ដំណើរទស្សនកិច្ចនេះបានទាក់ទាញការយកចិត្តទុកដាក់ពិសេស ក្នុងបរិបទដែលទំនាក់ទំនងយុទ្ធសាស្ត្ររវាងរុស្ស៊ី-ចិនបន្តមានវឌ្ឍនភាពដ៏ស៊ីជម្រៅ ព្រមទាំងការប្រកួតប្រជែងរវាងមហាអំណាចនានា និងអស្ថិរភាពភូមិសាស្ត្រនយោបាយសកល បន្តមានការវិវត្តន៍ថ្មីៗផងដែរ។
ដំណើរទស្សនកិច្ចលើកនេះ ជាដំណើរទស្សនកិច្ចលើកទី២៥ របស់លោកប្រធានាធិបតី ពូទីន ទៅកាន់ប្រទេសចិន ក្នុងនាមជាប្រធានាធិបតី/នាយករដ្ឋមន្ត្រីរុស្ស៊ី ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក។
ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងថាមពល
ធ្វើឡើងនៅក្នុងឆ្នាំដែលចិននិងរុស្ស៊ី ប្រារព្ធខួបលើកទី៣០ នៃការបង្កើតភាពជាដៃគូសម្របសម្រួលយុទ្ធសាស្ត្រ (១៩៩៦-២០២៦) និងខួបលើកទី២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាអ្នកជិតខាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការស្និទ្ធស្នាល (២០០១-២០០៦) ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ប្រទេសចិន ត្រូវបានភាគីទាំងពីររំពឹងថា នឹងលើកកម្ពស់ទំនាក់ទំនងយុទ្ធសាស្ត្រចិន-រុស្ស៊ី ឡើងដល់កំពស់ថ្មីមួយ និងស៊ីជម្រៅជាងមុន ទោះបីជាទំនាក់ទំនងនេះត្រូវបានភាគីទាំងពីរសរសើររួចហើយថា "កំពុងនៅកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ" ក៏ដោយ។
យោងតាមសាស្ត្រាចារ្យ Cui Hongjian មកពីវិទ្យាស្ថានអភិបាលកិច្ចតំបន់និងសកល នៃសាកលវិទ្យាល័យភាសាបរទេសប៉េកាំង ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ចិនលើកនេះ បានពង្រឹងលក្ខណៈពិសេសមួយនៃទំនាក់ទំនងចិន-រុស្ស៊ី នោះគឺតួនាទីតំរង់ទិសដ៏ខ្លាំងក្លានៃការទូតប្រមុខរដ្ឋ ហើយដំណើរទស្សនកិច្ចទៅវិញទៅមករវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និងលោកប្រធានរដ្ឋ ស៊ី ជីនពីង បានក្លាយជាទំលាប់ជាប្រចាំ។ សាស្ត្រាចារ្យ Cui Hongjian បានធ្វើអត្ថាធិប្បាយថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខ្ញុំគិតថាទំនាក់ទំនងចិន-រុស្ស៊ី បានបង្ហាញពីនិន្នាការអភិវឌ្ឍន៍ជាប្រព័ន្ធ។ ម៉្យាងទៀត ភាគីទាំងពីរបន្តពង្រឹង និងជំរុញទំនុកចិត្តនយោបាយ និងយុទ្ធសាស្ត្រ តាមរយៈការជួបប្រាស្រ័យជាន់ខ្ពស់ និងការទូតប្រមុខរដ្ឋ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនមកពីប្រទេសទាំងពីរក្នុងវិស័យជាច្រើន ក៏សម្រេចបាននូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកកាន់តែខ្លាំងក្លា អាស្រ័យដោយការបំពេញបន្ថែមប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមកផងដែរ”។
ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងថាមពល ត្រូវបានចាត់ទុកថា ជាអាទិភាពចម្បងនៃដំណើរទស្សនកិច្ចលើកនេះ។ ប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំជាងគេរបស់រុស្ស៊ីអស់រយៈពេល ១៦ ឆ្នាំជាប់ៗគ្នា ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ២២៨ ពាន់លានដុល្លារអាមេរិក និងពាណិជ្ជកម្មប្រេងរ៉ែលើសពី ១០០ លានតោននៅឆ្នាំ ២០២៥។
