ក្នុងនាមជាខេត្តមួយដែលមានទីតាំងស្ថិតនៅតំបន់ភាគកណ្តាលប៉ែកខាងជើង ខេត្តថាញ់ហ័រមានសីតុណ្ហភាពខ្ពស់ និងពន្លឺថ្ងៃច្រើន ជាលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ។ អ្នកស្រី ឡេ ធីង៉ា មកពីសង្កាត់ហាកថាញ់ ខេត្តថាញ់ហ័រ បានឲ្យដឹងថា គ្រួសាររបស់លោកស្រីបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ អស់រយៈពេល ៥ ឆ្នាំមកហើយ និងទទួលបានលទ្ធផលវិជ្ជមានយ៉ាងខ្លាំង។
«ចាប់តាំងពីដំឡើងថាមពលពន្លឺព្រះអាទិត្យមក វិក្កយបត្រអគ្គិសនីប្រចាំខែរបស់គ្រួសារខ្ញុំបានធ្លាក់ចុះប្រហែលពាក់កណ្តាល ហើយយើងអាចលក់បានប្រហែល ២០% ទៅឱ្យក្រុមហ៊ុនអគ្គិសនីវិញ។ យើងបានដំឡើងប្រហែល ៣,១ kWp (kilowat-peak) ហើយនៅរដូវក្តៅ យើងប្រើប្រាស់ម៉ាស៊ីនត្រជាក់ចំនួនពីរ ទូរទឹកកកមួយ និងទូរទស្សន៍មួយទៀត។ មុនពេលដំឡើងថាមពលពន្លឺព្រះអាទិត្យ យើងត្រូវចំណាយពី ១ ដល់ ១,៥ លានដុងក្នុងមួយខែលើថ្ងៃអគ្គិសនី ប៉ុន្តែឥឡូវនេះ យើងត្រូវចំណាយប្រហែល ៧០០.០០០ ដុងប៉ុណ្ណោះ»។
នៅពេលដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ គ្រួសារ និងអាជីវកម្មអាចម្ចាស់ការគ្រប់គ្រងការផ្គត់ផ្គង់អគ្គិសនី ដោយកាត់បន្ថយថ្លៃអគ្គិសនីប្រចាំខែយ៉ាងច្រើន ជាពិសេសសម្រាប់អ្នកដែលប្រើប្រាស់អគ្គិសនីច្រើន។ លើសពីនេះ បន្ទះសូឡានៅលើដំបូលផ្ទះក៏រួមចំណែកដល់ការការពារកំដៅថ្ងៃ សម្រាប់អគារផងដែរ។ បច្ចុប្បន្ន ការដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះគឺមានតម្លៃទាប និងងាយស្រួលជាងមុន ហើយក៏ប្រើប្រាស់ប្រភពថាមពលស្អាត និងប្រកបដោយចីរភាពផងដែរ។ តាមពិតទៅ ដោយសារតែសីតុណ្ហភាពសកលមាននិន្នាការកើនឡើង ការដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់អតិថិជន ផ្នែកថាមពលអគ្គិសនី និងបរិស្ថាន។ លោក ឡេ ថាញ់បិញ អនុប្រធានក្រុមហ៊ុនអគ្គិសនីថាញ់ហ័របានថ្លែងថា៖ «ក្រៅពីកម្មវិធីសន្សំសំចៃអគ្គិសនី យើងខ្ញុំក៏យកចិត្តទុកដាក់លើកម្មវិធីដំឡើងថាមពលពន្លឺព្រះអាទិត្យផងដែរ។ នាពេលអនាគត យើងនឹងលើកទឹកចិត្តអតិថិជនឱ្យដំឡើងថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលការិយាល័យ ទីភ្នាក់ងាររដ្ឋាភិបាល រោងចក្រជាដើម។ ចំពោះបុគ្គលិក និងកម្មករនៃផ្នែកថាមពលអគ្គិសនីថាញ់ហ័រទាំង ១០០% នឹងចូលរួមក្នុងកម្មវិធីដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ ហើយមកទល់ពេលនេះ កម្មវិធីត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅគ្រប់សាខាទាំងអស់របស់ក្រុមហ៊ុនថាមពលថាញ់ហ៍រ»។
មិនត្រឹមតែនៅខេត្តថាញ់ហ័រប៉ុណ្ណោះទេ គ្រួសារជាច្រើននៅក្នុងតំបន់ផ្សេងទៀតបានវិនិយោគលើការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ ដោយសារតែថ្លៃដើមបានថយចុះគួរឱ្យកត់សម្គាល់ ប្រហែល ៤០-៥០% បើធៀបនឹងរយៈពេល ៥ឆ្នាំមុន ហើយបច្ចេកវិទ្យាកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ អ្នកជំនាញថាមពលលោក ហា ដាំងសឺន បានចាត់ទុកថា៖ «ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះមានគុណសម្បត្តិជាច្រើនដូចជា៖ ប្រភពថាមពលស្អាត ងាយស្រួលដំឡើង មានរយៈពេលសងត្រលប់វិញ យ៉ាងឆាប់រហ័ស និងបំពេញតាមការសន្យារបស់រដ្ឋាភិបាលវៀតណាមស្តីពីអាកាសធាតុ។ ទិន្នផលជាអតិបរមាគឺស្របនឹងពេលវេលាដែលមានអាកាសធាតុក្តៅខ្លាំង ដូច្នេះហើយ បានរួមចំណែកដល់ការកាត់បន្ថយសម្ពាធលើការផ្គត់ផ្គង់អគ្គិសនីសម្រាប់តម្រូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់»។
