នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៤៥ រយៈពេលជាងពីរខែ បន្ទាប់ពីទិវាបង្កើតវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ លោកប្រធានហូជីមិញបានអញ្ជើញចូលរួមជាផ្ទាល់ និងធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធសាកលវិទ្យាល័យឯករាជ្យវៀតណាមលើកដំបូងនៅសាលាសាកលវិទ្យាល័យជាតិ ដែលបច្ចុប្បន្នជាសាកលវិទ្យាល័យ ជាតិហាណូយ។ ព្រឹត្តិការណ៍នេះបានបង្ហាញពីទស្សនៈគោរពនិងឲ្យតម្លៃលើទេពកោសល្យ ដើម្បីដាស់សេចក្តីប្រាថ្នាក្នុងការកសាងប្រទេសជាតិខ្លាំងមាំមួន វិបុលភាព។

ចក្ខុវិស័យយុទ្ធសាស្ត្រ

នៅបរិបទមួយដែលប្រទេសជាតិ កំពុងតែ​តស៊ូជាមួយ “សត្រូវនៃភាពអត់ឃ្លាន ភាពល្ងង់ខ្លៅ និងសត្រូវឈ្លានពាន” វត្តមានរបស់លោកប្រធានហូជីមិញនៅក្នុងពិធីបើកសម្ពោធបានបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់អគ្គមគ្គុទេសមួយរូបគឺ៖ ចង់រក្សាឯករាជ្យភាព និងកសាងប្រទេសជាតិ ចាំបាច់ត្រូវបំភ្លឺបញ្ញាក្នុងប្រជាជន ធ្វើឱ្យបញ្ញារស់ឡើងវិញ និងកសាងប្រព័ន្ធសាកលវិទ្យាល័យថ្មីសម្រាប់ប្រទេសជាតិ។

វត្តមានរបស់ប្រមុខរដ្ឋាភិបាលនៅសាកលវិទ្យាល័យជាតិវៀតណាមក៏បានបញ្ជាក់ពីតួនាទីដ៏សំខាន់នៃការអប់រំកម្រិតឧត្តមសិក្សានៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិផងដែរ។ សាកលវិទ្យាល័យមិនត្រឹមតែជាកន្លែងសម្រាប់ផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលកម្មាភិបាល និងបញ្ញវន្តផងដែរ - ដែលជាកម្លាំងស្នូលដែលចូលរួមដោយផ្ទាល់ក្នុងការកសាង និងការពារមាតុភូមិ។

នៅក្នុងពិធីនោះ លោកប្រធានហូជីមិញបានសង្កត់ធ្ងន់លើតួនាទីនៃចំណេះដឹង និងការអប់រំក្នុងបុព្វហេតុនៃការកសាងជាតិ ដោយបញ្ជាក់ថា៖ “ប្រជាជាតិដែលល្ងង់ខ្លៅគឺជាប្រជាជាតិដែលអន់ខ្សោយ”។ ដំបូន្មាននោះបានក្លាយជាត្រីវិស័យ និងជាប្រភពនៃការលើកទឹកចិត្តដ៏ធំធេងសម្រាប់គ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យជាតិហាណូយក្នុងបរិបទដែលប្រទេសជាតិនៅតែជួបការលំបាក; ហើយក៏បានផ្ញើសារដ៏រឹងមាំមួយថា៖ បញ្ញវន្ត និងការអប់រំគឺជាផ្នែកមួយដែលមិនអាចបំបែកចេញពីបដិវត្តន៍បានឡើយ។ គ្រូបង្រៀន និងនិស្សិត មិននៅខាងក្រៅការតស៊ូជាតិទេ ប៉ុន្តែជាកម្លាំងសំខាន់ដែលរួមចំណែកដល់ជ័យជម្នះរយៈពេលវែងរបស់ប្រទេសជាតិ។

ចក្ខុវិស័យថ្មីលើតួនាទីរបស់បញ្ញាវ័ន្ននិងសាកលវិទ្យាល័យ

រយៈពេលជាង ៨០ ឆ្នាំក្រោយមក នៅសាកលវិទ្យាល័យជាតិហាណូយ នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ ក្នុងឱកាសខួបលើកទី ១២០ នៃការបង្កើតសាកលវិទ្យាល័យជាតិហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានអញ្ជើញចូលរួម និងបានថ្លែងសារដ៏សំខាន់មួយស្តីពីតួនាទីរបស់សាកលវិទ្យាល័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញវន្តក្នុងការអភិវឌ្ឍអនាគតថ្មីរបស់ប្រទេសជាតិ។ ដូច្នេះ សាកលវិទ្យាល័យជាតិហាណូយលែងត្រូវបានគេមើលឃើញជាស្ថាប័នអប់រំជាទៀតហើយ ប៉ុន្តែឥឡូវនេះត្រូវបានដាក់ក្នុងទីតាំងនៃហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាតិ។

លោក អគ្គលេខាបក្ស ប្រធានរដ្ឋ មិនត្រឹមតែបានសង្កត់ធ្ងន់លើភារកិច្ចនៃការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ឬការកែលម្អចំណាត់ថ្នាក់សិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រគល់ភារកិច្ចសំខាន់ៗ ដល់សាកលវិទ្យាល័យជាតិហាណូយ ដែលភ្ជាប់ដោយផ្ទាល់ទៅនឹងការប្រកួតប្រជែង និងការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសជាតិពោលគឺ៖ ជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យបញ្ញាសិប្បនិម្មិត ស៊ីមីកុងដុកទ័រ ជីវបច្ចេកវិទ្យា សម្ភារៈថ្មី ទិន្នន័យធំ បច្ចេកវិទ្យាបៃតង និងនវានុវត្តន៍។ នេះមិនមែនគ្រាន់តែជាបញ្ជីនៃវិស័យបច្ចេកវិទ្យាអាទិភាពនោះទេ។ នោះគឺជាផែនទីនៃការប្រកួតប្រជែងសកលនៅសតវត្សរ៍ទី ២១។

