ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចំគម្រប់ខួប១ឆ្នាំ នៃការចេញសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ ទន្ទឹមជាមួយគ្នានេះ នេះក៏ជាដំណាក់កាលដែល វៀតណាមបានដាក់ពង្រាយអនុវត្តការផ្លាស់ប្តូរសំខាន់ៗជាច្រើន ដូចជា៖ ការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលថ្នាក់ខេត្តពី ៦៣ ចុះត្រឹម ៣៤ ហើយផ្លាស់ប្តូរទៅជាគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត និងជំរុញទិសដៅនាំសេដ្ឋកិច្ចឯកជនក្លាយជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ច។
ថ្លែងក្នុងពិធី ប្រធាន VCCI លោក ហូ ស៊ី ហ៊ុង បានសង្កត់ធ្ងន់ថា នេះជាលើកដំបូងហើយដែល VCCI បានប្រកាសរបាយការណ៍សេដ្ឋកិច្ចឯកជនវៀតណាម។ របាយការណ៍នេះមិនត្រឹមតែវាស់វែងគុណភាពនៃ "ធាតុចូលនៃស្ថាប័ន" ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាស់ "ធាតុចេញទីផ្សារ" ពោលគឺ សមត្ថភាពរបស់អាជីវកម្មក្នុងការឈានឡើងលើខ្សែសង្វាក់តម្លៃ។
“ទីមួយ វិស័យសេដ្ឋកិច្ចឯកជនរបស់វៀតណាមបានជំនះលើដំណាក់កាលការពារ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីទម្លុះទម្លាយ។ ទីពីរ កំណែទម្រង់ស្ថាប័នបានផ្លាស់ប្តូរទិសដៅត្រឹមត្រូវ ប៉ុន្តែគម្លាតរវាងការរចនាគោលនយោបាយនៅមជ្ឈិម និងសមត្ថភាពអនុវត្តន៍នៅមូលដ្ឋាននៅតែមានទំហំធំណាស់។ នេះគឺជាវិស័យសំខាន់បំផុតសម្រាប់កំណែទម្រង់នាពេលបច្ចុប្បន្ន។ ទីបី ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មចំនួន ២ លាននៅឆ្នាំ ២០៣០ យើងត្រូវតែផ្លាស់ប្តូរពីផ្នត់គំនិតគ្រប់គ្រងទៅជាផ្នត់គំនិតភាពជាដៃគូ ពីការកាត់បន្ថយបន្ទុកនីតិវិធីទៅជាការកសាងសមត្ថភាពប្រកួតប្រជែង”។ នេះបើយោងតាមប្រសាសន៍របស់លោក ហូស៊ី ហ៊ុង។
រួមជាមួយនឹងរបាយការណ៍សេដ្ឋកិច្ចឯកជនវៀតណាម សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានប្រកាសជាលើកដំបូងនូវសន្ទស្សន៍ប្រសិទ្ធភាពសេដ្ឋកិច្ចឯកជន (BPI) ជាមួយនឹងសូចនាករចំនួន ២៣ ដោយផ្តោតលើការវាស់វែងការអភិវឌ្ឍវិស័យឯកជន និងសមត្ថភាពច្នៃប្រឌិត។ លទ្ធផលសាកល្បងនៃ BPI ឆ្នាំ ២០២៥ បង្ហាញថា ទីក្រុងហូជីមិញនាំមុខគេជាមួយនឹងពិន្ទុ ៥,៦៧ បន្ទាប់មកគឺទីក្រុងហាណូយនិងខេត្តក្វាងនិញ។ យោងតាមរបាយការណ៍ ផ្ទាំងរូបភាពសេដ្ឋកិច្ចឯកជនក្នុងឆ្នាំ ២០២៥ បង្ហាញសញ្ញាវិជ្ជមានជាច្រើន ដោយមានការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអាជីវកម្មដែលចូលទៅក្នុងទីផ្សារ៕
បន្ទាប់ពីការអនុវត្តរយៈពេល ២១ ឆ្នាំ សន្ទស្សន៍ PCI ត្រូវបានធ្វើឱ្យប្រសើរឡើងទៅជាកំណែ PCI ២.០។ តារាងចំណាត់ថ្នាក់ PCI ២.០ ត្រូវបានបង្កើតឡើងតាមរយៈការផ្អែកលើការស្ទង់មតិសហគ្រាសឯកជនក្នុងប្រទេសជាង ៤.០០០ និងសហគ្រាសវិនិយោគផ្ទាល់ពីបរទេស (FDI) រួមជាមួយនឹងគ្រួសារអាជីវកម្មជាង ១.០០០ នៅក្នុងខេត្ត និងទីក្រុងចំនួន ៣៤។ នេះគឺជាការស្ទង់មតិមានទ្រង់ទ្រាយធំ និងមានជម្រៅបំផុតមួយនៃវិស័យសេដ្ឋកិច្ចឯកជនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ខុសពីមុននេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានផ្លាស់ប្តូរពីការប្រកាសចំណាត់ថ្នាក់លម្អិតនៃខេត្ត និងទីក្រុង ទៅជាការប្រកាសក្រុមគុណភាពអភិបាលកិច្ចចំនួនប្រាំមួយក្រុម ដើម្បីឱ្យសមស្របទៅនឹងបរិបទថ្មី បន្ទាប់ពីការរួមបញ្ចូលមូលដ្ឋាននិងស្របតាមទម្លាប់ច្បាប់អន្តរជាតិ។ របាយការណ៍នេះទទួលស្គាល់តំបន់ចំនួនប្រាំនៅក្នុងក្រុមគុណភាពអភិបាលកិច្ច "ល្អ"៖ បាក់និញ ដាណាំង ហៃផុង ភូថូ និងក្វាងនិញ៕








