នៅក្នុងបរិបទដែលការប្រកួតប្រជែងជាយុទ្ធសាស្ត្រ បន្តបង្កើតសណ្តាប់ធ្នាប់អន្តរជាតិនោះ ការសង្កត់ធ្ងន់លើការកសាង "ទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រដោយមានលក្ខណៈស្ថាបនា" រវាងភាគីទាំងពីរ ត្រូវបានគេចាត់ទុកថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការខ្វែងគំនិតគ្នា រក្សាការសន្ទនា និងទប់ស្កាត់ហានិភ័យនៃការប្រឈមមុខដាក់គ្នា។

"ស្ថិរភាពយុទ្ធសាស្ត្រដោយមានលក្ខណៈស្ថាបនា"

ចំណុចសំខាន់មួយនៅក្នុងកិច្ចពិភាក្សារវាងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺការលេចចេញជាលើកដំបូងនៃពាក្យថា "ទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រដោយមានលក្ខណៈស្ថាបនា" នៅក្នុងសុន្ទរកថារបស់ថ្នាក់ដឹកនាំចិន។

“ទំនាក់ទំនងចិន-អាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្ន។ ទំនាក់ទំនងនេះអាចដោះស្រាយឲ្យបានល្អប៉ុណ្ណោះ ហើយគ្មានកំហុសណាមួយត្រូវបានអនុញ្ញាតឡើយ។ នៅពេលដែលប្រទេសទាំងពីរសហការគ្នា ប្រទេសទាំងពីរទទួលបានអត្ថប្រយោជន៍; នៅពេលដែលប្រឈមមុខដាក់គ្នា ភាគីទាំងពីរទទួលរងការខាតបង់។ ភាគីទាំងពីរគួរតែជាដៃគូ ជាជាងគូប្រជែងរបស់គ្នា។ យើងឯកភាពកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រដោយមានលក្ខណៈស្ថាបនារវាងចិន និងសហរដ្ឋ អាមេរិក ដោយជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព ស្អាតស្អំ និងចីរភាពនៃទំនាក់ទំនងទ្វេភាគី ព្រមទាំងនាំមកនូវសន្តិភាព វិបុលភាព និងវឌ្ឍនភាពកាន់តែច្រើនដល់ពិភពលោក”។

ការប្រើប្រាស់និយមន័យ "ស្ថិរភាពយុទ្ធសាស្ត្រដោយមានលក្ខណៈស្ថាបនា" បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការកំណត់ឡើងវិញនូវទំនាក់ទំនងចិន-អាមេរិក។ ដោយស្រាយបំភ្លឺឲ្យកាន់តែច្បាស់នូវចក្ខុវិស័យថ្មីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក ស៊ី ជីនពីង បានឲ្យដឹងថា "ទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រដោយមានលក្ខណៈស្ថាបនា" គួរតែរួមបញ្ចូល សសរស្តម្ភចំនួន៤៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ ការរក្សាការប្រកួតប្រជែងក្នុងដែនកំណត់ ការគ្រប់គ្រងការខ្វែងគំនិតគ្នា និងការសន្យាជៀសវាងជម្លោះ។ លោក ស៊ី ជីនពីង សង្ឃឹមថា ខ្លឹមសារដែលបានព្រមព្រៀងគ្នានឹងបង្កើតដំណើរតាមសមុទ្រមួយ ដើម្បីដឹកនាំកប៉ាល់យក្សនៃទំនាក់ទំនងចិន-អាមេរិក ហើយប្រែក្លាយឆ្នាំ ២០២៦ "ទៅជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រ និងបើកជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ"។

ដោយឆ្លើយតបនឹងសាររបស់ថ្នាក់ដឹកនាំចិន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានសង្កត់ធ្ងន់លើមូលដ្ឋានគ្រឹះនៃការគោរពនិងតម្លៃរួមនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

“ខ្សែអំបោះតភ្ជាប់​ពាណិជ្ជកម្ម និង​ការគោរព​គ្នា​ទៅវិញទៅមក ​អស់រយៈពេល ២៥០ ឆ្នាំ​កន្លងមកនេះ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​អនាគត​ប្រកបដោយ​ផលប្រយោជន៍​​សម្រាប់​ប្រទេស​ទាំងពីរ។ ប្រជាជន​សហរដ្ឋអាមេរិក និង​ចិន​មាន​ចំណុច​រួម​ជាច្រើន​។ យើង​គោរព​ភាពឧស្សាហ៍ព្យាយាម ភាពក្លាហាន និង​សមិទ្ធផល។ យើង​ស្រឡាញ់​គ្រួសារ​និងមាតុ​ប្រទេស​របស់​យើង។ រួមជាមួយគ្នា ផ្អែកលើតម្លៃទាំងនោះ យើង​មានឱកាស​​បង្កើត​អនាគត​ដ៏​រុងរឿង សហប្រតិបត្តិការ សុភមង្គល និង​សន្តិភាព​សម្រាប់​កូនចៅរបស់​យើង។ យើង​យកចិត្តទុកដាក់​ដល់​តំបន់​នេះ និង​ពិភពលោកទាំងមូល។ នេះ​គឺជា​ពិភពលោក​ដ៏ពិសេស​ នៅពេល​យើង​ទាំងពីរ​ប្រកៀកស្មា​គ្នា​”។

