នេះមិនត្រឹមតែជាការសម្រេចចិត្តថវិកាទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យអភិបាលកិច្ចទំនើបទៀតផង។ នោះគឺបង្កើនប្រសិទ្ធភាពធនធានដើម្បីមិនទុកឱ្យនរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយឡើយ។
កម្មវិធីនេះនឹងត្រូវបានអនុវត្តន៍លើទូទាំងប្រទេស ដោយផ្តល់អាទិភាពដល់ឃុំ និងភូមិដែលជួប
ការលំបាកពិសេស តំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ តំបន់ព្រំដែន តំបន់កោះសមុទ្រ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលកម្មវិធីចំនួនបួន៖ ការអភិវឌ្ឍវប្បធម៌; ការធ្វើទំនើបកម្ម លើកកំពស់គុណភាពអប់រំ និងបណ្តុះបណ្តាល; ការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការអភិវឌ្ឍតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ; ការថែទាំសុខភាព ចំនួនប្រជាជន និងការអភិវឌ្ឍ។
រួមបញ្ចូលគ្នាដើម្បីបង្កើនប្រសិទ្ធភាពច្រើនដង
ជំហាននេះដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវបញ្ហាទាក់ទងនឹងគោលនយោបាយត្រួតស៊ីគ្នាការបែងចែកធនធានដោយរាយប៉ាយ និងតំបន់ភូមិសាស្ត្រត្រួតស៊ីគ្នា។ សំខាន់ជាងនេះទៅទៀត ការរួមបញ្ចូលនេះ មិនធ្វើឱ្យវិសាលភាព ឬសិទ្ធិនិងផលប្រយោជន៍របស់ក្រុមណាមួយ ត្រូវកាត់បន្ថយនោះទេ ប៉ុន្តែវាជួយឱ្យក្បាលម៉ាស៊ីនរដ្ឋបាលដំណើរការកាន់តែមានប្រសិទ្ធភាព និងបត់បែន។ ភារកិច្ចដែលកំពុងដំណើរការមិនត្រូវរំខានឡើយ។ តំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំនៅតែជាអាទិភាពក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍរបរចិញ្ចឹមជីវិត ការអប់រំ ការថែទាំសុខភាព វប្បធម៌ និងការផ្លាស់ប្តូរឌីជីថល។
តាំងពីដំណាក់កាលកសាងគម្រោងសម្រាប់ដាក់ជូនរដ្ឋសភា រដ្ឋាភិបាលបានកំណត់ថា អភិបាល
កិច្ចរួមបញ្ចូលគ្នាជាតម្រូវការស្នូល។ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានមានប្រសាសន៍ថា៖
“ត្រូវតែមានការសម្របសម្រួលជារួម នៃកម្មវិធីគោលដៅជាតិទាំងបួន ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍរួម ជាពិសេសនៅតំបន់ដែលមានការលំបាក តំបន់ជនបទ តំបន់ព្រៃភ្នំ និងតំបន់ជាតិភាគតិច។ បែងចែក និងប្រើប្រាស់ធនធានត្រូវតែចំគោលដៅ ចំមុខសញ្ញា ដោយធានាថាមិនមានការត្រួតស៊ីគ្នា ឬការខ្ជះខ្ជាយឡើយ។ កុំឲ្យកើតមានការខាតបង់ ការខ្ជះខ្ជាយ ភាពអវិជ្ជមាន ហើយត្រូវតែខិតខំបញ្ចេញដើមទុន ១០០% ពីថវិការមជ្ឈិម ដែលបានបែងចែកនៅឆ្នាំ ២០២៦ផងដែរ”។