ក្នុងចំណោមគម្រោងសហប្រតិបត្តិការថាមពលសំខាន់ៗ បំពង់បង្ហូរឧស្ម័ន “កម្លាំងស៊ីបេរី ២” (ដែលដឹកឧស្ម័នពីប្រទេសរុស្ស៊ីឆ្លងកាត់ម៉ុងហ្គោលីទៅកាន់ប្រទេសចិន) ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការចរចាក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ។ ប្រសិនបើត្រូវបានចុះហត្ថលេខា បំពង់បង្ហូរឧស្ម័ននេះអាចផ្គត់ផ្គង់ដល់ប្រទេសចិននូវបរិមាណឧស្ម័នបន្ថែមចំនួន ៥០ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ដែលធានាការផ្គត់ផ្គង់ឧស្ម័នប្រកបដោយស្ថេរភាព ក្នុងម្លៃសមរម្យសម្រាប់ប្រទេសចិនក្នុងរយៈពេលវែង ខណៈពេលដែលផ្តល់ឱ្យប្រទេសរុស្ស៊ីនូវធនធានហិរញ្ញវត្ថុដ៏សំខាន់មួយ ជាពិសេសក្នុងបរិបទដែលជម្លោះរុស្ស៊ី-អ៊ុយក្រែន និងបទដាក់ទណ្ឌកម្មរបស់លោកខាងលិច កំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងលើកំណើន ស្ថិរភាពសេដ្ឋកិច្ចរបស់រុស្ស៊ី។
រក្សាស្ថិរភាពយុទ្ធសាស្ត្រសកល
ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ថាមពល និងការអប់រំ ការសម្របសម្រួលចិន-រុស្ស៊ីលើបញ្ហាភូមិសាស្ត្រនយោបាយសកល ក៏កំពុងទាក់ទាញការយកចិត្តទុកដាក់ផងដែរ ជាពិសេសនៅពេលដែលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ចិន ប្រព្រឹត្តទៅត្រឹមតែបួនថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (ថ្ងៃទី ១៣-១៥ ខែឧសភា)។ យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ពេលវេលាដ៏រសើបនៃដំណើរទស្សនកិច្ចទាំងពីរ នឹងដាក់ចេញសំណួរថា តើចិននិងរុស្ស៊ីនឹងពិភាក្សា (និងសម្របសម្រួលធ្វើសកម្មភាព) លើអ្វីៗដែលកិច្ចប្រជុំកំពូលអាមេរិក-ចិនទើបតែសម្រេចបានថ្មីៗនេះឬអត់។ ទោះជាយ៉ាងណាក៏ដោយ ភាគីរុស្ស៊ីបានទទូចថា កិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិន គឺឆ្ពោះទៅរកការរក្សាស្ថិរភាពយុទ្ធសាស្ត្រសកល មិនមែនប្រឆាំងនឹងប្រទេសណាមួយឡើយ។ ទីប្រឹក្សាកិច្ចការបរទេសរបស់ប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានមានប្រសាសន៍ថា៖ “គ្មានទំនាក់ទំនងរវាងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ត្រាំ និងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ពូទីន ទេ។ ជាធម្មតា យើងបានឯកភាពគ្នារួចហើយលើផែនការសម្រាប់កិច្ចពិភាក្សាជាមួយភាគីចិនជាមុន។ លោកប្រធានាធិបតី ពូទីន និងលោកប្រធានរដ្ឋ ស៊ី ជីនពីង ដូចទម្លាប់ ក៏មានការសន្ទនាតាមទូរស័ព្ទនៅដើមឆ្នាំ ហើយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់មេដឹកនាំទាំងពីរនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ត្រឹមប៉ុន្មានថ្ងៃក្រោយមក យើងបានឯកភាពគ្នាលើដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ពូទីន ទៅកាន់ប្រទេសចិន ដោយកំណត់កាលបរិច្ឆេទនៅថ្ងៃទី ២០ ខែឧសភា”។
ចំណែកសាស្ត្រាចារ្យ Cui Hongjian បានចាត់ទុកថា តាមពិតទៅ ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីឥឡូវនេះបានជ្រើសរើសការធ្វើទំនាក់ទំនងនិងសម្របសម្រួលកាន់តែជិតស្និទ្ធជាមួយប្រទេសចិន។ ចំណុចគួរឱ្យកត់សម្គាល់មួយទៀតគឺថា មុនពេលដំណើរទស្សនកិច្ចទៅកាន់ចិនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីរុស្ស៊ី មេដឹកនាំនៃប្រទេសមហាអំណាចពីរផ្សេងទៀត គឺប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starker ក៏បានធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះផងដែរ។
លើទិដ្ឋភាពមួយផ្សេងទៀត អ្នកជំនាញនានាក៏បានចាត់ទុកផងដែរថា ជម្លោះនៅមជ្ឈិមបូព៌ា និងជម្លោះរុស្ស៊ី-អ៊ុយក្រែន កំពុងធ្វើឲ្យតួនាទីរបស់ប្រទេសចិនកាន់តែលេចធ្លោក្នុងនាមជាមហាអំណាចដោយមានស្ថិរភាព និងការប្តេជ្ញាចិត្តកាន់តែខ្លាំងចំពោះយន្តការអភិបាលកិច្ចសន្តិសុខនិងសេដ្ឋកិច្ចសកល ដែលដៃគូធំៗរបស់ប្រទេសនេះ មិនថាពួកគេចង់បានឬអត់នោះទេ ក៏ត្រូវតែយកមកពិចារណា៕