ពីការប្រឈមមុខដាក់គ្នាដោយផ្ទាល់ទៅជាការប្រកួតប្រជែងដែលគ្រប់គ្រងបាន

ពីទស្សនៈរបស់អ្នកវិភាគអន្តរជាតិ អនាគតនៃទំនាក់ទំនងអាមេរិក-ចិនកំពុងផ្លាស់ប្តូរពីការប្រឈមមុខដាក់គ្នាដោយផ្ទាល់ទៅជាទម្រង់មួយនៃការប្រកួតប្រជែងដែលគ្រប់គ្រងបាន និងជាក់ស្ដែងជាងមុន។ ដោយធ្វើអត្ថាធិប្បាយលើការកែសម្រួលគោលនយោបាយរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ អ្នកស្រាវជ្រាវ Sun Chenghao នៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រនិងសន្តិសុខអន្តរជាតិ សាកលវិទ្យាល័យ Tsinghua ប្រទេសចិន បានចាត់ទុកថា មិនដូចដំណាក់កាល ២០១៧-២០១៨ នៅពេលដែលសហរដ្ឋអាមេរិកបានកំណត់ប្រទេសចិនជាដៃគូប្រកួតប្រជែងជាយុទ្ធសាស្ត្រនោះទេ រដ្ឋបាលអាមេរិកបច្ចុប្បន្ន បានចាប់ផ្តើមកែសម្រួលគោលនយោបាយរបស់ខ្លួនបន្តិចម្តងៗ។

“បច្ចុប្បន្ននេះ ចាំបាច់ត្រូវកំណត់ព្រំដែននៃការប្រកួតប្រជែង និងជៀសវាងការពង្រីកការប្រកួតប្រជែងហួសហេតុ។ ប្រសិនបើលោក ត្រាំ អាចគ្រប់គ្រងទំនាក់ទំនងជាមួយប្រទេសចិនដោយជោគជ័យ ខ្ញុំជឿថា វានឹងផ្ញើសញ្ញាទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកថា លោកអាចធ្វើឲ្យទំនាក់ទំនងអាមេរិក-ចិនមានស្ថិរភាព ពីនោះអនុញ្ញាតឱ្យតំបន់នេះរក្សាគន្លងអភិវឌ្ឍន៍ដែលមានស្ថេរភាពនិងសន្តិភាពជាមូលដ្ឋាន”។

តាមលទ្ធផលនៃកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ ការរំពឹងទុកមួយក្នុងចំណោមការរំពឹងទុកដ៏ប្រាកដនិយមបំផុតក្នុងរយៈពេលខ្លីខាងមុខ គឺការរក្សាកិច្ចសន្ទនាជាធម្មតា បន្ទាប់ពីការអាក់ខានដែលបណ្តាលមកពីជំងឺរាតត្បាត និងភាពតានតឹងខាងភូមិសាស្ត្រនយោបាយ។ លោក Philip Luck នាយកកម្មវិធីសេដ្ឋកិច្ចនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) បាននិយាយថា៖

“ខ្ញុំគិតថា លទ្ធផលល្អបំផុតនៅទីនេះគឺថា ពួកគេបានបង្កើតយន្តការសន្ទនាមួយ។ ការសន្ទនាបើកចំហគឺជារឿងល្អ។ នឹងមានការសម្រេចចិត្តដែលពាក់ព័ន្ធដល់ការទិញទំនិញពីភាគីទាំងពីរ និងការសន្យាបន្តការពិភាក្សា និងរក្សាការសន្ទនា។ ខ្ញុំគិតថា វានឹងកើតឡើងដោយគ្មានសម្បទានធំៗណាមួយលើបញ្ហាសំខាន់ៗពីភាគីទាំងពីរនោះឡើយ។ ប្រសិនបើយើងអាចត្រឡប់ទៅរកការពិភាក្សាធម្មតា អំពីទំនាក់ទំនងសេដ្ឋកិច្ចសំខាន់ៗ ខ្ញុំគិតថានោះនឹងជាជ័យជម្នះដ៏ធំមួយហើយ”។

ភាពខុសគ្នាយុទ្ធសាស្ត្របច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងចិននៅតែមានលក្ខណៈជ្រាលជ្រៅ។ ទោះជាយ៉ាងណាក៏ដោយ ការបន្តការសន្ទនាកម្រិតខ្ពស់ និងឆ្ពោះទៅរកយន្តការប្រកួតប្រជែងដែលគ្រប់គ្រងបាន ត្រូវបានគេចាត់ទុកជាសញ្ញាវិជ្ជមានសម្រាប់ស្ថិរភាពក្នុងតំបន់ និងសេដ្ឋកិច្ចសកល៕