លក្ខណៈស្រស់ស្អាតនៃព្រះពុទ្ធសាសនា ហ័រហាវ នៅឃុំ ភូតាន់ ខេត្តអានយ៉ាង
23/04/2026 11:52
[VOVWORLD] - ឃុំភូតាន់ (Phu Tan) ខេត្តអានយ៉ាង (An Giang) គឺជាស្រុកកំណើតនៃព្រះពុទ្ធសាសនាហ័រហាវ (Hoa Hao)។

20-26.4-ccl-anh_1.jpg ក្រុមប្រឹក្សាភិបាលវត្តអានហ័រ ឃុំភូតាន់ ខេត្តអានយ៉ាង។ (រូបថត៖ VOV5) សហគមន៍ពុទ្ធសាសនាហ័រហាវនៅទីនេះ ប្រតិបត្តិសាសនា ស្របតាមគោលការណ៍ និងគោលដៅនៃព្រះពុទ្ធសាសនា ហ័រហាវ ហើយត្រូវបានអាជ្ញាធរជួយសម្រួលដល់ការប្រតិបត្តិសាសនា ស្របតាមច្បាប់។ ព្រះពុទ្ធសាសនាហ័រហាវ ត្រូវបានលោក ហ៊ួញ ភូសូ (Huynh Phu So) (ស្ថាបនិក Duc Huynh) បង្កើតឡើងក្នុងឆ្នាំ ១៩៣៩ នៅភូមិ ហ័រហាវ ស្រុកតាន់ចូវ (Tan Chau) ខេត្តចូវដុក (Chau Doc ចាស់) ដែលសព្វថ្ងៃជាឃុំភូតាន់ ខេត្តអានយ៉ាង។ ព្រះពុទ្ធសាសនាហ័រហាវ យកកតញូធម៌ ភក្ដីភាព និងសេចក្ដីស្នេហាជាតិជាគន្លឹះ ហើយមានគោលការណ៍បួសនៅហ្នឹងផ្ទះ។ លោក ប៊ុយ ថាញ់ឡឹម ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ហ័រហាវ នៅមូលដ្ឋាន បានឲ្យដឹងថា៖ “ព្រះពុទ្ធសាសនា ហ័រហាវ យកព្រះពុទ្ធសាសនាជាមូលដ្ឋានគ្រឹះ ដោយរួមបញ្ចូលគ្នាជាមួយនឹងមនោគមន៍វិជ្ជានៃលទ្ធិខុងជឺនិយម និងតៅនិយម ព្រមទាំងមនោគមន៍វិជ្ជាផ្ទាល់ខ្លួនរបស់ស្ថាបនិក Duc Huynh ផងដែរ។ ដូច្នេះ ព្រះពុទ្ធសាសនា ហ័រហាវ គឺសមស្របនឹងទំនៀមទម្លាប់ និងប្រពៃណីវៀតណាម ហើយក៏បង្កប់នូវតម្លៃដ៏ថ្លៃថ្លា នៃព្រះពុទ្ធសាសនា ខុងជឺនិយម និងតៅនិយមផងដែរ។ ការផ្សព្វផ្សាយទស្សនវិជ្ជានៃព្រះពុទ្ធសាសនា ហ័រហាវ ប៉ុន្តែក៏ជាទស្សនវិជ្ជានៃព្រះពុទ្ធសាសនា និងតម្លៃនៃលទ្ធិខុងជឺនិយមនិងតៅនិយម គឺសមស្របនឹងរបៀបរស់នៅ និងវប្បធម៌របស់ជនជាតិវៀតណាម”។ ក្រោយពីការរួមបញ្ចូលគ្នា (ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥) ឃុំភូតាន់ថ្មី មានប្រជាជនជាង ៩០% ដែលកាន់ព្រះពុទ្ធសាសនាហ័រហាវ ជាង ៩៥% ជាជនជាតិ Kinh (វៀតណាម) ហើយនៅសល់ជាជនជាតិខ្មែរ និងជនជាតិហ័រ (ចិន)។ នៅក្នុងឃុំ មានក្រុមប្រឹក្សាភិបាលនៃមជ្ឈិមសមាគមន៍ព្រះពុទ្ធសាសនាហ័រហាវ និងសាលាពុទ្ធិកមធ្យមសិក្សា ហ័រហាវ មួយកន្លែង។ លោក ឡេ ង៉ុកឡើយ (Le Ngoc Loi) អនុប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈិមសមាគមន៍ព្រះពុទ្ធសាសនាហ័រហាវ និងជាប្រធានគណៈកម្មាធិការសប្បុរសធម៌-សង្គមកិច្ចនៃព្រះពុទ្ធសាសនាហ័រហាវ បានឲ្យដឹងថា៖ "រដ្ឋបានបង្កើតលក្ខខណ្ឌអំណោយផលកាន់តែច្រើនឡើងៗសម្រាប់អង្គការសាសនានិយាយរួម និងព្រះពុទ្ធសាសនាហ័រហាវ និយាយដោយឡែក ដើម្បីដំណើរការប្រតិបត្តិ។ ទាក់ទងនឹងស្មារតីស្នេហាជាតិនៃព្រះពុទ្ធសាសនាហ័រហាវ ស្ថាបនិក ហួញ ភូសូ បានបង្រៀនពីគុណទាំង៤។ គុណទីមួយគឺចំពោះបុព្វបុរសនិងឪពុកម្តាយ។ មនុស្សម្នាក់ៗ ត្រូវតែមានកតញ្ញូតាធម៌ចំពោះបុព្វបុរស និងឪពុកម្តាយ។ ទីពីរគឺចំពោះប្រទេសជាតិ។ យើងត្រូវតែមានការទទួលខុសត្រូវការពារប្រទេសជាតិ។ បើប្រទេសជាតិមានសន្តិភាពនិងរីកចម្រើន ទើបប្រជាជនអាចមានជីវភាពធូធារបាន។ សាសនិកជន ហ័រហាវ ជាច្រើន ដែលជាយុទ្ធជនពលី និងយុទ្ធជនពិការ បានចូលរួមការពារប្រទេសជាតិ"។ ឃុំភូតាន់គឺគំរូលេចធ្លោនៃសកម្មភាពសង្គម ដូចជា៖ ការសាងសង់ផ្ទះមេត្តាធម៌ ការសាងសង់ស្ពាន ផ្លូវថ្នល់ និងការដាំចម្ការរុក្ខជាតិឱសថដោយឥតគិតថ្លៃដើម្បីជួយឧបត្ថម្ភជនក្រីក្រ។ ឃុំបានសម្របសម្រួលជាមួយក្រុមប្រឹក្សាភិបាលនៃមជ្ឈិមសមាគមន៍ព្រះពុទ្ធសាសនាហ័រហាវ និងសប្បុរសជននានា ដើម្បីសាងសង់ផ្ទះមហាសាមគ្គីភាពចំនួន១២០ខ្នង ព្រមទាំងកៀរគរធនធានដើម្បីសាងសង់ស្ពានចរាចរណ៍ជនបទចំនួនពីរ។ តាមរយៈការងារជាក់ស្តែងបែបនេះ ជំនឿជឿជាក់របស់បងប្អូនសាសនិកជនលើអាជ្ញាធរ ត្រូវបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ។ 20-26.4-ccl-anh_2.jpg ថ្នាក់រៀនមួយនៅសាលាពុទ្ធិកមធ្យមសិក្សាហ័រហាវ។ (រូបថត៖ VOV5) សក្ខីភាពមួយទៀតដែលបង្ហាញពីការគាំទ្ររបស់អាជ្ញាធរ ក្នុងការធានាសេរីភាពសាសនានៅឃុំ ភូតាន់ គឺការសម្រួលដល់ក្រុមប្រឹក្សាភិបាលនៃមជ្ឈិមសមាគមន៍ព្រះពុទ្ធសាសនាហ័រហាវ ក្នុងការសាងសង់សាលាពុទ្ធិកមធ្យមសិក្សាហ័រហាវ។ នេះគឺជាសាលាតែមួយគត់នៃមជ្ឈិមសមាគមន៍ព្រះពុទ្ធសាសនាហ័រហាវ។ លោក ផាន ជីតឹម (Phan Chi Tam) ជាសិស្សម្នាក់នៅសាលាពុទ្ធិកមធ្យមសិក្សាហ័រហាវ បានឲ្យដឹងថា៖ "នៅទីនេះ ខ្ញុំបានរៀនចំណេះដឹងទូទៅដ៏មានអត្ថប្រយោជន៍ជាច្រើន ហើយជាពិសេសអំពីគោលធម៌នៃព្រះពុទ្ធសាសនាហ័រហាវ។ ខ្ញុំមានបំណងថា បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំនឹងក្លាយជាគ្រូបង្រៀនសាសនា ដើម្បីជួយផ្សព្វផ្សាយគោលធម៌នៃព្រះពុទ្ធសាសនាហ័រហាវ ក៏ដូចជាការងារសប្បុរសធម៌សង្គមរបស់ព្រះពុទ្ធសាសនាហ័រហាវផងដែរ"។ បងប្អូនសាសនិកជន ហ័រហាវ នៅក្នុងឃុំភូតាន់ ខេត្តអានយ៉ាង បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ ចលនាប្រឡងប្រណាំងស្នេហាជាតិ ហើយរួមដៃគ្នាកសាងជនបទថ្មី។ អ្នកមុខអ្នកការសាសនា និងបងប្អូនសាសនិកជនរស់នៅយ៉ាងល្អ “ទាំងផ្លូវលោកនិងផ្លូវធម៌” ដោយរួមគ្នាកសាងផែនមហាសាមគ្គីជនជាតិទាំងមូល និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋានផងដែរ៕
TAG
VOV/VOVWORLD/ព្រះពុទ្ធសាសនា/ហ័រហាវ/វៀតណាម
Related





