ក្នុងចំណោមគំរូឆ្អឹងរាប់ពាន់ដែលត្រូវបានរក្សាទុកយ៉ាងយកចិត្តទុកដាក់នៅក្នុងបន្ទប់ផ្ទុកគំរូ ខ្លះមានតែបំណែកឆ្អឹងតូចៗមួយចំនួនតូចប៉ុណ្ណោះ ដោយសារតែត្រូវបានកប់នៅក្រោមដីអស់រយៈពេលជាងកន្លះសតវត្សមកហើយ។ អ្វីដែលនៅសេសសល់ក្នុងឆ្អឹងគឺមានតែ DNA ដែលបែកខ្ញែកប៉ុណ្ណោះ។ នេះក៏ជាមូលហេតុដែលការកំណត់អត្តសញ្ញាណយុទ្ធជនពលី នៅតែជាបញ្ហាដ៏លំបាកបំផុតមួយនៅក្នុងវិទ្យាសាស្ត្រកោសល្យវិច្ច័យ។ សាស្ត្រាចារ្យ ជូ ហ័ងហា អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បានបញ្ជាក់ថា៖ “ដំណើរការបច្ចេកវិទ្យាថ្មីនេះប្រើប្រាស់សញ្ញាសម្គាល់នុយក្លេអូទីត (nucleotide) ទោល ស្ថិតនៅលើ DNA ក្រូម៉ូសូមរបស់មនុស្ស។ វិធីសាស្ត្រនេះប្រើប្រាស់សញ្ញាសម្គាល់មួយចំនួនធំ ពោលគឺជាង ៥.០០០ សញ្ញាសម្គាល់។ លើសពីនេះ វិធីសាស្ត្រពិនិត្យលំដាប់ជំនាន់ថ្មី ជួយការកំណត់អត្តសញ្ញាណ DNA នៃអដ្ឋិធាតុយុទ្ធជនពលីទៅកាន់កម្រិតថ្មីមួយ។ យើងអាចប្រៀបធៀបជាមួយសាច់ញាតិមានសាច់សារលោហិតរបស់យុទ្ធជនពលីរហូតដល់ជំនាន់ទីបួន។ សូម្បីតែ DNA ដែលបែកខ្ញែកក៏អាចត្រូវបានប្រើសម្រាប់ការកំណត់អត្តសញ្ញាណផងដែរ។ នេះគឺជាជំហានដ៏ធំមួយទៅមុខ ដោយបើកដំណោះស្រាយចំពោះបញ្ហានៃការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីនៅវៀតណាម។”
ដើម្បីសម្រេចបាននូវដំណើរការនេះ អ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលមិនត្រឹមតែទទួលបានបច្ចេកវិទ្យាពីគណៈកម្មការអន្តរជាតិ ស្តីពីមនុស្សបាត់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវស្រាវជ្រាវ កែសម្រួល និងបង្កើនប្រសិទ្ធភាពដំណើរការទាំងមូលឱ្យសមស្របទៅនឹងលក្ខខណ្ឌនៃគំរូអដ្ឋិធាតុនៅវៀតណាម។ លោកបណ្ឌិត ជិន ជុងថាញ់ នាយកមជ្ឈមណ្ឌលកំណត់អត្តសញ្ញាណ DNA វិទ្យាស្ថានជីវវិទ្យា បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានឲ្យដឹងថា៖ "យើងមានសិទ្ធិចូលប្រើដំណើរការបច្ចេកវិទ្យាថ្មីមួយដែលបានផ្ទេរពីអ្នកវិទ្យាសាស្ត្រអន្តរជាតិនៃគណៈកម្មការអន្តរជាតិស្តីពីមនុស្សបាត់ខ្លួន។ នេះគឺជាអង្គភាព ឈានមុខគេក្នុងការស្រាវជ្រាវផ្នែកកោសល្យវិច្ច័យ។ ប៉ុន្តែ សម្រាប់ប្រទេសវៀតណាម លក្ខខណ្ឌទាក់ទងនឹងគំរូអដ្ឋិធាតុយុទ្ធជនពលី គឺមានលក្ខណៈជាក់លាក់ ហើយអាចនិយាយបានថា ពិបាកបំផុតនៅក្នុងពិភពលោក។ ដូច្នេះ ស្ទើរតែមិនអាចទៅរួចទេក្នុងការអនុវត្តនីតិវិធីដែលមានស្រាប់។ អ្នកវិទ្យាសាស្ត្របានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្កើនប្រសិទ្ធភាពបច្ចេកវិទ្យានេះ។ នេះគឺជាជំហានដ៏សំខាន់មួយពីការស្រាវជ្រាវជាមូលដ្ឋានទៅជាបច្ចេកវិទ្យាដែលអាចអនុវត្តបានក្នុងការអនុវត្តស្ថានភាពជាក់ស្តែង”។