កំណើនសេដ្ឋកិច្ចមានអត្ថន័យពិតប្រាកដលុះត្រាតែសមិទ្ធផល ត្រូវបានចែករំលែកដោយ
សមភាព។ ដោយមានធនធានចំនួន ៣២ ពាន់លានដុល្លារអាមេរិក គោលនយោបាយនេះផ្តោតសំខាន់លើតំបន់ក្រីក្រស្នូល តំបន់ជនជាតិភាគតិច តំបន់ព្រំដែន និងតំបន់កោះសមុទ្រ។
គោលដៅជាក់លាក់រហូតដល់ឆ្នាំ ២០៣០ គឺជាសក្ខីភាពសម្រាប់ការប្តេជ្ញាចិត្តនេះ។ ប្រាក់ចំណូល
ជាមធ្យមរបស់ប្រជាពលរដ្ឋនៅជនបទនឹងកើនឡើងពី ២,៥ ទៅ ៣ ដងបើធៀបនឹងឆ្នាំ២០២០។ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋជនជាតិភាគតិច នឹងស្មើពាក់កណ្តាលនៃកម្រិតមធ្យមនៃប្រទេសទាំងមូល។ អត្រាគ្រួសារក្រីក្រពហុវិមាត្រនៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ត្រូវបានកាត់បន្ថយមកត្រឹមក្រោម ១០%។ ប្រជាជន ១០០% នឹងមានកំណត់ត្រាសុខភាពអេឡិចត្រូនិក ហើយអត្រានៃភាពក្រិសក្រិនចំពោះកុមារអាយុក្រោម ៥ ឆ្នាំនឹងត្រូវកាត់បន្ថយមកត្រឹមក្រោម ១៥%។
គោលដៅទាំងនេះលុបបំបាត់ការសង្ស័យអំពីគម្លាតអ្នកមានជាមួយអ្នកក្រ ក្នុងអំឡុងពេល
នគរូបនីយកម្ម ដោយបញ្ជាក់ថាគំរូអភិវឌ្ឍន៍របស់ប្រទេសវៀតណាម ដាក់មនុស្សនៅចំកណ្តាលជានិច្ច។
ចក្ខុវិស័យរយៈពេលវែងដើម្បីលើកកំពស់គុណភាពធនធានមនុស្ស និងកម្លាំងវប្បធម៌ផ្ទៃក្នុង
ដោយមិនឈប់នៅត្រឹមការកាត់បន្ថយភាពក្រីក្របែបប្រពៃណីនោះទេ កម្មវិធីនេះ បានដាក់
ចេញចក្ខុវិស័យរយៈពេលវែងដើម្បីលើកកំពស់គុណភាពធនធានមនុស្ស និងកម្លាំងវប្បធម៌ផ្ទៃក្នុង ដែលជាសសរស្តម្ភចំនួនពីរសម្រាប់ប្រទេសវៀតណាមដើម្បីទម្លុះទម្លាយ ក្លាយជាប្រទេសអភិវឌ្ឍន៍។ ជាក់ស្ដែងគឺ៖ វៀតណាមនឹងនាំឱ្យភាសាអង់គ្លេសក្លាយជាភាសាទីពីរនៅក្នុងសាលារៀនជាបណ្ដើរៗ។ នៅឆ្នាំ ២០៣៥ មហាវិទ្យាល័យចំនួន ៦០ នឹងឈានដល់ជិតកម្រិតអាស៊ាន-៤ មហាវិទ្យាល័យចំនួន ៦ នឹងឈានដល់ជិតកម្រិតក្រុម G២០; សាកលវិទ្យាល័យយ៉ាងហោចណាស់ចំនួន ១២ នឹងស្ថិតនៅក្នុងជម្រើសកំពូល ២០០ នៅអាស៊ី និងសាកលវិទ្យាល័យចំនួន ២ ស្ថិតនៅក្នុងជម្រើសកំពូល ១០០ នៅលើពិភពលោកនៅក្នុងវិស័យសំខាន់ៗមួយចំនួន។