សារាចរណ៍លេខ ០៩ និង ១០ របស់នាយករដ្ឋមន្ត្រីនាពេលថ្មីៗនេះ ស្តីពីការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព បានសង្កត់ធ្ងន់លើតួនាទីនៃការផ្លាស់ប្តូរថាមពល និងការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ ដើម្បីរួមចំណែកដល់ការធានាសន្តិសុខថាមពលសម្រាប់កំណើនពីរខ្ទង់ ដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍប្រកបដោយចីរភាព។ លោក ត្រិន ហយ ត្រាង អនុប្រធាននាយកដ្ឋានអគ្គិសនី ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានឲ្យដឹងថា ផែនការអភិវឌ្ឍន៍ថាមពលទី ៨ បានកំណត់គោលដៅរហូតដល់ឆ្នាំ ២០៣០ នឹងមានអគារការិយាល័យចំនួន ៥០% និងផ្ទះចំនួន ៥០% ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ។ គោលដៅនេះបានកំណត់សារៈសំខាន់នៃថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ ក្នុងការធានាសន្តិសុខនៃប្រភពផ្គត់ផ្គង់អគ្គិសនី។ លោក ត្រិន ហយ ត្រាង បានសង្កត់ធ្ងន់ថា៖ «ដើម្បីឆ្លៀតយកថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះប្រកបដោយប្រសិទ្ធភាព ក្រៅពីយន្តការ និងគោលនយោបាយដែលបង្កើតលក្ខខណ្ឌ និងជំរុញការអភិវឌ្ឍ ដែលនឹងចេញផ្សាយនាពេលខាងមុខ ចាំបាច់ត្រូវបន្តស្រាវជ្រាវបទប្បញ្ញត្តិស្តីពីការសម្របសម្រួលប្រព័ន្ធអាគ្គិសនី ដើម្បីគ្រប់គ្រង ឆ្លៀតយក ដំណើរការប្រកបដោយស្ថេរភាព ប្រសិទ្ធិភាព និងនិរន្តរភាពនូវប្រភពថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ។ ជាពិសេស ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបន្តស្រាវជ្រាវគឺដើម្បីស្នើឡើងនូវបទប្បញ្ញត្តិ និងគោលនយោបាយទាក់ទងនឹងការដំឡើងប្រព័ន្ធស្ទុកទុកថាមពល(BESS) ដែលភ្ជាប់ជាមួយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ ដើម្បីបង្កើនស្ថេរភាព និងម្ចាស់ការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ»។
នៅឆ្នាំ ២០៣០ ប្រសិនបើសម្រេចបាននូវសូចនាករដូចមានចែងក្នុងផែនការមេអគ្គិសនីទី VIII គឺមានគ្រួសារប្រមាណ ១៤ លានគ្រួ ចូលរួមផ្គត់ផ្គង់អគ្គិសនីទៅក្នុងប្រព័ន្ធអគ្គិសនីជាតិ ដោយគ្រួសារនីមួយៗផលិតបានប្រហែល ៣ kWp ក្នុងមួយប្រព័ន្ធ នោះថាមពលព្រះអាទិត្យលើដំបូលផ្ទះត្រូវបានប៉ាន់ប្រមាណឈានដល់ ១២% នៃសមត្ថភាពសរុបរបស់ប្រព័ន្ធអគ្គិសនីទាំងមូល។ នេះគឺជាប្រភពថាមពលដ៏ធំធេង ដែលត្រូវបានប្រើប្រាស់នៅនឹងកន្លែង ដោយមិនបង្កើនប្រព័ន្ធបញ្ជូនអគ្គិសនី និងមិនបង្កើនការចំណាយលើការបាត់បង់ថាមពលដោយសារការបញ្ជូនរយៈចម្ងាយឆ្ងាយ។ នៅពេលនោះ ថាមពលព្រះអាទិត្យលើដំបូលផ្ទះនឹងក្លាយជាប្រភពថាមពលដ៏សំខាន់ ដែលរួមចំណែកដល់ការធានាកំណើនសេដ្ឋកិច្ចក្នុងដំណាក់កាល ២០២៦-២០៣០៕








