គម្រោងផ្លូវដែកល្បឿនលឿនហាណូយ-ក្វាងនិញ ត្រូវបានក្រុមហ៊ុនភាគហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ផ្លូវដែកល្បឿនលឿន VinSpeed ​​(Vingroup) ជាម្ចាស់វិនិយោគ ដោយមានទុន​វិនិយោគសរុបជាង ១៤៧.០០០ ពាន់លានដុង (ជាង ៥,៦​ ពាន់លានដុល្លារអាមេរិក)។ គម្រោងនេះមានប្រវែងសរុបប្រហែល ១២០ គីឡូម៉ែត្រ ដែលភ្ជាប់មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចសំខាន់ៗ ដូចជា ទីក្រុង​ហាណូយ ខេត្ត​បាក់និញ ទីក្រុង​ហៃផុង និងខេត្ត​ក្វាងនិញ។ គម្រោងនេះប្រើប្រាស់រថភ្លើងល្បឿនលឿនជំនាន់ថ្មី និងទំនើបបំផុត រួមជាមួយនឹងប្រព័ន្ធទំនាក់ទំនង សញ្ញា និងឧបករណ៍ទំនើបឈានមុខគេលើពិភពលោក ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Siemens Mobility (អាល្លឺម៉ង់) ហើយនឹងផ្ទេរបច្ចេកវិទ្យាឲ្យ​ VinSpeed ​​​​ក្នុងអំឡុងពេលប្រតិបត្តិការជាបណ្ដើរៗ​។​

លោក Nguyen Viet Quang អនុប្រធាននិងជាអគ្គនាយក Vingroup បានចែករំលែកថា គម្រោងដឹកជញ្ជូនដ៏សំខាន់​នេះ គ្រោងនឹងបញ្ចប់​នៅឆ្នាំ ២០២៨ មិនត្រឹមតែរួមចំណែកដល់ការកាត់បន្ថយពេលវេលាធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើត​កម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរវាងទីក្រុងធំៗ តាមនោះ ជំរុញកំណើនអន្តរតំបន់ និង​លើក​កម្ពស់គុណភាពជីវភាពរស់នៅរបស់​ប្រជាជន​។

«​ជាមួយនឹងល្បឿនធ្វើដំណើរដ៏លឿន គម្រោងនេះនឹងបើកចេញប៉ូលតភ្ជាប់ដ៏ប្រកប​ដោយ​ប្រសិទ្ធភាពរវាង​រដ្ឋធានី និងមជ្ឈមណ្ឌលឧស្សាហកម្ម ឡូជីស្ទិក និងទេសចរណ៍នៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើង ដោយរួមចំណែកជំរុញ ពាណិជ្ជកម្ម ការវិនិយោគ និងផ្ទេរកម្លាំងពលកម្មគុណភាពខ្ពស់។ ទន្ទឹមនឹងនោះ ជួយសម្រួលដល់ការអភិវឌ្ឍមូលដ្ឋាន តាម​ទិសដៅ​តភ្ជាប់តំបន់កាន់តែជិតស្និទ្ធ»។

ដោយមានល្បឿនជាអតិបរមារហូតដល់ ៣៥០ km/h ផ្លូវដែកល្បឿនលឿនហាណូយ - ក្វាងនិញ នឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងហាណូយ និងក្វាងនិញ ចំនួន ៥-៧ ដង។ ក្នុងនាមជាផ្លូវដែកល្បឿនលឿនអន្តរតំបន់ដំបូងគេដែលត្រូវបានអនុវត្តនៅវៀតណាម ខ្សែរថភ្លើងហាណូយ - ក្វាងនិញ មិនត្រឹមតែបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់តំបន់សេដ្ឋកិច្ចដ៏​សំខាន់នៅភាគខាងជើង​ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអនុវត្តន៍ការប្តេជ្ញាចិត្ត ក្នុងការកែលម្អសមត្ថភាពប្រកួតប្រជែង​របស់​ជាតិទៀតផង។ លោក ប៊ូយ វ៉ាន់ខាំង (Bùi Văn Khắng)ប្រធានគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ បានឲ្យ​ដឹងថា៖ «នៅពេលដែលគម្រោងផ្លូវដែកល្បឿនលឿន ៣៥០ km/h ត្រូវបានបញ្ចប់ ពេលវេលាធ្វើដំណើរនឹងត្រូវបានកាត់បន្ថយមកត្រឹម ២៥ នាទីប៉ុណ្ណោះ ប្រសិន​បើ​មិនឈប់​នៅស្ថានីយ៍ណាមួយ​។ នេះគឺជាគុណសម្បត្តិប្រកួតប្រជែងដ៏ច្បាស់លាស់ និងជាកត្តាថ្មីមួយដែលបង្កើតឱកាសសម្រាប់ការអភិវឌ្ឍ»​

