កាលពីយប់ថ្ងៃទី ១៨ ខែឧសភា នៅខេត្ត កាវបាំង បានប្រារព្ធធ្វើកម្មវិធីសម្តែងសិល្បៈ ដើម្បីអបអរសាទរខួបលើកទី ១៣៦ ទិវាកំណើតរបស់លោកប្រធានហូជីមិញ និងខួបលើកទី ៨៥ ទិវាលោកប្រធានហូជីមិញវិលត្រឡប់មកប្រទេសជាតិវិញ ដើម្បីដឹកនាំបដិវត្តន៍វៀតណាមដោយផ្ទាល់ (ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩១១ - ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៦)។ ក្រៅពីការសម្តែងរបាំនិងតន្ត្រី ដែលលើកសរសើរ បក្ស លោកប្រធានហូជីមិញ សេចក្តីស្នេហាជាតិ និងប្រពៃណីបដិវត្តន៍ដ៏រុងរឿងរបស់ប្រទេសជាតិ ចំណុចលេចធ្លោនៃកម្មវិធីគឺការសម្តែងរឿងល្ខោន "ភាគខាងត្បូងនៅក្នុងបេះដូងលោកអ៊ុំហូ"។ អ្នកស្រី Dang Thuy Tien មកពីសង្កាត់ Nung Tri Cao ខេត្ត កាវបាំង បានសម្តែងថា៖

“ខ្ញុំពិតជារំជួលចិត្តយ៉ាងខ្លាំង។ នេះជាលើកដំបូងដែលយើងបានទស្សនាការសម្តែងល្ខោននៅខេត្ត។ ខ្ញុំបានស្រក់ទឹកភ្នែកពេលកំពុងទស្សនា ព្រោះខ្ញុំមានអារម្មណ៍រំជួលចិត្តខ្លាំងណាស់ រហូតដល់និយាយមិនចេញទេ។ មនោសញ្ចេតនាចំពោះលោកប្រធានហូជីមិញ គឺជាមនោសញ្ចេតនាដ៏ពិសិដ្ឋបំផុត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ ដែលបានចាកចេញទៅស្វែងរកមាគ៌ាសង្គ្រោះប្រទេសជាតិ ដើម្បីឱ្យយើងអាចមានសន្តិភាពដូចសព្វថ្ងៃនេះ”។

មុននោះ នារសៀលថ្ងៃដដែល ខេត្ត កាវបាំង សហការជាមួយបណ្ឌិតសភានយោបាយជាតិហូជីមិញ បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ "សន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិមបក្ស អាណត្តិទី១ (ឧសភា ១៩៤១)៖ ចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្សក្នុងបុព្វហេតុរំដោះប្រជាជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ"។ លោក ឡេ ហៃប៊ិញ នាយករងអចិន្ត្រៃយ៍នៃបណ្ឌិតសភានយោបាយជាតិហូជីមិញ បានអះអាងថា៖

“ដោយមានមោទនភាពចំពោះប្រពៃណីជិត ១០០ ឆ្នាំនៃការដឹកនាំបដិវត្តន៍វៀតណាម ដោយមានការទទួលខុសត្រូវក្នុងការបន្តទទួលមរតកពីសមិទ្ធផល តម្លៃដ៏ជ្រាលជ្រៅខាងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៃសន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិមបក្ស អាណត្តិទី១ ដោយមានបេសកកម្មនិងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់ដែលប្រជាជនទាំងមូលបានប្រគល់ឱ្យ បក្សកុម្មុយនិស្តវៀតណាមប្រាកដថា នឹងដឹកនាំប្រជាជនឱ្យពង្រីកប្រពៃណីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន និងសេចក្ដីប្រាថ្នាចង់ចូលរួមចំណែក ស្រុះចិត្តគំនិតគ្នា បន្តសរសេរទំព័រប្រវត្តិសាស្ត្រដ៏រុងរឿង អនុវត្តន៍បន្តិចម្តងៗនូវសេចក្ដីប្រាថ្នាក្នុងការកសាងប្រទេសវៀតណាមសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ សុភមង្គល និងឈានឡើងយ៉ាងរឹងមាំឆ្ពោះទៅរកសង្គមនិយម”។

កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា នៅទីក្រុងវៀងចន្ទន៍ សាលាទ្វេភាសាឡាវ-វៀតណាម Nguyen Du បានរៀបចំពិធីរំលឹកខួបលើកទី១៣៦ ទិវាកំណើតរបស់លោកប្រធានហូជីមិញ។ ក្នុងឱកាសនេះ ស្ថានទូតវៀតណាមប្រចាំប្រទេសឡាវ ក៏បានរៀបចំការតាំងពិព័រណ៍សៀវភៅ ការសម្តែងសិល្បៈ និងការបញ្ចាំងភាពយន្តឯកសារអំពីលោកប្រធានហូជីមិញផងដែរ៕