សព្វថ្ងៃនេះ ទីធ្លាសាលាមត្តេយ្យថាញ់ហាកំពុងមមាញឹកដោយសំឡេងម៉ាស៊ីន និងកម្មករសំណង់...។ នៅលើគ្រឹះសាលាចាស់ អគារថ្មីមួយកំពុងត្រូវបានសាងសង់ឡើង។ ផ្នែកនីមួយៗនៃអគារដែលចាប់ផ្តើមមានរូបរាងបន្តិចម្តងៗ ក៏នាំមកនូវក្តីសង្ឃឹមកាន់តែច្រើនដល់គ្រូបង្រៀនដែលផ្សាភ្ជាប់នៅទីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកគ្រូ ជិន ធី ង្វៀត បានចែករំលែកថា៖ “កាលពីមុននេះ សាលារៀននេះមានទីតាំងស្ថិតនៅតំបន់ភ្នំដាច់ស្រយាលមួយ ឆ្ងាយពីផ្លូវធំ ដែលធ្វើឱ្យការដឹកជញ្ជូនមានការលំបាកខ្លាំង។ សម្ភារៈក៏អន់ និងទ្រុឌទ្រោមផងដែរ។ ជាមួយនឹងគម្រោងនេះដែលត្រូវបានអនុវត្ត កុមារនឹងអាចសិក្សានៅក្នុងសាលាដ៏ធំទូលាយ និងស្រស់ស្អាត ហើយសំខាន់បំផុត គឺជៀសវាងការលំបាកបណ្តាលពីព្យុះ និងទឹកជំនន់ដែលបានធ្វើទុក្ខបុកម្នេញពួកគេអស់រយៈពេលជាច្រើនឆ្នាំមក”។
នៅតំបន់ព្រំដែនវៀតណាម-ឡាវ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ការបង្រៀន និងការរៀនសូត្ររបស់គ្រូបង្រៀន និងសិស្សនៅសាលាមត្តេយ្យថាញ់ហា ត្រូវបានរងផលប៉ះពាល់ដោយស្ថានភាពធម្មជាតិនៃតំបន់នេះ។ ពីរដងក្នុងមួយឆ្នាំ "ការរត់គេចពីទឹកជំនន់" បានក្លាយជាទម្លាប់ស៊ាំសម្រាប់គ្រូបង្រៀន និងប្រជាជនក្នុងតំបន់។ អ្នកស្រី ឡូ ធី ហ៊ើយ ជាជនម្នាក់នៅឃុំគីមបាង បានរៀបរាប់ថា៖ “ទីតាំងនេះស្ថិតនៅតំបន់ទំនាប ដូច្នេះក្នុងរដូវវស្សា សិស្សមានការលំបាកខ្លាំងណាស់ក្នុងការទៅសាលារៀន។ ក្នុងរដូវទឹកជំនន់ គ្រូបង្រៀនត្រូវរត់គេចពីទឹកជំនន់ ដោយរើសម្ភារៈបង្រៀនទៅកាន់កន្លែងខ្ពស់ ប៉ុន្តែទឹកបានឡើងលឿនពេក ហើយពួកគេស្ទើរតែមិនអាចរត់គេចខ្លួនបានទាន់ពេលវេលា ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិសឹងតែទាំងអស់”។
សំឡេងអបអរសាទរនៅក្នុងពិធីបើកការដ្ឋានដែលបានធ្វើឡើងនៅថ្ងៃទី ១០ ខែកក្កដា បានគូសសញ្ញាសម្គាល់ការចាប់ផ្តើមនៃគម្រោងដ៏សំខាន់មួយសម្រាប់សហគមន៍ក្នុងតំបន់ ។ សាលាមត្តេយ្យថាញ់ហា គឺជាគម្រោងមួយក្នុងចំណោមគម្រោងដែលបានក្រសួងការពារប្រទេសវៀតណាមប្រគល់ជូន ក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារព្រំដែនវៀតណាម-ឡាវលើកទីបី ឆ្នាំ ២០២៦ ដែលបានធ្វើឡើងនៅដើមខែកក្កដា។ តំណាលងម្ចាស់វិនិយោគ លោកវរសេនីយ៍ឯក ជិន ក្វាង ជុង ស្នងការនយោបាយនៃកងការពារព្រំដែនខេត្តង៉េអាន បានឲ្យដឹងថា៖ “គម្រោងនេះមានការវិនិយោគសរុបចំនួន ៣០ ពាន់លានដុង (ជិត ១,១៤ លានដុល្លារអាមេរិក) ជាមួយនឹងទម្រង់អគារពីរជាន់ចំនួន ២ ដែលមានផ្ទៃក្រឡាសរុប ១.៦៤៦ម៉ែត្រការ៉េ។ អគារនេះរួមមានបន្ទប់ចំនួន ១៣ ដែលមានកន្លែងមុខងារពេញលេញ ក្នុងនោះមានថ្នាក់រៀន និងថ្នាក់ឯកទេសសម្រាប់ការអប់រំកាយ សិល្បៈ និងតន្ត្រី។ គម្រោងនេះនឹងត្រូវដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ សម្រាប់បម្រើដល់ការថែទាំប្អូនៗកុមារ”។
