ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងវៀតណាម-ឥណ្ឌាឲ្យកាន់តែស៊ីជម្រៅ បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ នោះគឺ "ចក្ខុវិស័យអំពីប្រទេសឥណ្ឌាអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥" និង "គោលដៅនាំវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥"។ មេដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីវៀតណាម-ឥណ្ឌាទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្រិតខ្ពស់។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានឯកភាពគ្នារក្សាការជួបប្រាស្រ័យជាប្រចាំនៅគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់។ ភាគីទាំងពីរបានឯកភាពគ្នា សម្រេចបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីម្ដងទៀតថា កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខគឺជាសសរស្តម្ភដ៏សំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្រិតខ្ពស់រវាងវៀតណាមនិងឥណ្ឌា។

ក្នុងបរិបទភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោកដ៏ប្រែប្រួល ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្រសព្វគ្នាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើង រវាងវៀតណាម និងឥណ្ឌា សំដៅជំរុញសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ ផ្អែកលើមូលដ្ឋានសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ វៀតណាមគឺជាសសរស្តម្ភសំខាន់នៅក្នុងគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត និងចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ឥណ្ឌា។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវចក្ខុវិស័យរួមអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរី បើកចំហនិងផ្អែកលើច្បាប់អន្តរជាតិ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​ លោក តូ ឡឹម បានមានប្រសាសន៍ថា៖

"យើងបានឯកភាពគ្នាបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្រិតខ្ពស់។ កិច្ចសហប្រតិបត្តិការជាក់ស្ដែងនឹងនាំឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅលើទិដ្ឋភាពជាច្រើន។ ទីមួយ បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយ។ ទីពីរ លើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខទៅជាសសរស្តម្ភយុទ្ធសាស្ត្រ។ ទីបី បង្កើតការផ្លាស់ប្តូរច្បាស់លាស់បន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ពង្រីកទីផ្សារសម្រាប់គ្នាទៅវិញទៅមក។ ទីបួន យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ បើកវិស័យអភិវឌ្ឍន៍ដែលមានតម្លៃបន្ថែមខ្ពស់។ ទីប្រាំ បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ អប់រំ និងសាសនា ពង្រឹងមូលដ្ឋានគ្រឹះសង្គមប្រកបដោយចីរភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ"៕