នៅថ្ងៃទី ២០ ខែឧសភា មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយ ស្តីពីយុត្តិធម៌អាកាសធាតុ។ ទន្ទឹមនឹងនេះ របាយការណ៍នាថ្ងៃទី ២១ ខែឧសភា ដោយអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបង្ហាញថា បណ្តាប្រទេសអ្នកមានបន្តចូលរួមចំណែកកាន់តែច្រើនដល់ហិរញ្ញវត្ថុអាកាសធាតុ។

សេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្រ

ដោយមានសំឡេងគាំទ្រចំនួន ១៤១ និងសំឡេងប្រឆាំងចំនួន ៨ មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ២០ ខែឧសភា បានអនុម័តលើសេចក្តីសម្រេចចិត្ត ដែលបញ្ជាក់ជាថ្មីម្តងទៀតអំពីកាតព្វកិច្ចរបស់បណ្តាប្រទេស ក្នុងការអនុវត្តការសន្យាដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុក្រោមច្បាប់អន្តរជាតិ។ ឯកសារនេះសំដៅជំរុញការអនុវត្តការប្រឹក្សារបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីខែកក្កដា ឆ្នាំ២០២៥ ដែលចែងថា ប្រទេសដែលមិនបំពេញតាមការសន្យាអាកាសធាតុ អាចនឹងត្រូវបានចាត់ទុកជាការរំលោភបំពានលើច្បាប់អន្តរជាតិ និងត្រូវការសងការខូចខាតដល់ប្រទេសដែលរង ផលប៉ះពាល់។ អង្គការសហប្រជាជាតិបានស្វាគមន៍ចំពោះការប្រឹក្សារបស់ ICJ ហើយបានអំពាវនាវដល់បណ្តាប្រទេស ឱ្យគោរពកាតព្វកិច្ចរបស់ខ្លួន ដើម្បីការពារអាកាសធាតុ និងកាត់បន្ថយការឡើងកំដៅភពផែនដី។

ការអនុម័តលើ​សេចក្តីសម្រេចចិត្តនេះ ទោះបីជាមានការជំទាស់ពីប្រទេសធំៗ រួមទាំងសហរដ្ឋអាមេរិកក៏ដោយ ត្រូវបានចាត់ទុកជាជំហានឆ្ពោះទៅមុខដ៏សំខាន់ ក្នុងការជំរុញយុត្តិធម៌អាកាសធាតុ។ ទោះបី មតិប្រឹក្សារបស់ ICJ និងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ មិនមានលក្ខណៈ​ចាប់បង្ខំផ្លូវច្បាប់ក៏ដោយ ប៉ុន្តែមជ្ឈដ្ឋានអ្នកជំនាញជឿជាក់ថា សេចក្តីសម្រេចចិត្តនេះ បង្ហាញពីការផ្លាស់ប្តូរយ៉ាងសំខាន់មួយគឺ៖ សកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លែងជា "ជម្រើសនយោបាយ" ទៀតហើយ ប៉ុន្តែជា "កាតព្វកិច្ចផ្លូវច្បាប់" ស្ថិតនៅក្រោមច្បាប់អន្តរជាតិ។

យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres សេចក្តីសម្រេចចិត្តនេះ មានសារៈសំខាន់ជាពិសេសសម្រាប់តំបន់ដែលរង់ ផល​ប៉ះពាល់ ដោយអយុត្តិធម៌អាកាសធាតុអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូចជាទ្វីបអាហ្វ្រិកជាដើម។

«ទ្វីបអាហ្វ្រិកត្រូវតែជាចំណុចកណ្តាលនៃយុត្តិធម៌អាកាសធាតុ។ ទ្វីបអាហ្វ្រិកបាន​កាន់កាប់ ៦០% នៃសក្តានុពលថាមពលពន្លឺព្រះអាទិត្យរបស់ពិភពលោក ប៉ុន្តែទទួលបាន ២% នៃការវិនិយោគលើថាមពលស្អាតសកលតែ​ប៉ុណ្ណោះ។ ប្រសិនបើត្រូវបានវិនិយោគយ៉ាងត្រឹមត្រូវ ទ្វីបអាហ្វ្រិកអាចបង្កើតអគ្គិសនីបានច្រើនជាង ១០ ដងនៅឆ្នាំ ២០៤០ ពីថាមពលកកើតឡើងវិញទាំងស្រុង»​។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ បញ្ហាប្រឈមបន្ទាប់ដែលភ្នាក់ងារអង្គការសហប្រជាជាតិកំពុងប្រឈមមុខគឺការអនុវត្តសេចក្តីសម្រេចចិត្តនេះទៅជាការប្តេជ្ញាចិត្តដែលមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់ ក្នុងនោះ ត្រូវអនុវត្តឱ្យបានឆាប់ៗនូវការបង្កើត «សៀវភៅនៃការខូចខាតអន្តរជាតិ» ដើម្បីកត់ត្រាការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ជាមូលដ្ឋានគ្រឹះសម្រាប់ការគណនាការខូចខាតពីការប្រែប្រួលអាកាសធាតុ និងកំណត់យ៉ាងច្បាស់ថា ប្រទេសណាដែលទទួលខុសត្រូវក្នុងការផ្តល់សំណង។

