នេះជាព័ត៌មាន ត្រូវបានអ្នកជំនាញសង្កត់ធ្ងន់នៅក្នុងវេទិកានវានុវត្តន៍វៀតណាម-អាមេរិក ដែលមានប្រធានបទ "អភិវឌ្ឍន៍ថាមពលទំនើបបម្រើឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រ" ដោយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) នៃក្រសួងហិរញ្ញវត្ថុ សហការជាមួយ EXCEL Services Corporation (សហរដ្ឋអាមេរិក) រៀបចំឡើងនាថ្ងៃទី ៨ ខែឧសភា នៅទីក្រុងហាណូយ។
នៅក្នុងព្រឹត្តិការណ៍នេះ លោក Vo Xuan Hoai អនុប្រធានមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ បានថ្លែងថា៖ «នៅក្នុងបរិបទដែលវៀតណាមកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ថាមពល ជាពិសេស ថាមពលជឿនលឿន កំពុងដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើង។ ដោយមានគោលដៅសម្រេចបានកំណើនពីរខ្ទង់នៅឆ្នាំ ២០២៦ ថាមពលត្រូវតែឈានទៅមុខមួយជំហាន។ ដូច្នេះ វៀតណាមបាននិងកំពុងចេញយន្តការ និងគោលនយោបាយជាច្រើន ដើម្បីជំរុញវិស័យបច្ចេកវិទ្យាដែលមានគុណភាពខ្ពស់។ ក្នុងនោះ អភិវឌ្ឍន៏ថាមពល រួមជាមួយនឹងការបើកទូលាយកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលត្រូវបានកំណត់ថាជាអាទិភាពចម្បង បង្កើតជាមូលដ្ឋានសម្រាប់កំណើនប្រកបដោយចីរភាពក្នុងរយៈពេលខាងមុខ»។
ពីទស្សនៈអ្នកគ្រប់គ្រង លោក ង្វៀន ហ្វាងអាញ់ ប្រធាននាយកដ្ឋានសុវត្ថិភាពវិទ្យុសកម្មនិងនុយក្លេអ៊ែរ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានបញ្ជាក់ថា វៀតណាមកំពុងធ្វើឱ្យក្របខ័ណ្ឌច្បាប់ ផែនការ និងយន្តការគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រភពថាមពលថ្មី រួមទាំងថាមពលនុយក្លេអ៊ែរ ក្នុងលក្ខណៈដែលធានាសុវត្ថិភាព អនុលោមតាមស្តង់ដារអន្តរជាតិ និងសមស្របទៅនឹងលក្ខខណ្ឌជាក់ស្តែងរបស់វៀតណាម៖ «វៀតណាមបាននិងកំពុងអនុវត្តន៍ជំហានសំខាន់ៗជាច្រើនក្នុងការកសាងគោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍថាមពលជឿនលឿន។ ចាប់ពីការធ្វើសុក្រិតក្របខ័ណ្ឌច្បាប់ រហូតដល់ការពង្រឹងសមត្ថភាពអនុវត្តន៍ មូលដ្ឋានគ្រឹះដំបូងត្រូវបានបង្កើតឡើងយ៉ាងច្បាស់លាស់។ វៀតណាមសង្ឃឹមថា នឹងបន្តទទួលបានកិច្ចសហប្រតិបត្តិការ និងការរួមដំណើរពីដៃគូអន្តរជាតិ ទីភ្នាក់ងារគ្រប់គ្រង អង្គការស្រាវជ្រាវ និងសហគ្រាសបច្ចេកវិទ្យា»។
វេទិកានេះគឺជាឱកាសមួយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាក់ទាញធនធានដែលមានគុណភាពខ្ពស់ និងកសាងមូលដ្ឋានគ្រឹះថាមពលរឹងមាំ សម្រាប់វិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់វៀតណាមនាពេលខាងមុខ៕