ការធ្វើដំណើរយ៉ាងឆាប់រហ័ស និងងាយស្រួលរវាងទីក្រុងនានា នឹងបង្កើតលំហសេដ្ឋកិច្ច​ដែល​មា​នទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដែលជួយសហគ្រាស កម្លាំងពលកម្ម​ដែលមានគុណភាពខ្ពស់ និងលំហូរ​ទុនវិនិយោគ ត្រូវ​បាន​អភិវឌ្ឍយ៉ាងខ្លាំងក្លា​។ គោលដៅសំខាន់មួយនៃគម្រោងនេះ គឺដើម្បីជួយខេត្តក្វាងនិញ ជាខេត្តមួយដែលកំពុង​ឆ្ពោះទៅក្លាយជាទីក្រុងចំណុះមជ្ឈិម ឱ្យក្លាយជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងបណ្តាញសេដ្ឋកិច្ចភាគខាងជើង។ ជាពិសេស ជាមួយនឹងការអភិវឌ្ឍវិស័យ​ទេសចរណ៍ ការធ្វើ​ដំណើរ​យ់ាងងាយស្រួល​ជាមួយទីក្រុងហាណូយ និងមូលដ្ឋានផ្សេងទៀត នឹងជួយខេត្តក្វាងនិញ ឱ្យឆ្លៀតយកប្រកប​ដោយ​ប្រសិទ្ធិភាពនូវ​សក្តានុពលទេសចរណ៍នៃឈូងសមុទ្រហាឡុង អៀនទូ និងរមណីយដ្ឋានលំដាប់ខ្ពស់។ លោក ប៊ូយវ៉ាន់ខាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ បានឲ្យដឹងថា ការតភ្ជាប់ដោយផ្ទាល់ជាមួយទីក្រុងហាណូយតាមរយៈផ្លូវដែកល្បឿនលឿន នឹងជួយ​ឱ្យខេត្តក្វាងនិញ ក្លាយជាប៉ូលកំណើនភាគខាងកើតនៃតំបន់ទាំងមូល​។ ទន្ទឹមនឹងនោះ នឹងជួយសម្រួលដល់ការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃលំហសេដ្ឋកិច្ច ទីក្រុង កម្លាំងពលកម្ម និងទេសចរណ៍; អភិវឌ្ឍទេសចរណ៍ និងសេវាកម្មដែលមានគុណភាពខ្ពស់; បង្កើតប៉ូលកំណើនថ្មីនៅក្នុងតំបន់ស្ថានីយ៍រថភ្លើង​ លើក​កម្ពស់ សមត្ថភាព​ទាក់ទាញការវិនិយោគ ធនធានមនុស្សមាន​គុណភាពខ្ពស់ និងកែលម្អគុណភាពជីវភាពរស់នៅរបស់ប្រជាជនយ៉ាងទូលំទូលាយ​។

«យើងបានរាយការណ៍ទៅមជ្ឈិម ឱ្យខេត្តក្វាងនិញស្រាវជ្រាវការវិនិយោគលើខ្សែរថភ្លើងដែលតភ្ជាប់ពីទីក្រុងហៃផុង ទៅទីក្រុងហាឡុង ទីក្រុងម៉ុងកាយ និងតភ្ជាប់ជាមួយទីក្រុងដុងស៊ីង (ចិន) ដែលត្រូវបានរំពឹងថា នឹងក្លាយជាទម្រង់ដឹកជញ្ជូនសម្រាប់ទាំងអ្នកដំណើរ និងទំនិញ។ ខ្ញុំជឿជាក់ថា ទាំងអស់​នេះគឺជាកត្តាអំណោយផលខ្លាំង ដែលទាក់ទងនឹងបរិយាកាសវិនិយោគ និងអាជីវកម្មរបស់ខេត្តនាពេលអនាគត»​។

ខ្សែរថភ្លើងល្បឿនលឿនហាណូយ - ក្វាងនិញ មិនត្រឹមតែឆ្ពោះទៅ​រកការតភ្ជាប់មូលដ្ឋាន តាមរយៈប្រព័ន្ធដឹកជញ្ជូនទំនើបប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតច្រករបៀងសេដ្ឋកិច្ចថ្មី ដោយជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមនៅតំបន់ភាគខាងជើង។ ក្នុងរយៈពេលវែង គម្រោងនេះបើកចេញ​ឱកាសដើម្បីបង្កើតឧស្សាហកម្មផ្លូវដែកទំនើបនៅវៀតណាម ជាមួយនឹងកត្តាទាំងអស់ចាប់ពីផលិតកម្ម បច្ចេកវិទ្យា រហូតដល់ប្រតិបត្តិការ និងការបណ្តុះបណ្តាលធនធានមនុស្ស។ នេះគឺជាវិស័យដែលមានតម្លៃបន្ថែមខ្ពស់ មានសមត្ថភាពរីកសាយភាយយ៉ាងទូលំទូលាយ​​ និងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការ​ធ្វើ​ឧស្សាហូបនីយកម្មរបស់ប្រទេសជាតិ​៕