ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភា លោក ង្វៀន ហ៊ុង យៀន បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ត្រូវបានអនុវត្តន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងភាគីទាំងពីរដល់កម្រិតថ្មី។ ជាពិសេស ភាគីទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅក្នុងខែមករា ឆ្នាំ ២០២៦។ សហភាពអឺរ៉ុប (EU) ក៏ជាដៃគូពាណិជ្ជកម្មធំទីបួន និងជាអ្នកវិនិយោគធំទីប្រាំរបស់វៀតណាមនៅលើពិភពលោកផងដែរ។ លោកអនុប្រធានរដ្ឋសភាបានស្នើឱ្យឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំវៀតណាម និងប្រធាន EuroCham ជំរុញដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអឺរ៉ុបនិងវៀតណាម ដោយមានគោលបំណងសហប្រតិបត្តិការក្នុងការវិនិយោគ និងធុរកិច្ច រួមចំណែកដល់ការពង្រឹង និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងសហភាពអឺរ៉ុបកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព។
លោកអនុប្រធានរដ្ឋសភាបានស្នើឱ្យគណៈកម្មការអឺរ៉ុប (EC) លុបចោលក្នុងពេលឆាប់ៗនេះនូវ "កាតលឿង" (IUU) (ជាការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង) លើការនាំចេញអាហារសមុទ្ររបស់វៀតណាម។ ក្នុងពេលជាមួយគ្នានេះ EuroCham ជួយលើកកម្ពស់សកម្មភាពដើម្បីគាំទ្រដល់អាជីវកម្មវៀតណាមក្នុងការអនុវត្តតាមបទប្បញ្ញត្តិថ្មីរបស់សហភាពអឺរ៉ុប
រីឯខ្លួនវិញ ប្រធាន EuroCham លោក Bruno Jaspaert បានកត់សម្គាល់ថា វៀតណាមបានខិតខំប្រឹងប្រែង និងមានវឌ្ឍនភាពជាច្រើនក្នុងការកែទម្រង់ស្ថាប័ន ធានាបាននូវបរិយាកាសច្បាប់ដ៏ទាក់ទាញសម្រាប់វិនិយោគិន និងអាជីវកម្ម។ លោក Bruno Jaspaert បានបញ្ជាក់ថា សហភាពអឺរ៉ុបអាចឧបត្ថម្ភវៀតណាមជាមួយនឹងដើមទុន និងបច្ចេកវិទ្យា ដើម្បីជួយវៀតណាមសម្រេចបាននូវគោលដៅនៃកំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព៕