នៅក្នុងវិស័យវប្បធម៌ កម្មវិធីនេះផ្តោតលើការលើកស្ទួយជីវភាពខាងស្មារតី លទ្ធភាពទទួលនិង រីករាយនឹងវប្បធម៌របស់ប្រជាជន; ការអភិរក្សបេតិកភណ្ឌ ការអភិវឌ្ឍធនធានមនុស្សផ្នែកវប្បធម៌ សិល្បៈ និងឧស្សាហកម្មវប្បធម៌។ នៅត្រឹមឆ្នាំ ២០៣០ ឧស្សាហកម្មវប្បធម៌ខិតខំចូលរួមចំណែក ៧% នៃផលិតផលក្នុងស្រុកសរុប ព្រមទាំងស្តារឡើងវិញនូវកេរ្តិ៍ដំណែលជាតិពិសេស ១០០% និងថែរក្សាអត្តសញ្ញាណវប្បធម៌ក្នុងយុគសម័យឌីជីថលផងដែរ។
ការចុចប៊ូតុងអនុម័តលើសេចក្តីសម្រេចចិត្តថ្មីនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ បញ្ហាសំខាន់គឺស្ថិតនៅក្នុងសមត្ថភាព អនុវត្តន៍គោលនយោបាយយ៉ាងជាក់ស្ដែង។ ធ្វើអត្ថាធិប្បាយលើការទទួលខុសត្រូវនៃក្បាលម៉ាស៊ីនអនុវត្តន៍ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ង៉ូ វ៉ាន់ទួន បានចង្អុលបង្ហាញយ៉ាងច្បាស់ថា៖
“តម្លៃនៃការរួមបញ្ចូលគ្នាមិនមែនស្ថិតនៅក្នុងឈ្មោះរួមនោះទេ ប៉ុន្តែត្រូវតែវាស់វែងដោយគោល
នយោបាយកាន់តែស៊ីសង្វាក់គ្នា ការបែងចែកធនធានកាន់តែលឿន មុខសញ្ញាកាន់តែត្រឹមត្រូវ មូលដ្ឋានកាន់តែម្ចាស់ការ នីតិវិធីកាន់តែតិច ការទទួលខុសត្រូវកាន់តែច្បាស់លាស់ និងទីបំផុត អត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់ប្រជាជន។ បន្ទាប់ពីរដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្ត រដ្ឋាភិបាលនឹងបង្ហើយសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលជាបន្ទាន់ ដោយធានាថា វាស្ថិតនៅក្នុងវិសាលភាពដែលរដ្ឋសភាបានកំណត់ រៀបចំការអនុវត្តប្រកបដោយសមកាលកម្ម មិនទុកឲ្យកើតមានចន្លោះប្រហោងគោលនយោបាយ មិនធ្វើឲ្យសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជនមិនត្រូវបានថយចុះ និងទទួលខុសត្រូវចំពោះមុខរដ្ឋសភា ទាក់ទងនឹងប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាននៅក្នុងកម្មវិធី”។
ការដែលរដ្ឋសភាបានអនុម័តលើការរួមបញ្ចូលគ្នានៃកម្មវិធីអភិវឌ្ឍន៍វប្បធម៌ សង្គម ជនបទ និងតំបន់ជនជាតិភាគតិច បានផ្លាស់ប្តូរវិធីដោះស្រាយបញ្ហាសុខុមាលភាព៖ ធនធានលែងត្រូវរាយប៉ាយ ទៀតហើយ ប៉ុន្តែផ្ដោតលើការវិនិយោគដោយមានចំណុចសំខាន់ៗ។ ដោយការដាក់ការអប់រំ សុខាភិបាល និងវប្បធម៌ ធ្វើជាមូលដ្ឋានរួមជាមួយនឹងកំណើន ប្រទេសវៀតណាមកំពុងកសាងគំរូអភិវឌ្ឍន៍មួយប្រកបដោយបរិយាប័ន្នយ៉ាងពិតប្រាកដ ដែលគម្លាតភូមិសាស្ត្រ ឬជនជាតិទាំងអស់ សុទ្ធតែត្រូវបានបង្រួម៕








