ដំណើររបស់លោកស្រីគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ក្រោយសង្គ្រាមនៅវៀតណាម។ ចំពោះលោកស្រី ទោះបីជាតុលាការចេញសាលក្រមយ៉ាងដូចម្តេច មិនថាបណ្តឹងនោះឈ្នះឬចាញ់នោះទេ ប៉ុន្តែ ការតស៊ូដើម្បីជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីននៅតែបន្តក្នុងទម្រង់ជាច្រើន។
នៅឆ្នាំ ២០២៦ រូបភាពនារីវៀតណាមម្នាក់ ដែលមានមុខមាត់សប្បុរសនិងសក់ស្កូវ អង្គុយស្ងៀមស្តាប់សាលក្រមរបស់តុលាការបារាំងលើបណ្តឹងសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន បានធ្វើឱ្យមនុស្សជាច្រើនរំជួលចិត្ត។ នោះគឺលោកស្រី ជិន តូ ង៉ា អតីតអ្នកយកព័ត៌មាននៅសមរភូមិ ហើយលោកស្រីផ្ទាល់រងផលប៉ះពាល់ពីសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ដោយយោធាអាមេរិកលរោយមក។ ប៉ុន្តែជំនួសឱ្យការស៊ូទ្រាំនឹងការឈឺចាប់ដោយស្ងៀមស្ងាត់ លោកស្រីបានក្រោកឈរឡើង ដើម្បីអំពាវនាវរកការគាំទ្រពីអន្តរជាតិ ហើយបានដាក់ពាក្យបណ្តឹងដោយឯកឯង ប្រឆាំងនឹងសាជីវកម្មពហុជាតិចំនួន ១៤ ពីបទផលិត និងផ្គត់ផ្គង់សារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ដល់យោធាអាមេរិកសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម។
“ទោះបីជានៅក្នុងប្រទេសវៀតណាមឥឡូវនេះ គ្មានសំឡេងគ្រាប់បែក និងគ្រាប់កាំភ្លើងក៏ដោយ ប៉ុន្តែផលវិបាកបណ្តាលពីសង្គ្រាមនៅតែមានវត្តមានយ៉ាងច្បាស់នៅក្នុងរាងកាយ និងជីវិតដ៏លំបាករបស់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ។ ទោះជាយ៉ាងណាក៏ដោយ ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ មានបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការរស់នៅ។ ប្រសិនបើយើងរួបរួមគ្នា និងធ្វើការជាមួយគ្នាដើម្បីជួយនិងបង្កើតលក្ខខណ្ឌសម្រាប់ជីវិតរបស់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ ពួកគេនឹងសប្បាយចិត្តយ៉ាងខ្លាំង រស់នៅដោយកម្លាំងពលកម្មរបស់ខ្លួន ទោះបីជាគ្មានជើង ឬដៃក៏ដោយ។ គោលដៅចុងក្រោយរបស់ខ្ញុំគឺធ្វើឱ្យពិភពលោកយល់ពីគ្រោះសោកនាដ្ឋកម្មពណ៌លឿងទុំ ដែលជាឧក្រិដ្ឋកម្មនៃសង្គ្រាមគីមី។ ដូច្នេះ ដរាបណាតុលាការនៅតែបើក ខ្ញុំនឹងបន្តទៅដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី ជិនតូ ង៉ា។
ប្រកាន់យ៉ាងមុតមាំចំពោះគោលដៅស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារសារធាតុគីមីពុលពណ៌លឿងទុំរាប់លាននាក់នៅទូទាំងពិភពលោក លោកស្រី ជិន តូ ង៉ា បានដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ និងបានចូលរួមក្នុងដំណើរការតុលាការរាប់សិបលើក ក្នុងរយៈពេលជាច្រើនឆ្នាំ។ សូម្បីតែនៅឆ្នាំ ២០២១ និង ២០២៤ នៅពេលដែលតុលាការ Evry និងតុលាការឧទ្ធរណ៍ទីក្រុងប៉ារីស (បារាំង) បានបើកសាលក្រមខ្វះយុត្តាធិការ ហើយបានច្រានចោលបណ្តឹងរបស់លោកស្រី ដោយសំអាងថា ក្រុមហ៊ុនគីមីទាំងនោះបានធ្វើសកម្មភាពតាមតម្រូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយដូច្នេះមានអភ័យឯកសិទ្ធិពីយុត្តាធិការ ក៏ លោកស្រី ជិន តូ ង៉ា មិនបានអស់សង្ឃឹមឡើយ។ លោកស្រីនិងមេធាវី បានស្ម័គ្រចិត្តបន្តប្តឹងឧទ្ធរណ៍។ ថ្មីៗនេះ នៅថ្ងៃទី ៨ ខែកក្កដា តុលាការ Cassation បារាំង បានសម្រេចចិត្តផ្ទេរសំណុំរឿងរបស់លោកស្រីទៅសភាជាន់ខ្ពស់ ដែលជាយុត្តាធិការកម្រិតខ្ពស់បំផុតរបស់តុលាការ Cassation។ លោកស្រី ជិន តូ ង៉ា បានឲ្យដឹងថា៖ “ឥឡូវនេះ សំណុំរឿងនេះលែងត្រូវបានគេហៅថាជាសំណុំរឿងទៀតហើយ ប៉ុន្តែត្រូវហៅថាជាបញ្ហា ហើយមូលហេតុដែលតុលាការ Cassation លែងពិចារណាទៀតហើយ គឺដោយសារតែបញ្ហានេះទាក់ទងនឹងគោលការណ៍អន្តរជាតិ ដូច្នេះ ត្រូវតែដាក់ជូនទៅសភាជាន់ខ្ពស់។ ការប្រើប្រាស់សភាជាន់ខ្ពស់តាមរបៀបនេះគឺកម្រមានណាស់នៅក្នុងច្បាប់បារាំង។ ប្រសិនបើយើងឈ្នះ បណ្តឹងរបស់ខ្ញុំនឹងត្រូវវិលត្រឡប់ទៅតុលាការឧទ្ធរណ៍វិញ។ ហើយមានតែពេលនោះទេ ដែលតុលាការបារាំងទើបនឹងពិចារណាលើខ្លឹមសារនៃបណ្តឹងរបស់យ់ង។ ប្រសិនបើយើងចាញ់ ខ្ញុំទទួលយកថា នឹងចំណាយពេលច្រើនឆ្នាំ ហើយខ្ញុំនឹងប្តឹងនៅតុលាការសិទ្ធិមនុស្សអឺរ៉ុប។ ប៉ុន្តែប្រសិនបើយើងឈ្នះ វៀតណាមនឹងបានរួមចំណែកដល់ពិភពលោក ដោយជួយផ្លាស់ប្តូរច្បាប់អន្តរជាតិដែលសាជីវកម្មទាំងអស់ ប្រព្រឹត្តបទឧក្រិដ្ឋត្រូវតែនាំខ្លួនមកកាត់ក្តី”។
ទោះបីជាបានដាក់ពាក្យបណ្តឹងតែម្នាក់ឯង និងប្រឈមមុខយ៉ាងក្លាហាននឹងសាជីវកម្មគីមីចំនួន ១៤ ក៏ដោយ ប៉ុន្តែការតស៊ូរបស់លោកស្រី ជិន តូ ង៉ា មិនមែនជាការតស៊ូតែម្នាក់ឯងនោះទេ។ លោកស្រីទទួលបានការគាំទ្រមិនត្រឹមតែពីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំរាប់លាននាក់ និងអង្គការក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហគមន៍អន្តរជាតិក៏បានឡើងសំឡេងដើម្បីដំណើការទាមទារយុត្តិធម៌របស់លោកស្រី។
“យើងកោតសរសើរយ៉ាងខ្លាំងចំពោះលោកស្រី ជិន តូ ង៉ា ចំពោះការតស៊ូរទាមទារយុត្តិធម៌ប្រឆាំងនឹងសាជីវកម្មគីមីដែលអូសបន្លាយអស់រយៈពេល ១៧ ឆ្នាំមក។ យើងកោតសរសើរយ៉ាងខ្លាំងចំពោះការតស៊ូរបស់លោកស្រីចំពោះជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ”។
បណ្តឹងរបស់លោកស្រី ជិន តូ ង៉ា បានចូលដល់ដំណាក់កាលសំខាន់មួយ ប៉ុន្តែ ត្រូវរង់ចាំពី ៦ ដល់ ១២ខែទៀតទើបមានសាលក្រម។ យ៉ាងណាមិញ ក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះ លោកស្រីបានសម្រេចរឿងមួយគឺ៖ និយាយចេញនូវសំឡេងរបស់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ និងស្នាមរបួសដែលពួកគេបានរងទុក្ខ ប៉ុន្តែពួកគេមិនមែនជាមនុស្សដែលនឹងបោះបង់ចោល ឬដកថយនោះទេ។
“ការតស៊ូនេះមិនគួរត្រូវបានមើលឃើញថា គ្រាន់តែជារបស់ ជិន តូ ង៉ា នោះទេ គួរតែត្រូវបានមើលឃើញថា ជាការទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារសារធាតុគីមីពុលពណ៌លឿងទុំ មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញពិភពលោកទៀតផង។ នោះជាសេចក្តីប្រាថ្នាមួយ។ សេចក្តីប្រាថ្នាទីពីររបស់ខ្ញុំគឺស្វែងរកជំនួយសម្រាប់ជនរងគ្រោះដោយសារសារធាតុគីមីពុលពណ៌លឿងទុំ។ នៅពេលដែលខ្ញុំចាប់ផ្តើមតែម្នាក់ឯង មិនមានមនុស្សច្រើនទេដែលដឹងថា សារធាតុគីមីពុលពណ៌លឿងទុណជាអ្វី។ ឥឡូវនេះ នៅពេលដែលយើងនិយាយអំពីសារធាតុគីមីពុលពណ៌លឿងទុំគឺគេយល់ហើយ។ នោះជាជ័យជម្នះរបស់យើង”។