ការដែល លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមតម្រូវឲ្យសាកលវិទ្យាល័យជាតិហាណូយក្លាយជាសាកលវិទ្យាល័យលំដាប់ខ្ពស់ ដោយមានគោលបំណងក្លាយជាសាកលវិទ្យាល័យកំពូលៗនៅអាស៊ី និងពិភពលោក មិនមែនគ្រាន់តែជាការសិក្សា ឬកិត្យានុភាពនោះទេ។​ នេះជាការឆ្លុះបញ្ចាំងពីការយល់ដឹងជាយុទ្ធសាស្ត្រថា ដើម្បីឈានដល់កម្រិតខ្ពស់នៃការអភិវឌ្ឍ វៀតណាមត្រូវតែកសាងមជ្ឈមណ្ឌលបញ្ញាដែលមានសមត្ថភាពចូលរួមក្នុងការប្រកួតប្រជែងជាសកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម មិនត្រឹមតែដាក់ការអប់រំកម្រិតឧត្តមសិក្សានៅចំកណ្តាលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីចក្ខុវិស័យថ្មីនៃតួនាទីរបស់បញ្ញាវ័ន្ននៅក្នុងសតវត្សរ៍ទី ២១ ទៀតផង។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យសាកលវិទ្យាល័យជាតិហាណូយត្រូវក្លាយជាមជ្ឈមណ្ឌលឈានមុខគេសម្រាប់នវានុវត្តន៍ មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មជ្ឈមណ្ឌលភ្ជាប់ចំណេះដឹងជាមួយនឹងការអភិវឌ្ឍ មជ្ឈមណ្ឌលសម្រាប់ការប្រឹក្សាគោលនយោបាយយុទ្ធសាស្ត្រ និងជាមជ្ឈមណ្ឌលសម្រាប់ការទូតសិក្សារបស់ប្រទេសជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានសង្កត់ធ្ងន់ថា៖ “ឈានចូលដល់យុគសម័យថ្មី តម្រូវការសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ ទាមទារឱ្យសាកលវិទ្យាល័យជាតិហាណូយត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើសកម្មភាពយ៉ាងខ្លាំងក្លាថែមទៀត និងសម្រេចបាននូវរបកគំហើញសំខាន់ៗ ដើម្បីបំពេញតាមឋានៈ និងបេសកកម្មរបស់សាកលវិទ្យាល័យជាតិ។ បក្សរបស់យើងបានព្រមានម្តងហើយម្តងទៀតថា ការធ្លាក់ពីក្រោយគឺជាគ្រោះថ្នាក់ដ៏ធំធេង ដែលគំរាមកំហែងដល់ជោគវាសនា និងអនាគតរបស់ប្រទេសជាតិ។ ការថយក្រោយនៃការអភិវឌ្ឍកើតចេញពីការថយក្រោយនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងខ្លឹមសារចំណេះដឹងក្នុងផលិតកម្ម សេវាកម្ម និងអភិបាលកិច្ចជាតិ។ នៅក្នុងយុគសម័យនៃសកលភាវូបនីយកម្ម និងបដិវត្តន៍បច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ការថយក្រោយមានន័យថា ការពឹងផ្អែក ភាពទន់ខ្សោយ និងការបាត់បង់ឱកាសសម្រាប់ការរីកចម្រើន”។

សុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម អាចត្រូវបានចាត់ទុកថាជា ការអំពាវនាវសម្រាប់មជ្ឈដ្ឋានបញ្ញាវ័ន្នវៀតណាម។ យ៉ាងណាមិញ ន័យក្នុងសារនេះ គឺជាការរំពឹងទុកយ៉ាងច្បាស់លាស់មួយ៖ បញ្ញាវ័ន្នគឺមិនឈរនៅពីក្រៅពីបញ្ហាសំខាន់ៗរបស់ប្រទេសឡើយ។ ហើយសាកលវិទ្យាល័យមិនត្រូវនៅពីក្រៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឡើយ; វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមិនត្រូវនៅពីក្រៅការប្រកួតប្រជែងសកលអំពី បច្ចេកវិទ្យា និងនវានុវត្តន៍នោះទេ។ ប្រទេសជាតិត្រូវការបញ្ញវន្តដើម្បីចូលរួមដោយផ្ទាល់នៅក្នុង "រណសិរ្សអភិវឌ្ឍន៍" ថ្មីនៃសម័យកាល។

ប្រសិនបើនៅឆ្នាំ ១៩៤៥ ដោយមានការណែនាំរបស់លោកប្រធានហូជីមិញ តួនាទីរបស់សាកលវិទ្យាល័យជាតិហាណូយត្រូវបានភ្ជាប់ទៅនឹងសេចក្តីប្រាថ្នានៃការកសាងប្រទេសជាតិឯករាជ្យ និងសេរី គឺបច្ចុប្បន្ននេះ សាកលវិទ្យាល័យជាតិហាណូយត្រូវបានដាក់នៅចំកណ្តាលនៃសេចក្តីប្រាថ្នាដើម្បីនាំប្រទេសវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍តាមរយៈចំណេះដឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាប្រទេសជាតិដែលកាន់តែមាំមួន និងវិបុលភាព ដោយប្រជាជនរបស់ខ្លួនទទួលបានសុខុមាលភាព និងសុភមង្គលជាង៕