VOV WorldVOV World
ពិធីបុណ្យបង្កាត់ភ្លើងដាំបាយនៅភូមិ Thi Cam
01/02/2023 10:00
(VOVWORLD) - នាថ្ងៃទី ៨ ខែទី ១ តាមច័ន្ទគតិ ជារៀងរាល់ឆ្នាំ ប្រជាជនភូមិ Thi Cam (សង្កាត់ Xuan Phuong ខ័ណ្ឌ Nam Tu Liem ទីក្រុងហាណូយ) និងភ្ញៀវទេសចរមកពីគ្រប់ទិសទី តែងតែប្រមូលផ្ដុំគ្នានៅសាលាភូមិ ដើម្បីចូលរួមពិធីបុណ្យបង្កាត់ភ្លើងដាំបាយប្រពៃណី។
ពិធីបុណ្យបង្កាត់ភ្លើងដាំបាយ គឺជាពិធីបុណ្យប្រជាប្រិយដែលមានតាំងពីយូរយារណាស់មកហើយនៅភូមិ Thi Cam ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែទី ១ តាមច័ន្ទគតិ ដើម្បីរំលឹកដល់គុណបំណាច់របស់អ្នកតាភូមិ - នាយឧត្តមសេនីយ៍ Phan Tay Nhac។ បាវចំបើងស្ងួតដែលបានរៀបចំតាំងពីមុន ត្រូវបាននាំយកទៅទីតាំងនៃក្រុមនីមួយៗ។ ការប្រកួតឆ្នាំនេះមានក្រុមចូលរួមចំនួន៤ក្រុម ដែលតំណាងឲ្យទីប្រជុំជនចំនួន ៤ ក្រុមនៅក្នុងសង្កាត់។ សមាជិកក្រុមបំបែកដើមឫស្សីដើម្បីងាយឆាបឆេះ។ ក្នុងដំណាក់កាលត្រៀមរៀបចំ ក្រុមៗនឹងចាប់ផ្តើមចងចំបើងជាបាច់។ ហើយដាក់បាច់ចំបើងនៅក្រោមត្បាល់ថ្មដើម្បីពេលបុកស្រូវ ត្បាល់មិនត្រូវរង្គោះរង្គើឬផ្លាស់ទី។ គេក៏ដាក់ចំបើងនៅជុំវិញមាត់ត្បាល់ថ្មដើម្បីកុំឲ្យស្រូវខ្ទាតចេញពេលបុក។ ជិតម៉ោង ១១ ទីធ្លាសាលាភូមិពោរពេញទៅដោយមនុស្សមកទស្សនា។ ការប្រកួតបង្កាត់ភ្លើងដាំបាយ នឹងមានផ្នែកធំចំនួន ៣ គឺ៖ បង្កាត់ភ្លើង រត់យកទឹក និងដាំបាយ។ ការប្រកួតរត់ទៅយកទឹកត្រូវបានអនុវត្តន៍ដោយកុមារអាយុពី ១២ ទៅ ១៤ឆ្នាំ។ ចាប់ផ្តើមពីសាលាភូមិ បេក្ខជនត្រូវរត់ចម្ងាយប្រហែល ៧០០ម៉ែត្រ ទៅទិសខាងកើត។ អ្នកណាយកទឹកមកសាលាភូមិមុនគេនឹងឈ្នះ។ នៅទីធ្លាសាលាភូមិ បណ្ដាក្រុមបានចាប់ផ្ដើមបង្កាត់ភ្លើង។ ស្រូវត្រូវបុកដោយត្បាល់ថ្មឲ្យក្លាយទៅជាអង្ករដោយអង្រែធំ។ បេក្ខជនទាំង៤នាក់ដែលបានរត់ទៅយកទឹកនៅពេលនេះក៏បានវិលមកវិញហើយ។ Nguyen Vinh Khoa (ស្តាំបំផុត) ជាអ្នកដែលបានឈ្នះក្នុងការប្រកួតនេះ។ ការដាំបាយដោយឆ្នាំងតូចត្រូវការបទពិសោធន៍ជាច្រើន។ អ្នកចូលរួមភាគច្រើនគឺជាមនុស្សចាស់នៅក្នុងភូមិ។ បណ្ដាក្រុមដុតចំបើង យកផេះទៅកប់ឆ្នាំងឲ្យបាយឆ្អិនបានលឿន។ ឆ្នាំងបាយត្រូវបានគណៈមេប្រយោគយកទៅដាក់នៅខាងក្រៅសាលាភូមិសម្រាប់ដាក់ពិន្ទុសាធារណៈនៅចំពោះមុខប្រជាជន និងសមាជិកក្រុមដែលចូលរួម។

More