នៅឈាបនដ្ឋានយុទ្ធជនពលី ត្រាលីញ (ខេត្ត កាវ បាំង) បច្ចេកវិទ្យាថ្មីនេះត្រូវបានអនុវត្តលើគំរូអដ្ឋិធាតុជាក់ស្តែង ហើយបានកំណត់អត្តសញ្ញាណករណីដែលត្រូវគ្នានឹងសាច់ញាតិក្នុងជំហានដំបូង។ ថ្មីៗនេះ ដំណើរការនេះត្រូវបានអនុវត្តន៍នៅឈាបនដ្ឋានយុទ្ធជនពលី រុង រៀថ ក្នុងខេត្ត អាន យ៉ាង ដោយមានគំរូអដ្ឋិធាតុចំនួន ១.០០០ ដែលត្រូវបានប្រមូលសម្រាប់ការកំណត់អត្តសញ្ញាណ។ ទោះជាយ៉ាងណាក៏ដោយ សមត្ថភាពកំណត់អត្តសញ្ញាណនៅតែត្រូវការបង្កើនដើម្បីបំពេញតាមតម្រូវការនៃយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់។ លោក វូ អាញ ទួន អ្នកជំនាញនៅមជ្ឈមណ្ឌលកំណត់អត្តសញ្ញាណ DNA បានឲ្យដឹងថា៖ "បច្ចេកវិទ្យាថ្មីៗតែងតែដើរទន្ទឹមនឹងតម្រូវការខ្ពស់លើជំនាញវិទ្យាសាស្ត្រ និងបច្ចេកទេស។ ដូច្នេះ កត្តាមនុស្សមានអត្ថន័យសម្រេចចំពោះការធ្វើជាម្ចាស់លើ បច្ចេក វិទ្យា។ ដើម្បីអនុវត្តដំណើរការថ្មីៗ យើងបានរៀបចំធនធានមនុស្សយ៉ាងសកម្ម។ អ្នកបច្ចេកទេស និងអ្នកជំនាញត្រូវបានបណ្តុះបណ្តាល និងអប់រំទាំងក្នុងនិងក្រៅប្រទេស ត្រៀមខ្លួនទទួល ធ្វើជាម្ចាស់ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រាល់ដំណើការបច្ចេកវិទ្យាជឿនលឿន”។
យោងតាមសមត្ថភាពបច្ចុប្បន្ន មជ្ឈមណ្ឌលធ្វើតេស្ត DNA អាចដំណើរការគំរូប្រហែល ៤.០០០ ក្នុងមួយឆ្នាំ ដោយប្រើវិធីសាស្ត្រ DNA មីតូខនឌ្រី និងប្រហែល ១.០០០ ករណីដោយប្រើបច្ចេកវិទ្យាថ្មីៗ។ ទន្ទឹមនឹងនេះ ចំនួនអដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់ស្គាល់អត្តសញ្ញាណ នៅតែមានច្រើន។ ដើម្បីបំពេញតម្រូវការជាក់ស្តែង ក្រៅពីការវិនិយោគលើឧបករណ៍ទំនើប និងដំណើរការស្វ័យប្រវត្តិកម្ម ប្រការសំខាន់ គឺការបំពេញមូលដ្ឋានទិន្នន័យ DNA របស់សាច់ញាតិយុទ្ធជនពលីនឹងជួយបង្កលក្ខណៈកាត់បន្ថយពេលវេលាផ្គូផ្គង និងបង្កើនភាពត្រឹមត្រូវនៃការកំណត់អត្តសញ្ញាណ។ លោកសាស្ត្រាចារ្យ ជូ ហ័ង ហា អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បានឲ្យដឹងថា៖ "ដើម្បីសម្រេចគោលដៅនៃយុទ្ធនាការ ៥០០ថ្ងៃទាំងយប់ឲ្យបានរហ័ស និងអាចទុកចិត្តបាន យើងត្រូវប្រមូលសំណាកជីវសាស្រ្តរបស់យុទ្ធជនពលីយ៉ាងឆាប់រហ័ស ហើយរក្សាទុកនៅក្រោមលក្ខខណ្ឌស្តង់ដារ ដើម្បីកុំឲ្យសំណាកទាំងនោះមិនត្រូវរលួយ។ យើងត្រូវកសាងមូលដ្ឋានទិន្នន័យ DNA របស់សាច់ញាតិយុទ្ធជនពលី”។
នៅពេលដែលបច្ចេកវិទ្យាត្រូវបានស្ទាត់ជំនាញ ប្រភពធនធានមនុស្សនៅតែបន្តពង្រឹង ហើយមូលដ្ឋានទិន្នន័យ DNA កាន់តែពេញលេញ ដំណើរនៃការកំណត់អត្តសញ្ញាណវីរយុទ្ធជននឹងមានមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រកាន់តែរឹងមាំ។ នោះក៏ជារបៀបដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសព្វថ្ងៃនេះ រួមចំណែកដល់ការពង្រីកប្រពៃណី “ផឹកទឹកនឹកដល់ប្រភពដើម” របស់ប្រទេសជាតិ៕








