ការអភិរក្សស្ថាបត្យកម្មនៃភូមិសិប្បកម្មប្រពៃណី
17/04/2026 10:00
[VOVWORLD] - ភូមិសិប្បកម្មរបស់វៀតណាមមិនត្រឹមតែបង្កប់នូវតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាកន្លែងប្រមូលផ្ដុំនៃតម្លៃវប្បធម៌ជាតិ និងពោរពេញទៅដោយសញ្ញាសម្គាល់នៃស្ថាបត្យកម្មប្រពៃណីវៀតណាមទៀតផង។

13-19.4-ccl-anh_1.jpg ស្ថាបត្យកម្មដ៏វិសេសវិសាលនៃសារមន្ទីរកុលាលភាជន៍ នៅក្នុងភូមិកុលាលភាជន៍ Bat Trang ទីក្រុងហាណូយ។ (រូបថត៖ baovanhoa.vn) ការទាញយកសក្តានុពលនៃភូមិសិប្បកម្មដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ គឺជាទិសដៅមួយប្រកបដោយសក្ដានុភាព។ ទោះជាយ៉ាងណាក៏ដោយ ភូមិសិប្បកម្មប្រពៃណីនៅក្នុងយុគសម័យបច្ចុប្បន្ន កំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសក្នុងការអភិរក្ស និងអភិវឌ្ឍលំហស្ថាបត្យកម្ម។ បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានភូមិសិប្បកម្មប្រពៃណីជាង ២០០០ ដែលត្រូវបានទទួលស្គាល់។ ភូមិល្បីៗមួយចំនួនរួមមាន៖ ភូមិអាយ៉ងទឹក Dao Thuc ភូមិមួកដួន Dai Ang ភូមិកុលាលភាជន៍ Bat Trang និងភូមិអំបុក Vong... ភូមិសិប្បកម្មរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ បង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់ពលករនៅមូលដ្ឋាន។ លើសពីនេះ ភូមិសិប្បកម្ម ក៏ជាកំណប់ទ្រព្យដែលបង្កប់នូវតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបផងដែរ។ ក្នុងនោះ លេចធ្លោបំផុតគឺតម្លៃវប្បធម៌ប្រពៃណី និងបេតិកភណ្ឌវប្បធម៌ ដូចជា៖ ស្ថាបត្យកម្មសាលាភូមិ វត្តអារាម ទេសភាព វប្បធម៌ម្ហូបអាហារ សិល្បៈសម្តែង ពិធីបុណ្យ ជាដើម។ ជាពិសេស ផលិតផលច្នៃប្រឌិត និងទេសភាពនៃភូមិសិប្បកម្មបានបង្កើតជាចំណុចដ៏ប្លែកពីគេ និងថ្មីថ្មោង ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន។ នោះហើយជាមូលហេតុដែលអ្នកស្រី Vu Tuyet Hanh មកពីសង្កាត់ Cua Nam ទីក្រុងហាណូយ តែងតែនាំកូនៗមកភូមិសិប្បកម្មកុលាលភាជន៍ Bat Trang។ “ខ្ញុំពិតជាចូលចិត្តនាំកូនៗមកទីនេះ ដើម្បីឲ្យកូនកាន់តែជិតស្និទ្ធនឹងធម្មជាតិ និងទទួលបានបទពិសោធន៍ធ្វើគ្រឿងកុលាលភាជន៍។ នៅទីនេះ កូនៗអាចលេងដោយសេរី និងច្នៃប្រឌិតជាង”។ 13-19.4-ccl-anh_2.jpg ស្ថាបត្យករ Tran Huy Anh។ (រូបថត៖ VOV2) ទោះជាយ៉ាងណាក៏ដោយ ស្ថាបត្យករ Tran Huy Anh បានចាត់ទុកថា នៅក្នុងដំណើរការធ្វើនគរូបនីយកម្ម ភូមិសិប្បកម្មត្រូវតែខិតខំថែរក្សា និងអភិវឌ្ឍន៍លំហស្ថាបត្យកម្មរបស់ខ្លួន ដើម្បីទាំងអភិរក្សបេតិកភណ្ឌផង ទាំងអភិវឌ្ឍន៍ទេសចរណ៍ និងសេដ្ឋកិច្ចផង។ “ប្រសិនបើយើងគ្រាន់តែរក្សាជនបទ ដូចឆាកល្ខោនមួយសម្រាប់មនុស្សមកទស្សនាវាក្នុងដំណើរការធ្វើនគរូបនីយកម្ម គឺឆាកល្ខោននោះនឹងឆាប់រលាយបាត់លឿនណាស់។ ខ្យល់កួចនៃនគរូបនីយកម្មមិនរំលងលំហណាមួយឡើយ។ ភូមិដែលមានការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស មិនថាភូមិសិប្បកម្ម និងភូមិកសិកម្មទេ នឹងបាត់បង់ភាពទាក់ទាញ និងចរិតលក្ខណៈពិសេសរបស់វា”។ 13-19.4-ccl-anh_3.jpg ភ្ញៀវទេសចរមកទស្សនាភូមិធ្វើធូប Quang Phu Cau ទីក្រុងហាណូយ។ (រូបថត៖ VOV) ការអភិរក្សលំហភូមិសិប្បកម្មប្រពៃណីមិនត្រឹមតែជាការថែរក្សាតម្លៃស្ថាបត្យកម្មប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាការថែរក្សារបៀបរស់នៅសហគមន៍ និងតម្លៃសិប្បកម្មពីជំនាន់មួយទៅមួយជំនាន់មួយយទៀត។ ប្រការនេះអាចអនុវត្តន៍បានតាមរយៈដំណោះស្រាយមួយចំនួនដូចជា៖ ការអភិវឌ្ឍទេសចរណ៍ឆ្លងកាត់បទពិសោធន៍ ដើម្បីបង្កើតទីផ្សារសម្រាប់ផលិតផល; ការអភិរក្សស្ថាបត្យកម្មប្រពៃណីនៃសាលាភូមិ វត្តអារាម និងទីសក្ការៈបូជាគ្រូដើមអាជីព; ការជួយឧបត្ថម្ភសិប្បករ និងការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយដើម្បីរក្សាធនធានមនុស្សសម្រាប់ការទទួលមរតក; និងការអនុវត្តបច្ចេកវិទ្យាថ្មីៗក្នុងការផ្សព្វផ្សាយ និងរចនាផលិតផល ដើម្បីធានាថាភូមិសិប្បកម្មរក្សាបាននូវចរិតលក្ខណៈប្រពៃណី ខណៈពេលដែលតាមទាន់តម្រូវការទីផ្សារទំនើប។ យោងតាមស្ថាបត្យករ Tran Huy Anh កត្តាទាក់ទាញពិតប្រាកដសម្រាប់ភ្ញៀវទេសចរ គឺបរិស្ថានអេកូឡូស៊ី ដូច្នេះ គួរតែកសាងភូមិសិប្បកម្ម ទៅជាអង្គភាពដែលអាចគ្រប់គ្រងអេកូឡូស៊ីដោយខ្លួនឯង។ “យើងមិនត្រឹមតែគួរថែរក្សាភូមិខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងថែរក្សាបរិស្ថានអេកូឡូស៊ីរបស់ភូមិទៀតផង។ នៅពេលដែលភូមិមួយត្រូវបានបំពុលខាងអេកូឡូស៊ី វប្បធម៌ និងការតភ្ជាប់សហគមន៍ ភូមិនោះនឹងបាត់បង់កម្លាំងរស់។ ដូច្នេះ នៅក្នុងដំណើរការធ្វើនគរូបនីយកម្ម ខ្ញុំចាត់ទុកថា ស្នូលសំខាន់បំផុត ដែលជានិមិត្តរូបនៃភូមិជនបទ គឺជាសមត្ថភាពគ្រប់គ្រងអេកូឡូស៊ីដោយខ្លួនឯង ដែលនឹងធានាភាពធន់របស់ភូមិនៅចំពោះមុខបញ្ហាប្រឈមថ្មីៗ”។ 13-19.4-ccl-anh_4.jpg ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit (ខេត្ត Vinh Long) សព្វថ្ងៃនេះបានក្លាយទៅតំបន់ទេសចរណ៍។ (រូបថត៖ Chanh Tuy/VOV) ចំពោះភូមិសិប្បកម្មដែលរងការបំពុល លោកបណ្ឌិត Nguyen Tat Thang អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្ថាបត្យកម្មជាតិ ក្រសួងសំណង់ បានចាត់ទុកថា ចាំបាច់ត្រូវមានផែនការមេសមហេតុផល ដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាជន។ “ដើម្បីថែរក្សាភូមិសិប្បកម្ម និងអភិរក្សតម្លៃវប្បធម៌នានា ចាំបាច់ត្រូវមានផែនការរៀបចំភូមិសិប្បកម្មឡើងវិញ ដោយផ្លាស់ទីចេញពីតំបន់លំនៅដ្ឋាន ទៅកាន់តំបន់ប្រមូលផ្តុំដែលមានហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសគ្រប់គ្រាន់ ដែលអាចឆ្លើយតបនឹងខ្សែសង្វាក់ផលិតកម្មទាំងស្រុង។ ចំណែកឯក្នុងតំបន់លំនៅដ្ឋានប្រពៃណី តំបន់ផលិតកម្មនៃភូមិសិប្បកម្ម គួរតែត្រូវបានផ្លាស់ប្តូរទៅជាតំបន់សម្រាប់លក់ផលិតផល បញ្ឈប់ប្រតិបត្តិការផលិតកម្ម ឬរៀបចំពិព័រណ៍ផលិតផល ឬទម្រង់ទេសចរណ៍ផ្សេងៗទៀត”។ ក្នុងដំណើរការនគរូបនីយកម្ម ការអភិរក្សលំហស្ថាបត្យកម្មនៃភូមិសិប្បកម្ម មិនត្រឹមតែពង្រីកតម្លៃវប្បធម៌ដ៏ពិសេសប៉ុណ្ណោះទេ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធក៏ធ្វើឌីជីថលូបនីយកម្មលំហទាំងនេះ ដើម្បីឧទ្ទេសនាមអំពីរមណីយដ្ឋាន ទីកន្លែង និងផលិតផលពិសេសសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិផងដែរ។ តាមនោះ ទាក់ទាញភ្ញៀវទេសចរឱ្យមានបទពិសោធន៍ដោយផ្ទាល់ក្នុងការធ្វើផលិតផលសិប្បកម្ម និងស្វែងយល់អំពីវប្បធម៌ប្រពៃណី៕
TAG
VOV/VOVWORLD/ភូមិសិប្បកម្ម/ស្ថាបត្យកម្ម/វៀតណាម/ទេសចរណ៍/វប្បធម៌
Related




