៅក្នុងវិស័យយុទ្ធសាស្ត្រ ដូចជា បញ្ញាសិប្បនិម្មិត ស៊ីមីកុងដុកទ័រ ទិន្នន័យធំ និងបច្ចេកវិទ្យាបៃតង។ ប្រទេសវៀតណាមក៏កំពុងចូលរួមយ៉ាងសកម្មនៅក្នុងនិន្នាការនេះផងដែរ។

ប្រការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈគោលជំហរ និងគោលនយោបាលសំខាន់ៗជាច្រើននាពេលកន្លងមក ដូចជាសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៥៧ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ; សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន រួមជាមួយនឹងច្បាប់ទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកវិទ្យាខ្ពស់ ប្រតិបត្តិការអេឡិចត្រូនិក ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត។ រដ្ឋាភិបាលក៏កំពុងជំរុញយន្តការ sandbox (ពិសោធន៍) សម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) បញ្ញាសិប្បនិម្មិត (AI) ស៊ីមីកុងដុកទ័រ និងគំរូអាជីវកម្មថ្មីៗ ដើម្បីបង្កើតលំហសម្រាប់នវានុវត្តន៍រីកចម្រើនផងដែរ។

ជាពិសេស នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តចំនួន ៨ ដោយលុបចោលនីតិវិធីរដ្ឋបាលចំនួន ១៨៤ និងលក្ខខណ្ឌអាជីវកម្មចំនួន ៨៩០។ ចលនាទាំងនេះទទួលបានការវាយតម្លៃជាវិជ្ជមានពីសហគមន៍ធុរកិច្ច និងវិនិយោគិន។ លោក Max-F. Scheichenost សមាជិកស្ថាបនិកនៃក្រុមប្រឹក្សាភិបាលនៃអង្គការអភិវឌ្ឍន៍វិនិយោគមូលធនឯកជនវៀតណាម ស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិ NGF Partner បានធ្វើអត្ថាធិប្បាយថា៖

“ខ្ញុំបានវិនិយោគនៅក្នុងទីផ្សារជាច្រើននៅតាមប្រទេសផ្សេងៗគ្នា។ ខ្ញុំបានសង្កេតឃើញថាការកាត់បន្ថយនីតិវិធីរដ្ឋបាលគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិនិយោគិន។ ក្នុងឆ្នាំ ២០១៤ នៅពេលដែលខ្ញុំបានវិនិយោគជាលើកដំបូងនៅក្នុងប្រទេសវៀតណាម ខ្ញុំត្រូវចំណាយពេលច្រើនខែដើម្បីទទួលបានអាជ្ញាប័ណ្ណវិនិយោគ។ នេះបណ្តាលឱ្យវិនិយោគិនរង់ចាំយូរពេក។ ដូច្នេះ ការដែលរដ្ឋាភិបាលវៀតណាមបានប្រកាសនាពេលថ្មីៗនេះអំពីការកាត់បន្ថយនីតិវិធីរដ្ឋបាល និងកាត់បន្ថយពេលវេលាសម្រាប់ការផ្ដល់អាជ្ញាប័ណ្ណគឺជាជំហានដ៏សំខាន់មួយដើម្បីទាក់ទាញវិនិយោគិនបរទេស និងគម្រោងធំៗ”។

ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់មួយទៀត គឺវិធីអភិក្រមចំពោះនវានុវត្តន៍ឥឡូវនេះ កាន់តែបើកចំហរ និងជាក់ស្ដែងជាងមុន។ ប្រសិនបើពីមុនក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម ត្រូវបានគេមើលឃើញត្រឹមតែជាគំរូពិសោធន៍តែប៉ុណ្ណោះ គឺវិស័យចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតឥឡូវនេះត្រូវបានទទួលស្គាល់ជាកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច។

ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ មូលនិធិវិនិយោគលើសហគ្រាសចាប់ផ្តើមអាជីវកម្ម ឬកម្មវិធីតភ្ជាប់ក្រុមហ៊ុនបច្ចេកវិទ្យាជាមួយវិនិយោគិនអន្តរជាតិ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដែលមានកម្លាំងប្រកួតប្រជែងគ្រប់គ្រាន់នៅក្នុងតំបន់។ លោក Michael Driol អគ្គនាយកក្រុមហ៊ុន Mekong Partner បានបញ្ជាក់ថា៖

“វៀតណាមកំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលផ្អែកលើថ្លៃដើម ទៅជាសេដ្ឋកិច្ចដែលផ្អែកលើសមត្ថភាព។ ប្រការនេះមានន័យថា មានវិស្វករកាន់តែច្រើន ធនធានមនុស្សមានគុណភាពកាន់តែខ្ពស់ សេវាកម្មរួមបញ្ចូលគ្នាកាន់តែច្រើន ហើយសហគ្រាសក្នុងស្រុកកាន់តែខ្លាំងក្លា និងមានសមត្ថភាពប្រកួតប្រជែងជាសកល”។

អះអាងការប្តេជ្ញាចិត្តក្នុងការកែទម្រង់និងអមដំណើរវិជាមួយនិយោគិន

នៅក្នុងបរិបទដែលលំហូរវិនិយោគអន្តរជាតិមានការប្រុងប្រយ័ត្នកាន់តែខ្លាំង និងតម្រូវការកាន់តែខ្ពស់ សម្រាប់តម្លាភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនោះ វៀតណាមកំពុងផ្ញើសារដ៏ច្បាស់លាស់អំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកែទម្រង់ និងអមដំណើរជាមួយវិនិយោគិន។

ដូច្នេះ ការចេញផ្សាយរបាយការណ៍វិនិយោគបច្ចេកវិទ្យានិងនវានុវត្តន៍វៀតណាមឆ្នាំ ២០២៦ មិនត្រឹមតែមានអត្ថន័យទាក់ទងនឹងការស្ថិតិ ឬវិភាគទីផ្សារប៉ុណ្ណោះទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀត វាគឺជាឱកាសមួយដើម្បីបញ្ជាក់ពីសេចក្តីប្រាថ្នាក្នុងការកសាងសេដ្ឋកិច្ចដោយផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលវិស័យឯកជន ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម ក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើននៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសមួយសម្រាប់ប្រទេសវៀតណាម បង្ហាញសារអំពីបរិយាកាសវិនិយោគដែលកាន់តែបើកចំហរ ទំនើប និងឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ លោកស្រី Le Hoang Uyen Vy នាយិកាប្រតិបត្តិក្រុមហ៊ុន Do Ventures ដែលជាសហអ្នករៀបចំវេទិកាវិនិយោគបច្ចេកវិទ្យានិងនវានុវត្តន៍វៀតណាម ឆ្នាំ២០២៦ បានឲ្យដឹងថា៖

“យើងចង់ចែករំលែកជាមួយវិនិយោគិនទាំងអស់នៅទូទាំងពិភពលោកថា ប្រទេសវៀតណាមកំពុងឆ្លងកាត់ការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ ដើម្បីអាចកៀរគរលំហូរមូលធនចូលទៅក្នុងវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រនានា។ ពីនោះ ទាំងវិនិយោគិន និងក្រុមហ៊ុនដែលទទួលបានការវិនិយោគ នឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍ ដែលជួយប្រទេសវៀតណាមឱ្យក្លាយជាប្រទេសឈានមុខគេក្នុងវិស័យនវានុវត្តន៍ និងវិទ្យាសាស្ត្របច្ចេកវិទ្យា”។

អាចមើលឃើញថា ការផ្លាស់ប្តូរការត្រិះរិះកំណែទម្រង់បរិយាកាសវិនិយោគ និងអាជីវកម្ម កំពុងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រទេសវៀតណាម ដើម្បីពង្រឹងទំនុកចិត្តជាមួយសហគមន៍ធុរកិច្ចនិងវិនិយោគិនអន្តរជាតិ។ នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី នេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយ ដើម្បីជួយសេដ្ឋកិច្ចឱ្យបង្កើនសមត្ថភាពប្រកួតប្រជែង ទាក់ទាញធនធានមនុស្សដែលមានគុណភាពខ្ពស់ និងឆ្ពោះទៅរកគោលដៅកំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព៕