ការបោះជំហានថ្មីក្នុងហិរញ្ញប្បទានអាកាសធាតុ

ក្រៅពីសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតអង្គការសហប្រជាជាតិ របាយការណ៍នាថ្ងៃទី ២១ ខែឧសភា ដោយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ក៏បានបង្ហាញសញ្ញាវិជ្ជមានមួយទៀតផងដែរ។ ជាពិសេស នៅក្នុងវិស័យហិរញ្ញប្បទានអាកាសធាតុ OECD បានបញ្ជាក់ថា ប្រទេសអ្នកមានបានសម្រេច ៣ឆ្នាំបន្តបន្ទាប់ និងលើសពីគោលដៅនៃការផ្តល់ជំនួយចំនួន ១០០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដល់ប្រទេសក្រីក្រដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នាហើយ។

របាយការណ៍របស់ OECD បង្ហាញថា បន្ទាប់ពីបានផ្តល់ជំនួយចំនួន ១១៥,៩ ពាន់លានដុល្លារនៅឆ្នាំ ២០២២ បណ្តាប្រទេសអ្នកមានបានបង្កើនការចូលរួមវិភាគទានយ៉ាងច្រើនឡើងដល់ ១៣២,៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ និងកើនឡើងដល់ ១៣៦,៧ ពាន់លានដុល្លារនៅឆ្នាំ ២០២៤។

នេះត្រូវបានចាត់ទុកជាកត្តាវិជ្ជមានមួយ ក្នុងបរិបទដែលប្រទេសអ្នកមានជាច្រើនក៏កំពុងប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ច និងអស្ថិរភាពភូមិសាស្ត្រនយោបាយផងដែរ។ មុននោះ លោក Simon Stiell លេខាធិការប្រតិបត្តិនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ក៏បានវាយតម្លៃថា ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏នៅតែមានវឌ្ឍនភាពនៅក្នុងវិស័យហិរញ្ញវត្ថុអាកាសធាតុ។

«ហិរញ្ញវត្ថុអាកាសធាតុគឺជាសរសៃឈាមនៃសកម្មភាពអាកាសធាតុ ដោយ​​ប្រែក្លាយផែនការទៅជាវឌ្ឍនភាព ប្រែក្លាយមហិច្ឆតាទៅជាសកម្មភាពជាក់ស្តែង។ ចាប់តាំងពីសន្និសីទទីក្រុងប៉ារីស (ឆ្នាំ ២០១៥) មក យើងដើរបានឆ្ងាយ។ លំហូរទុនពីវិស័យសាធារណៈ និងឯកជនចូលហិរញ្ញវត្ថុអាកាសធាតុកំពុងកើនឡើង។ ទំនាក់ទំនងភាពជាដៃគូថ្មីៗត្រូវបានបង្កើតឡើង ហើយយើងបានឃើញប្រាក់រាប់ពាន់លានដុល្លារអាមេរិក ហូរទៅក្នុងវិស័យថាមពលស្អាត និងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ នៅជុំវិញពិភពលោក៊»​។​​

យោងតាម OECD ការទូតអាកាសធាតុសកល កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវិលត្រឡប់មកកាន់អំណាចវិញនៅឆ្នាំ ២០២៥ ហើយបានដកខ្លួនចេញពីខឿនសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកពីការសន្យាផ្នែកអាកាសធាតុ ក៏ដូចជាកាត់បន្ថយកម្មវិធីជំនួយបរទេសយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ សហភាពអឺរ៉ុប (EU) ដែលចូលរួមចំណែកដ៏ធំបំផុតដល់ហិរញ្ញវត្ថុអាកាសធាតុ ក៏កំពុងប្រឈមមុខនឹងសម្ពាធថវិកាយ៉ាងធ្ងន់ធ្ងរ ដោយសារតែកំណើនយឺតយ៉ាវ និងជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ដូច្នេះ មជ្ឈដ្ឋានអ្នកជំនាញអាកាសធាតុលោកខាងលិចកំពុងជំរុញឱ្យពង្រីកក្រុមប្រទេសផ្តល់ជំនួយ ដោយស្នើឱ្យដាក់បញ្ចូលសេដ្ឋកិច្ចដែលធ្លាប់ត្រូវបានចាត់ថ្នាក់ជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែឥឡូវនេះជាប្រទេសអ្នកមាន ដូចជាប្រទេសចិន និងអារ៉ាប៊ីសាអូឌីត ទៅក្នុងបញ្ជីប្រទេសដែលមានទំនួលខុសត្រូវ និងអំពាវនាវឱ្យវិស័យឯកជនដើរតួនាទីកាន់តែសំខាន់ឡើង៕