ហេដ្ឋារចនាសម្ព័ន្ធបង្កើតឱកាស គោលនយោបាយបើកផ្លូវ ប៉ុន្តែសេចក្ដីប្រាថ្នាចង់ឈានឡើងធ្វើម្ចាស់នេះឯងបានជួយកសិករនៅទីនេះប្រែក្លាយធនធាន និងវប្បធម៌ស្រុកកំណើត ទៅជារបរចិញ្ចឹមជីវិត ស្ថាបនាអនាគតប្រកបដោយចីរភាព។
កាលពីច្រើនឆ្នាំមុន ប្រភពចំណូលរបស់គ្រួសារលោក Duong Phuc Thim ជាជនជាតិ Dao នៅភូមិ Song - Mooc ឃុំ Hoanh Mo (ទីក្រុងក្វាងនិញ) ពឹងផ្អែកតែលើព្រៃច័ន្ទន៍ ព្រៃ ឈើអែមដែលមានប្រភពចំណូលមិនស្ថិតស្ថេរ។ គោលបំណងចង់លើកស្ទួយជីវភាពរស់នៅ បានជំរុញឱ្យលោកស្វែងរកទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មី ពីតម្លៃដែលមានស្រាប់របស់គ្រួសារនិងភូមិ។
ពីផ្ទះប្រពៃណីរបស់ជនជាតិខ្លួន លោក ធីម បានជួសជុលផ្ទះជញ្ជាំងដីពីរខ្នង ដោយ រក្សាស្ថាបត្យកម្មដើម បំពេញតម្រូវការស្នាក់នៅរបស់ភ្ញៀវទេសចរ។ គំរូផ្ទះស្នាក់នៅនេះត្រូវបានក្រុមគ្រួសារអនុវត្តន៍អស់រយៈពេលប្រហែលពីរឆ្នាំមកហើយ ដែលសមាជិកគ្រួសាររៀបចំនិងបម្រើភ្ញៀវទេសចរដោយផ្ទាល់។ សម្រាប់លោក ធីម នេះមិនត្រឹមតែជាវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីប៉ុណ្ណោះទេ ថែមទាំងជាដំណើរផ្លាស់ប្តូរផ្នត់គំនិតរកស៊ីនៅហ្នឹងស្រុកកំណើតទៀតផង។
“ពីមុន ដោយសារពឹងផ្អែកតែលើព្រៃច័ន្ទន៍ និងព្រៃឈើអែមប៉ុណ្ណោះ ប្រាក់ចំណូលមិនស្ថិតស្ថេរទេ។ ខ្ញុំបានរៀនពីមិត្តម្នាក់ ហើយក្រោយមកបានធ្វើទេសចរណ៍សហគមន៍។ ការធ្វើស្រែចម្ការពេញមួយឆ្នាំគឺស្មើនឹងទេសចរណ៍សហគមន៍ត្រឹមតែបីខែប៉ុណ្ណោះ”។
ទេសចរណ៍សហគមន៍មិនត្រឹមតែបង្កើតប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេ ថែមទាំងនាំមកនូវការផ្លាស់ប្តូរពីរបៀបដែលប្រជាជននៅតំបន់ខ្ពង់រាប ក្វាងនិញ ស្វែងរកឱកាសអភិវឌ្ឍន៍ទៀតផង។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងភូមិ កាវសឺន ឃុំ ហ័ញម៉ ជាកន្លែងដែលគ្រួសារជនជាតិយ៉ាវចំនួន៣៥ គ្រួសាររស់នៅរយៈកម្ពស់ជាង ១០០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។
យោងតាមអ្នកស្រី ណុង យៀវលីញ (អាយុ ២៦ ឆ្នាំ) ជាជនជាតិតៃ នៅប៊ិញលៀវ អ្នកគ្រប់គ្រងសហករណ៍ ហ័រប៊ិញលៀវ គ្រួសារទាំងអស់នៅក្នុងភូមិមានសមាជិកចូលរួមក្នុងសកម្មភាពសេវាកម្មរបស់សហករណ៍ ចាប់ពីការងារផ្ទះ ចម្អិនអាហាររហូតដល់ការដាំដើមឈើ។ រួមជាមួយនឹងឱកាសការងារ ការទទួលភ្ញៀវក៏ជំរុញប្រជាជនឱ្យជួសជុលផ្ទះ ដាំដំណាំពោត ដំឡូងជ្វា ដំឡូងមី ហើយរៀនការទំនាក់ទំនងក្នុងបរិយាកាសសេវាកម្មផងដែរ។
