«យុទ្ធនាការក្វាងទ្រុង»៖ ផ្ទះរាប់ម៉ឺនខ្នងបានបញ្ចប់ការសាងសង់តាមកាលវិភាគ
01/01/2026 08:40
(VOVWORLD) - រហូតមកដល់បច្ចុប្បន្ន «យុទ្ធនាការក្វាងទ្រុង» បានបង្កើតអព្ភូតហេតុមួយនៅក្នុងសម័យសន្តិភាព ដោយបានប្រែក្លាយគំនរបាក់បែកទៅជាដំបូលផ្ទះដ៏រឹងមាំ។

បន្ទាប់ពីទឹកជំនន់ជាប្រវត្តិសាស្ត្របានបន្សល់ទុក «ស្លាកស្នាម» នៅតំបន់ភាគកណ្តាល និងតំបន់ Tay Nguyen «យុទ្ធនាការក្វាងទ្រុង» ត្រូវបានដាក់ពង្រាយក្នុងល្បឿនលឿនបំផុត។ ដោយធ្វើតាមបេសកកម្មពីបេះដូង រដ្ឋាភិបាលប្តេជ្ញាសាងសង់ផ្ទះរឹងមាំឡើងវិញ ដោយជួយជនរងគ្រោះដោយទឹកជំនន់ឱ្យយកឈ្នះលើស្ថានភាព “គ្មានទីជម្រក”។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្តាប់របាយការណ៍របស់ទីភ្នាក់ងារសមត្ថិកិច្ចស្តីពីគំរូផ្ទះធន់នឹងទឹកជំនន់សម្រាប់ប្រជាជន។ នាយករដ្ឋមន្ត្រីបានដឹកនាំថា ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ គឺជាថ្ងៃផុតកំណត់ចុងក្រោយសម្រាប់ការជួសជុលផ្ទះដែលរងការខូចខាត។ ហើយនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ត្រូវបង្ហើយការសាងសង់ផ្ទះថ្មីសម្រាប់គ្រួសារដែលផ្ទះសម្បែងត្រូវបានបំផ្លាញ ឬខូចខាតទាំងស្រុង។ កងកម្លាំងប្រដាប់អាវុធកំពុងធ្វើដំណើរទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ ជាមួយនឹងបាវចនា «ល្បឿនដូចផ្លេកបន្ទោរ» ការងារជួសជុល និងសាងសង់ឡើងវិញត្រូវបានអនុវត្តទន្ទឹមនឹងការវាយតម្លៃការខូចខាតលម្អិត និងការគណនាសម្ភារៈចាំបាច់សម្រាប់សំណងនីមួយៗ។ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ យុទ្ធនាការនេះត្រូវបានដាក់ឱ្យដំណើរការក្នុងពេលដំណាលគ្នានៅក្នុងខេត្តចំនួន៤ គឺ Dak Lak, Gia Lai, Khanh Hoa និង Lam Dong។ លោកវរសេនីយ៍ឯក Tran Quang Tam អនុប្រធានបញ្ជាការយោធាខេត្ត Dak Lak បានឲ្យដឹងថា អង្គភាពនេះបានបញ្ជូនកម្មាភិបាល និងយុទ្ធជនចំនួន ៦០០នាក់ រួមជាមួយយានយន្តនិងគ្រឿងចក្រ ជួយសាងសង់ផ្ទះសម្រាប់ប្រជាជន។ កម្លាំងនគរបាលឃុំ Mang Ri ខេត្ត Quang Ngai បានជួយប្រជាជនក្នុងការសាងសង់ផ្ទះថ្មីឡើងវិញ។ ក្រៅពីការហ្វឹកហ្វឺន និងការត្រៀមប្រយុទ្ធ យុទ្ធជនក៏បានក្លាយជា "ជាងសំណង់ពិសេស" ដែលរួមចំណែកដល់ការសាងសង់ផ្ទះថ្មីរាប់រយខ្នង។ ដោយស្មារតី "សាងសង់យ៉ាងលឿន និងបង្ហើយការងារយ៉ាងឆាប់រហ័ស" ក្រុមជាងសំណង់បានធ្វើការបន្ថែមម៉ោង ប្តូរវេន និងទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញនិងលើសពីកាលវិភាគ។ រូបភាពនៃយុទ្ធជនកងទ័ពអុជចង្កៀង និងធ្វើការពេញមួយយប់ក្នុងទឹកភ្លៀង បានប៉ះដល់បេះដូងរបស់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ បន្ទាប់ពីជាងកន្លះខែនៃការ "យកឈ្នះលើពន្លឺថ្ងៃនិងភ្លៀង" ជាមួយនឹងការដាក់ពង្រាយយ៉ាងឆាប់រហ័ស ផ្ទះមួយចំនួនបានបញ្ចប់ការសាងសង់ហើយប្រគល់រួចរាល់ ជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់ពីការរស់នៅក្រោមផ្ទៃមេឃបើកចំហ ទៅកាន់ទីជម្រកប្រកបដោយសុវត្ថិភាពនៅក្នុងផ្ទះដ៏រឹងមាំ។ បន្ទាប់ពីទទួលបានផ្ទះថ្មីពីកងពលលេខ ៣៤ និងថ្នាក់ដឹកនាំខេត្ត Gia Lai លោកស្រី To Thi Sua (អាយុ ៨៨ ឆ្នាំ ភូមិ Chanh Hoi ឃុំ Ngo May) មិនអាចលាក់បាំងសេចក្តីរីករាយ និងការដឹងគុណរបស់ខ្លួនបានឡើយ។ លោកស្រី Cao Thi Muoi (ឃុំ Dong Khanh Son ) មានសេចក្តីរីករាយយ៉ាងខ្លាំងនៅក្នុងផ្ទះថ្មី ជាមួយកម្មាភិបាលនិងនគរបាលខេត្ត Khanh Hoa។
TAG
VOV/VOVworld
Related