ជាមួយនឹងបាវចនាអត់ធ្មត់ ក្លាហាន ក្តីសង្ឃឹម និងការតាំងចិត្តដ៏រឹងមាំ លោកស្រី ជិន តូ ង៉ា មិនដែលដកថយក្នុងដំណើររបស់ខ្លួនដើម្បីស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដោយ សារ សារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ឡើយ ទោះបីជាប្រឈមមុខនឹងការលំបាករាប់មិនអស់ក៏ដោយ។ ឈានដល់វ័យអាយុ ៨៤ ឆ្នាំ ជាមួយនឹងសុខភាពធ្លាក់ចុះ បំណងប្រាថ្នាដ៏ធំបំផុតរបស់លោកស្រីគឺមានសាលក្រមល្អប្រសើរ។ ពីជីវិតផ្ទាល់ខ្លួន និងដំណើរដ៏លំបាក លោកស្រីបានបង្ហាញសារថា ជីវិតដ៏ល្អដែលយើងមានសព្វថ្ងៃនេះ គឺជាលទ្ធផលនៃការលះបង់របស់មនុស្សជំនាន់មុន។ ដូច្នេះ សូមឲ្យយើងថែរក្សាវ ហើយប្រើប្រាស់ចិត្តមេត្តាករុណារបស់យើង ដើម្បីជួយអ្នកដែលស្ថិតក្នុងស្ថានភាពលំបាក ជាពិសេសជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ដើម្បីឱ្យពួកគេអាចមានជីវិតកាន់តែប្រសើរជាង៕
- លោកស្រី ជិន តូង៉ា កើតនៅឆ្នាំ ១៩៤២ គឺជាអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានរំដោះនៅសមរភូមិភាគខាងត្បូង។ ក្នុងអំឡុងពេលបំពេញការងារជាអ្នកយកព័ត៌មាននៅសមរភូមិ លោកស្រីបានរង់ប៉ះពាល់នឹងសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ដោយយោធាអាមេរិករោយចុះ។
- កូនចម្បងរបស់លោកស្រីបានស្លាប់នៅអាយុ ១៧ ខែ ហើយកូនទីពីររបស់គាត់មានជំងឺថាឡាសសេមី (Thalassemia)។ នៅឆ្នាំ ១៩៩៣ លោកស្រី ជិន តូង៉ា បានផ្លាស់ទៅរស់នៅប្រទេសបារាំង ដោយក្លាយជាពលរដ្ឋបារាំង ប៉ុន្តែនៅតែរក្សាសញ្ជាតិវៀតណាមរបស់ខ្លួន។
- ក្នុងខែឧសភា ឆ្នាំ ២០០៩ លោកស្រីបានផ្តល់សក្ខីកម្មនៅតុលាការ មនសិការអន្តរជាតិ ដើម្បីជនរងគ្រោះដោយសារធាតុគិមីពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម នៅទីក្រុងប៉ារីស ប្រទេសបារាំង។
- នៅឆ្នាំ ២០១៤ លោកស្រីបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនគីមីអាមេរិកចំនួន ១៤ (ដំបូងឡើយមានក្រុមហ៊ុនចំនួន ២៦ ដែលក្រោយមកមានក្រុមហ៊ុនចំនួន ១២ បានឈប់ដំណើរការ) នៅតុលាការ Evry (ជាយក្រុងប៉ារីស) ជាកន្លែងដែលលោកស្រីរស់នៅ។
- នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ តុលាការ Evry បានសម្រេចថា ខ្លួនខ្វះយុត្តាធិការ ដោយលើកឡើងពីអភ័យឯកសិទ្ធិពីយុត្តាធិការចំពោះក្រុមហ៊ុនគីមីដែលធ្វើសកម្មភាពតាមសំណើររបស់រដ្ឋាភិបាលអាមេរិក។
- នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤៖ តុលាការឧទ្ធរណ៍ទីក្រុងប៉ារីសបានចេញសេចក្តីសម្រេចមួយដែលស្របនឹងតុលាការ Evry។
- នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ តុលាការ Cassation បារាំងបានបើកសវនាការពិនិត្យឡើងវិញ ដើម្បីពិនិត្យមើលតួនាទីរបស់សាជីវកម្មគីមីអាមេរិកក្នុងការបង្កើតសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន។
- នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ តុលាការ Cassation បារាំងបានសម្រេចចិត្តផ្ទេរបណ្តឹងរបស់លោកស្រី ជិន តូ ង៉ា ប្រឆាំងនឹងសាជីវកម្មគីមីអាមេរិកទាក់ទងនឹងជាតិពុលពណ៌លឿងទុំទៅកាន់សភាជាន់ខ្ពស់។ នេះគឺជាកម្រិតតុលាការខ្ពស់បំផុត ដែលនាំមកនូវជំហានថ្មីមួយទៅមុខ និងក្តីសង្ឃឹមក្នុងដំណើរដ៏វែងឆ្ងាយរបស់លោកស្រីដើម្បីស្វែងរកយុត្តិធម៌។