“ដោយសារមានមនុស្សធ្វើដំណើរកាន់តែច្រើន ប្រជាជននៅភូមិ កាវសឺន នឹងជួបភ្ញៀវទេសចរកាន់តែច្រើន ហើយឃើញពីការផ្លាស់ប្តូរជាច្រើនរបស់ស្រុកកំណើត។ ប្រជាជនក៏សម្អាតផ្ទះឱ្យបានហ្មត់ចត់ជាងមុន និងដាំដំណាំពោត ដំឡូងជ្វា និងដំឡូងមីដើម្បីលក់ទៅឱ្យអ្នកទេសចរ។ អ្នកស្រុកភាគច្រើនចូលរួមធ្វើសេវាកម្ម។ អ្នកខ្លះធ្វើការជាបុគ្គលិកសម្អាតផ្ទះ បុគ្គលិកផ្ទះបាយ ឬអ្នកថែសួន។ នៅទីនេះ បង្កើតការងារសម្រាប់បងប្អូនជាច្រើន។ អ្នកខ្លះដំបូងឡើយ មិនអាចឆ្លើយសំណួររបស់អ្នកទេសចរបានទេ ហើយការទំនាក់ទំនងក៏មិនល្អដែរ។ ប៉ុន្តែឥឡូវនេះពួកគេបានប្រសើរឡើងគួរឱ្យកត់សម្គាល់”។
លោកស្រី ញឺ ធីងិន (Nhu Thi Ngan) អគ្គនាយិកាក្រុមហ៊ុនភាគហ៊ុនវិនិយោគទេសចរណ៍ហាណូយ ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការអភិវឌ្ឍគោលដៅទេសចរណ៍ និងបណ្តុះបណ្តាលបុគ្គលិកទេសចរណ៍នៅ ប៊ិញលៀវ បានចាត់ទុកថា ចាំបាច់ត្រូវបន្តវិនិយោគដើម្បីបំពេញតម្រូវការរបស់អ្នកទេសចរឱ្យកាន់តែប្រសើរឡើង។
“ដើម្បីទទួលភ្ញៀវទេសចរមកកាន់តំបន់ ប៊ិញលៀវ ឲ្យបានល្អជាងឬតំបន់ជនបទដូចជា ទៀនអៀន ឬ ហ័ញម៉ ជាពិសេសឥឡូវនេះមានច្រកព្រំដែនហើយ យើងត្រូវតែវិនិយោគលើសេវាកម្មស្នាក់នៅ។ ទាក់ទងនឹងម្ហូបអាហារ ត្រូវធានាគុណភាព ស្តង់ដារ ជាពិសេស ត្រូវមានកិច្ចសហការរវាងមន្ទិរនិងផ្នែកនានា ដើម្បីវិនិយោគលើសំណង់ ទទួលភ្ញៀវទេសចរឱ្យបំពេញតាមស្តង់ដារខ្ពស់ជាងមុន។ តាមរយៈនេះ ភ្ញៀវទេសចរនឹងមានទំនុកចិត្តដើម្បីបន្តមកដល់ទីនេះ”។
ចាប់ពីផ្ទះប្រពៃណីដែលត្រូវបានជួសជុលឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរ រហូតដល់ប្រជាជន នៅភូមិកាវសឺន ដែលចូលរួម ក្នុងការងារសេវាកម្មដោយទំនុកចិត្តនោះ ទេសចរណ៍កំពុងបើកទិសដៅធ្វើអាជីវកម្មថ្មីនៅតំបន់ខ្ពង់រាបនៃខេត្តក្វាងនិញ។ ដំណើរនេះមិនត្រឹមតែតម្រូវឱ្យមានគោលដៅទាក់ទាញប៉ុណ្ណោះទេ ថែមទាំងការរួមដៃគ្នារបស់ប្រជាជន សហគ្រាស និងមូលដ្ឋាន ដើម្បីបង្កើតផលិតផលដែលមានសញ្ញាសម្គាល់ដោយឡែក រក្សាភ្ញៀវទេសចរឱ្យស្នាក់នៅបានយូរ និងរីកសាយភាយអត្ថប្រយោជន៍នៃទេសចរណ៍ឱ្យកាន់តែទូលំទូលាយនៅក្នុងសហគមន៍។ ដូច្នេះ ទេសចរណ៍មិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ លើកទឹកចិត្តប្រជាជនឱ្យផ្សាភ្ជាប់ និងក្លាយជាអ្នកមាននៅហ្នឹងស្រុកកំណើតរបស់ខ្លួនទៀតផង។
នៅពេលដែលប្រជាពលរដ្ឋម្នាក់ៗជាអ្នកថែរក្សាវប្បធម៌ និងជាអ្នកបង្កើតតម្លៃពីស្រុកកំណើតរបស់ខ្លួន គុណសម្បត្តិដែលមានស្រាប់ នឹងក្លាយជាធនធានសម្រាប់ការអភិវឌ្ឍបន្តិចម្តងៗ ដើម្បីជួយឱ្យជីវភាព នៅតំបន់ខ្ពង់រាបកាន់តែរីកចម្រើន៕








