ទិសដៅទាំងនេះត្រូវបានសង្កត់ធ្ងន់ដោយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅក្នុងសុន្ទរកថានៅឯសម័យពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៨១ នៅថ្ងៃទី ២២ ខែកញ្ញា។
ផ្លាស់ប្តូរខ្លួនឯងនិងផ្លាស់ប្តូរឋានៈ
ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ជាមួយនឹងការប្រកួតប្រជែងយុទ្ធសាស្ត្រ ជម្លោះ ការប្រែប្រួលអាកាសធាតុ របាំងថ្មីចំពោះពាណិជ្ជកម្ម និងការវិនិយោគ រួមជាមួយនឹងផលប៉ះពាល់កាន់តែច្បាស់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។ នៅក្នុងបរិបទនោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងទំនុកចិត្ត គោរពច្បាប់អន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការ និងកែទម្រង់ស្ថាប័នពហុភាគីដើម្បីសម្របខ្លួនទៅនឹងការពិតជាក់ស្ដែងថ្មីៗ។
ដើម្បីឆ្ពោះទៅរកសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយយុត្តិធម៌ ប្រជាធិបតេយ្យ និងបរិយាប័ន្នជាងមុន ដែលប្រទេសទាំងអស់មានសំឡេង ហើយប្រជាជាតិទាំងអស់មានឱកាសអភិវឌ្ឍន៍នោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានស្នើទិសដៅសំខាន់ៗចំនួន៤ រួមមាន៖ ការស្តារទំនុកចិត្តរវាងបណ្ដាប្រទេសដោយផ្អែកលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ; ជំរុញការអភិវឌ្ឍប្រកបដោយសមធម៌ មនុស្សសាស្ត្រ បរិយាប័ន្ន និងចីរភាព; ម្ចាស់ការបង្កើតអភិបាលកិច្ចបច្ចេកវិទ្យាសម្រាប់បម្រើមនុស្ស និងការអភិវឌ្ឍរួម ហើយពង្រឹងពហុភាគីនិយម និងតួនាទីមជ្ឈភាព ដែលមិនអាចជំនួសបានរបស់អង្គការសហប្រជាជាតិ។
បញ្ហានៅកម្រិតសកលលោកក៏ត្រូវបានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម សន្លឹងមើលពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់វៀតណាមផងដែរ។
“ដំណើរជិតកន្លះសតវត្សរ៍របស់វៀតណាមជាមួយអង្គការសហប្រជាជាតិ បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃប្រទេសជាតិយើង។ ពីការទទួលជំនួយឧបត្ថម្ភដ៏មានតម្លៃជាចម្បងក្នុងអំឡុងពេលកសាងប្រទេសឡើងវិញ និងផ្លាស់ប្ដូរថ្មី វៀតណាមសព្វថ្ងៃនេះបានចូលរួមចំណែកដល់ការងាររួមកាន់តែសកម្ម ដោយនាំទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិឲ្យរីកចម្រើនកាន់តែស៊ីជម្រៅ និងជាក់ស្តែង”។
ការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់វៀតណាមនៅក្នុងវេទិកាពហុភាគីត្រូវបានបង្ហាញកាន់តែខ្លាំងឡើងនៅក្នុងវិស័យជាច្រើន។ វៀតណាមបានបញ្ជូនកងកម្លាំងទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ទទួលតួនាទីជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស; ជំរុញតួនាទីមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); ព្រមទាំងកំពុងត្រៀមរៀបចំដើម្បីទទួលភារកិច្ចអន្តរជាតិសំខាន់ៗជាច្រើននាពេលខាងមុខនេះ រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC 2027)។ វៀតណាមក៏បានចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍកសិកម្ម និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ - វិស័យដែលធ្លាប់ជាបញ្ហាប្រឈមក្នុងការអភិវឌ្ឍរបស់ខ្លួន។ លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុកថា៖
“វៀតណាមបានចូលដល់យុគសម័យថ្មីមួយ ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ហើយយើងមិនត្រឹមតែចូលរួមក្នុងវេទិកាពហុភាគីប៉ុណ្ណោះទេ យើងមិនត្រឹមតែគាំទ្រវេទិកាពហុភាគីប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ស្នើដំណោះស្រាយយ៉ាងសកម្ម និងម្ចាស់ការ ដើម្បីរួមចំណែកកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពចំពោះសណ្តាប់ធ្នាប់ពហុភាគី ដើម្បីផលប្រយោជន៍រួមរបស់មនុស្សជាតិ និងគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ”។
កម្លាំងផ្ទៃក្នុងថ្មី លំហអភិវឌ្ឍន៍ថ្មី
ប្រទេសវៀតណាមមួយ ដែលមានភាពសកម្មក្នុងកិច្ចការអន្តរជាតិរួម ក៏ត្រូវបានដាក់នៅលើមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរនៅក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិផងដែរ។ វៀតណាមបានបង្កើតតម្រូវការថ្មីសម្រាប់ការផ្លាស់ប្ដូរថ្មីគំរូកំណើនរបស់ខ្លួន។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានមានប្រសាសន៍ថា៖
“ឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ វៀតណាមកំពុងបង្កើតគំរូអភិវឌ្ឍន៍ថ្មីមួយដោយផ្អែកលើផលិតភាព គុណភាព និងតម្លៃបន្ថែម; យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករ; ផ្សារភ្ជាប់កំណើនជាមួយនឹងការអភិវឌ្ឍវប្បធម៌ វឌ្ឍនភាព សមធម៌សង្គម និងការការពារបរិស្ថាន”។
ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ វៀតណាមកំពុងបង្កើតកម្លាំងចលករថ្មីៗសម្រាប់កំណើន ខណៈពេលដែលដោះស្រាយបញ្ហាដែលកើតឡើងក្នុងដំណើរការអភិវឌ្ឍន៍ ដូចជា៖ ការលើកកំពស់ផលិតភាពការងារ គុណភាពធនធានមនុស្ស ការធានាសន្តិសុខសង្គម ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព... នៅក្នុងដំណើរការនោះ សមត្ថភាពខ្លួនទីពឹងខ្លួនគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖
“ភាពខ្លួនទីពឹងខ្លួនក៏មានន័យថា ការសម្របខ្លួន និងសហប្រតិបត្តិការដោយម្ចាស់ការ និងសមភាពជាមួយពិភពលោក។ ដូច្នេះ វៀតណាមប្រកាន់ខ្ជាប់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍; ធ្វើពហុភាគីនីយកម្ម និងពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស”។
សាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម នៅមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ បានបង្ហាញថា វៀតណាមកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងគោលដៅ និងតម្រូវការថ្មីៗ។ នោះគឺជាដំណើរការនៃការពង្រឹងសមត្ថភាពផ្ទៃក្នុង និងពង្រីកលំហសហប្រតិបត្តិការ ដើម្បីឱ្យវៀតណាមបន្តរួមចំណែកកាន់តែជាក់ស្ដែងដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួម៕








