សតិអារម្មណ៍ “ផ្តោតលើប្រជាជន” របស់លោកប្រធានហូជីមិញ គឺជាប្រធានបទជាមូលដ្ឋាន សំខាន់ក្នុងពេញមួយអាជីពបដិវត្តន៍របស់លោក ហើយតម្លៃទ្រឹស្តី និងជាក់ស្តែងរបស់សតិអារម្មណ៍នេះ នៅមានតម្លៃដដែលរហូតមកដល់សព្វថ្ងៃនេះ។ ទឹកចិត្តប្រជាជនត្រូវបានពង្រឹង គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិដ៏រុងរឿង និងសុភមង្គល។
ដាក់ប្រជាជននៅចំណុចកណ្តាល
លោកប្រធានហូជីមិញ បានដាក់ចេញនូវទស្សនៈ អំពីប្រជាជនជាមួយនឹងខ្លឹមសារទូលំទូលាយ។ យោងតាមលោក ប្រជាជនគឺជាការប្រមូលផ្តុំមនុស្សភាគច្រើនដែលមានជាតិសាសន៍ សាសនា ភេទ និងវណ្ណៈសង្គមផ្សេងៗគ្នា ដែលរស់នៅក្នុងប្រទេស ឬនៅបរទេស ដោយមិនប្រកាន់បុរស ឬស្ត្រី អ្នកមានឬអ្នកក្រ និងសាសនាឡើយ។
លោកប្រធាន ហូ ជីមិញ បានសង្កត់ធ្ងន់លើសតិអារម្ម៍ “គោរពប្រជាជន” នៅក្នុងសុន្ទរកថា សំណេរ និងសកម្មភាពបដិវត្តន៍ជាក់ស្តែងជាច្រើន ដោយធ្វើតាមការពិតថា “អ្វីក៏ដោយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន ត្រូវតែធ្វើឱ្យអស់ពីសមត្ថភាព ហើយអ្វីក៏ដោយដែលបង្កគ្រោះថ្នាក់ដល់ប្រជាជន ត្រូវតែជៀសវាងឱ្យបានអស់ពីសមត្ថភាព»។ លោកបានបញ្ជាក់ម្តងហើយម្តងទៀតអំពីគំនិតនៃការយកប្រជាជនជាឬសគល់ ពោលគឺ “ឫសរឹងមាំ ដើមឈើនឹងរឹងមាំ”។
លោកបានដាក់ប្រជាជននៅចំកណ្តាល ដោយសង្កត់ធ្ងន់ថា គ្មានអ្វីខ្លាំងជាងសាមគ្គីភាពរបស់ប្រជាជនឡើយ។ អាចនិយាយបានថា ការគោរព និងការកំណត់ប្រជាជនជាគោលដៅ និងជាកម្លាំងចលករនៃបដិវត្តន៍ គឺជាខ្លឹមសារជាមូលដ្ឋានមួយនៃសតិអារម្មណ៍ “គោរពប្រជាជន” របស់លោកប្រធានហូជីមិញ ពីព្រោះប្រជាជនគឺជាចំណុចចាប់ផ្តើម និងក៏ជាគោលដៅចុងក្រោយនៅក្នុងទស្សនៈ និងសកម្មភាពបដិវត្តន៍ទាំងអស់របស់លោក។
បើចង់ទៅបានឆ្ងាយ ត្រូវតែពឹងផ្អែកលើប្រជាជន។ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព មនុស្សម្នាក់ត្រូវតែរក្សាទំនុកចិត្តពីប្រជាជន។ ដើម្បីចូលទៅក្នុងយុគសម័យនៃវិបុលភាព និងកម្លាំង ត្រូវដាក់ប្រជាជននៅកណ្តាលនៃការសម្រេចចិត្ត នៃចលនា និងសកម្មភាពទាំងអស់។
ការគោរពប្រជាជនសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន
ដោយទទួលមរតកសតិអារម្មណ៍ផ្តោតការគោរពលើប្រជាជនរបស់លោកប្រធានហូជីមិញ សព្វថ្ងៃនេះ ប្រទេសវៀតណាមកំពុងបង្រួបបង្រួមទឹកចិត្តប្រជាជនឱ្យក្លាយជាកម្លាំង ដោយចេះប្រែក្លាយសេចក្តីស្នេហាជាតិទៅជាសកម្មភាព ចេះប្រែក្លាយសេចក្តីប្រាថ្នាសម្រាប់ឯករាជ្យ សេរីភាព និងសុភមង្គលទៅជាសមិទ្ធផលដ៏អច្ឆរិយៈ។
ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាម ដែលបានប្រារព្ធឡើងនៅទីក្រុងហាណូយ (ថ្ងៃទី១១-១៣ ខែឧសភា) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា នៅពេលដែលប្រជាជាតិយើងសាមគ្គីគ្នា ទឹកចិត្តប្រជាជនត្រូវបានប្រមូលផ្តុំ ហើយឆន្ទៈរបស់ប្រជាជាតិទាំងមូលត្រូវបានឯកភាព ប្រទេសនឹងជំនះពុះពារលើការលំបាកទាំងអស់ និងបង្កើតអព្ភូតហេតុដែលមានសារៈសំខាន់យូរអង្វែង។ នេះមិនត្រឹមតែជាសេចក្តីសង្ខេបប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការពិតនៃការអភិវឌ្ឍផងដែរ។ នេះគឺជាវិធីសាស្រ្តទំនើបមួយ។ ពោលគឺ ឆន្ទៈរបស់ប្រជាជនមិនត្រឹមតែជាមូលដ្ឋានគ្រឹះនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាធនធានទន់ផងដែរ ជាកម្លាំងចលករមានអត្ថន័យសម្រេចកំណត់ចំពោះការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
ស្មារតី "ប្រជាជនគឺជាឬសគល់" ត្រូវបានបញ្ជាក់តាមរយៈលក្ខណៈវិនិច្ឆ័យច្បាស់លាស់៖ រាល់គោលការណ៍ណែនាំទាំងអស់របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងកម្មវិធី ចលនា និងយុទ្ធនាការទាំងអស់របស់រណសិរ្សមាតុភូមិ ត្រូវតែផ្តើមចេញពីតម្រូវការ សេចក្តីប្រាថ្នា សិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ប្រជាជន; ឆ្ពោះទៅគោលបំណងលើកកម្ពស់ជីវភាពរស់នៅ និងសុភមង្គលខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។
លោក ង្វៀន វៀត ជុក អតីតអនុប្រធានគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភា បានថ្លែងថា៖ “ប្រជាជនគឺជាឬសគល់ ទទួលមរតកនូវទិសដៅដ៏ស៊ីសង្វាក់គ្នារបស់បក្សយើងចាប់តាំងពីការបង្កើតមក។ ឥឡូវនេះ ប្រជាជនគឺជាស្នូល ហើយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងប្រទេសជាតិគឺសម្រាប់បម្រើប្រជាជន។ ពាក្យថា "ប្រជាជនទទួលផល" លែងជាពាក្យស្លោកទៀតហើយ ប៉ុន្តែបានក្លាយជាការសម្រេចចិត្តជាក់ស្តែង ហើយនៅក្នុងការសម្រេចចិត្តសំខាន់ៗទាំងអស់ សុទ្ធតែយកប្រជាជនជាស្នូល ដោយវិលជុំវិញកត្តាមនុស្សដើម្បីបម្រើ”។
ប្រវត្តិសាស្ត្រវៀតណាមគឺជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិមួយដែលដឹងពីរបៀបគៀរគរឆន្ទៈរបស់ប្រជាជនឱ្យក្លាយជាកម្លាំង និងប្រែក្លាយសេចក្តីស្នេហាជាតិទៅជាសកម្មភាព។ ពីសតិអារម្មណ៍របស់លោកប្រធានហូជីមិញក្នុងការយកចិត្តទុកដាក់លើប្រជាជន សព្វថ្ងៃនេះ វៀតណាមកំពុងផ្លាស់ប្តូរសេចក្តីប្រាថ្នាឯករាជ្យ សេរីភាព និងសុភមង្គលទៅជាសមិទ្ធផលដ៏អស្ចារ្យ៕