ការសាងសង់សាលាមត្តេយ្យថាញ់ហាមិនត្រឹមតែរួមចំណែកដល់ការកែលម្អលក្ខខណ្ឌសិក្សាសម្រាប់កុមារនៅតំបន់ព្រំដែនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងការពារប្រទេស ចំពោះជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នៅមានការលំបាកច្រើននេះ។ ហើយនេះក៏ជាសកម្មភាពសេវាកម្មសហគមន៍មួយដែលត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្តូរមិត្តភាពការពារព្រំដែនវៀតណាម-ឡាវលើកទីបី តាមនោះ រួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ អាជ្ញាធរមូលដ្ឋាននិងប្រជាជន ដោយកសាងតំបន់ព្រំដែនដ៏សុខសាន្ត ស្ថិរភាព និងអភិវឌ្ឍន៍។
សាលារៀនថ្មី ដែលនៅពេលសាងសង់រួច នឹងក្លាយជាកន្លែងដែលកុមារតូចៗនឹងចំណាយពេលនៅវ័យកុមារភាពរបស់ពួកគេ។ ហើយសម្រាប់ក្មេងតូច ង្វៀន លេ ហ្វៀន ត្រាង ការរំពឹងទុករបស់ប្អូនគឺសាមញ្ញណាស់។
“ខ្ញុំចង់មានសាលារៀនដ៏ធំមួយ ជាមួយនឹងប្រដាប់ក្មេងលេងច្រើនជាង ហើយសាលាគ្មានការលេចធ្លាយ ឬភ្លៀងធ្លាក់ទៀតទេ”។
បំណងប្រាថ្នាដ៏បរិសុទ្ធទាំងនេះក៏ជាអ្វីដែលគ្រូបង្រៀនសង្ឃឹមថានឹងក្លាយជាការពិតក្នុងពេលឆាប់ៗនេះ នៅពេលដែលការសាងសង់ត្រូវបានបញ្ចប់ ហើយគម្រោងសាលាត្រូវដាក់ឱ្យប្រើប្រាស់។ លោកគ្រូ ហ្វាម ធិ ហ្វៀន សាលាមត្តេយ្យ ថាញ់ ហា បានចែករំលែកថា៖ "លោកគ្រូ អ្នកគ្រូនៅសាលាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានបង្រៀននៅសាលាថ្មី។ កុមារទាំងអស់នឹងអាចសិក្សានៅសាលាថ្មីដែលមានបន្ទប់ពហុមុខងារ ដែលអនុញ្ញាតឱ្យពួកគេមានភាពសកម្ម និងអភិវឌ្ឍខ្លួនឯងបន្ថែមទៀត។ យើងនឹងខិតខំថែទាំ និងអប់រំកុមារ ដើម្បីឱ្យពួកគេធំឡើងជាពលរដ្ឋមានប្រយោជន៍ និងបន្តមរតករបស់ដូនតា ដោយលើកកម្ពស់មិត្តភាពរវាងប្រទេសទាំងពីរ"។
សម្រាប់ក្រុមប្រឹក្សាភិបាលគ្រប់គ្រងសាលា ទិដ្ឋភាពដែលមានអត្ថន័យបំផុតមិនត្រឹមតែជាមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីកែលម្អគុណភាពនៃការថែទាំកុមារ និងការអប់រំនៅក្នុងតំបន់ផងដែរ។ អ្នកស្រី ជិន ធិ ទ្វៀត នាយិកាសាលា បានឲ្យដឹងថា៖ “សាលាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ពោរពេញដោយអារម្មណ៍ ដែលទទួលបានអគារសិក្សាដែលសាងសង់តាមស្តង់ដារជាតិកម្រិត ២ ពីក្រសួងការពារប្រទេស ដើម្បីកែលម្អគុណភាពនៃការបង្រៀន និងការរៀនសូត្រ។ ក្នុងពេលជាមួយគ្នានេះ សាលាក៏បម្រើជាជម្រកពីព្យុះ និងទឹកជំនន់សម្រាប់ប្រជាជនក្នុងតំបន់ផងដែរ”។
ចាប់ពីឥដ្ឋដំបូងៗមក សាលារៀនថ្មីនេះមិនត្រឹមតែសាបព្រួសក្តីសង្ឃឹមសម្រាប់បរិយាកាសសិក្សាដែលមានសុវត្ថិភាព និងធំទូលាយជាងសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជាទីបង្អែកសម្រាប់ប្រជាជនក្នុងរដូវវស្សា និងទឹកជំនន់ផងដែរ។
នៅក្នុងតំបន់មួយដែលនៅតែប្រឈមមុខនឹងការលំបាកជាច្រើនដូចជា ថាញ់ ហា ការកែលម្អគ្រប់បែបយ៉ាងក្នុងការអប់រំមានសារៈសំខាន់យូរអង្វែងសម្រាប់គ្រួសារ និង សហគមន៍។ ជាពិសេស ការពិតដែលថា អគារនេះត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយក៏ផ្តល់ឱ្យប្រជាជននូវការគាំទ្របន្ថែមក្នុងអំឡុងពេលរដូវវស្សា និងទឹកជំនន់ផងដែរ។ ពីសាលារៀនសម្រាប់កុមារតូចៗ អគារនេះកំពុងក្លាយជាលំហររួមសម្រាប់សហគមន៍ទាំងមូល ជាកន្លែងដែលតម្លៃនៃការអប់រំ ការចែករំលែក និងសាមគ្គីភាពរវាងកងទ័ព-ប្រជាជន ត្រូវបានពូនជ្រុំពីមួយថ្ងៃទៅមួយថ្ងៃ៕








