របាំចានចង្គឹះដ៏វិសេសវិសាលរបស់ជនជាតិ Tay នៅខេត្ត Bac Kan
02/07/2022 09:00
(VOVWORLD) - ក្រៅពីកំណាព្យ ចម្រៀង រឿងនិទាន និងពិធីបុណ្យប្រពៃណីជាច្រើននោះ ... ជនជាតិ Tay នៅខេត្ត Bac Kan ក៏មានប្រព័ន្ធរបាំប្រជាប្រិយ ដែលបានផ្ទេបន្តមកពីច្រើនជំនាន់។ ក្នុងចំណោមរបាំទាំងនេះ របាំចានចង្កឹះ គឺជារបាំដ៏ពេញនិយមមួយ ដែលផ្សាភ្ជាប់នឹងជីវភាពប្រចាំថ្ងៃ និងការផលិតរបស់ប្រជាជន។
សិប្បករនៅឃុំ Dong Xa ស្រុក Na Ri បង្រៀនចង្វាក់ចានចង្កឹះ ដល់ក្មេងៗជំនាន់ក្រោយ (រូបថត៖ VOV) ឃុំ Dong Xa ស្រុក Na Ri ត្រូវបានចាត់ទុកថាជាលំនៅឋានដំបូងគេបង្អស់របស់ជនជាតិ Tay បុរាណនៅលើទឹកដីខេត្ត Bac Kan។ ឆ្លងកាត់រយៈពេលរាប់ពាន់ឆ្នាំមកនេះ ជនជាតិ Tay នៅទីនេះនៅតែរក្សាបាននូវលក្ខណៈវប្បធម៌វិសេសវិសាលជាច្រើន ដែលបានបន្សល់ទុកពីជំនាន់មុន តាំងពីសម្លៀកបំពាក់ ផ្ទះសម្បែង ផ្នត់រស់នៅ រហូតដល់ទម្រង់វប្បធម៌ និងសិល្បៈផ្សេងៗ។ នៅ Dong Xa គ្មាននរណាម្នាក់ដឹងថា របាំចានចង្កឹះ បង្ហាញខ្លួននៅពេលណានោះទេ គ្រាន់តែដឹងថា របាំប្រភេទនេះបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ទ្រឹស្ដីខ្លះ បានលើកឡើងថា របាំប្រើចានចង្កឹះ មានប្រភពមកពីការធ្វើត្រាប់តាមការត្បាញសូត្រ និងសកម្មភាពតម្បាញរបស់ជនជាតិ Tay តាំងពីបុរាណកាលមក។ ចានប្រើសម្រាប់ធ្វើជាសំបុកដង្កូវនាង បង្ហាប់សូត្រ; ចង្កឹះ គឺជាឧបករណ៍សម្រាប់កូរសូត្រ... ហើយចលនានេះធ្វើឡើងម្តងទៀតដោយបាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ Tay រហូតដល់មានសរសៃសូត្រគ្រប់គ្រាន់សម្រាប់ត្បាញក្រណាត់។ មានមតិខ្លះថា របាំប្រើចានចង្កឹះ កើតចេញពីពិធីអំណររដូវស្រូវថ្មីរបស់ប្រជាជន ដូច្នេះ គ្រឿងឧបភោគបរិភោគសំខាន់ៗគឺ ចានឆ្នាំង ចង្កឹះ ដែលប្រជាជនប្រើប្រាស់ក្នុងពេលអាហារប្រចាំថ្ងៃ...។ សិប្បករ Nong Thi Oanh ប្រធានក្លឹបវប្បធម៌និងកីឡាជនចាស់ជរា ឃុំ Dong Xa បានឲ្យដឹងថា៖ “របាំប្រើចាននេះមានតាំងពីយូរយារណាស់មកហើយ យើងបានមរតកពីជំនាន់ឪពុកយើងរហូតមកដល់ពេលនេះ។ បច្ចុប្បន្ន ដើម្បីថែរក្សារបាំបានបន្សល់ទុកមកពីដូនតាយើងក៏រៀបចំបង្រៀនដល់កូនចៅជំនាន់ក្រោយឱ្យចៅៗ បានរក្សា។ កូនចៅយើងក៏សកម្មក្នុងការចូលរួមដែរ ជាពិសេសចៅៗ រៀនបានលឿនណាស់”។ ដើម្បីសម្តែងរបាំចានបាន ចាំបាច់ត្រូវមានភាពត្រឹមត្រូវនៃចង្វាក់ ការសម្របសម្រួលយ៉ាងប៉ិនប្រសប់រវាងដៃនិងជើងចលនាតាមចង្វាក់។ ជាធម្មតា របាំចាន ត្រូវបានប្រគុំជាក្រុមរបាំប្រជាប្រិយ គ្មានការកំណត់ជាក់លាក់ណាមួយអំពីចំនួនអ្នកចូលរួម ហើយអាចសម្តែងក្នុងពិធីបុណ្យភូមិ បុណ្យតេត រហូតដល់ថ្ងៃប្រជុំផ្សារដែរ។ ហើយរបាំដែលមានក្បាច់រាំប្លែកៗ និងសាមញ្ញៗ ដែលអាចអោយអ្នកគ្រប់គ្នាចូលរួមបាន...។ បច្ចុប្បន្ននេះ មកដល់ភូមិជនជាតិ Tay តាមបណ្តោយបឹង Ba Be ភ្ញៀវទេសចរមិនត្រឹមតែលង់អារម្មណ៍នឹងសម្រស់ធម្មជាតិនៃបឹង Ba Be តាមភ្នំ ព្រៃប្រឹក្សា ទន្លេដងអូរ ប៉ុណ្ណោះទេ ថែមទាំងបានជក់ចិត្តដិតអារម្មណ៍ក្នុងលំហតន្ដ្រីរបស់ជនជាតិ Tay ជាមួយនឹងបទចម្រៀងប្រជាប្រិយ និងរបាំដែលបានបញ្ជូនបន្តទៅតាមជំនាន់មួយទៅជំនាន់មួយ ក្នុងនោះមានក្បូរក្បាច់រាំប្រើចានចង្កឹះដែលគួរឱ្យអស់សំណើចនិងគួរឱ្យទាក់ទាញនេះផងដែរ។ លោកស្រី Nong Thu Bien ប្រធានក្រុមសិល្បៈប្រជាប្រិយនៅភូមិ Coc Toc ឃុំ Nam Mau ស្រុក Ba Be បានឲ្យដឹងថា៖ របាំចានចង្កឹះឥឡូវនេះត្រូវបានកែប្រែបន្តិចបន្តួចក្នុងទម្រង់នៃការសម្តែង ដើម្បីឲ្យសមស្របទៅនឹងសកម្មភាពបម្រើភ្ញៀវទេសចរណ៍៖ “នៅបឹង Ba Be មានភូមិដូចជា Coc Toc, Bo Lu, Pac Ngoi កំពុងថែរក្សារបាំប្រពៃណីរបស់ជនជាតិ Tay។ រៀងរាល់សប្តាហ៍ ក្រុមរបស់យើងហាត់សមនៅថ្ងៃព្រហស្បតិ៍ ហើយសម្តែងជូនភ្ញៀវជារឿយៗ។ ភ្ញៀវទេសចរ ជាពិសេសជនបរទេសចូលចិត្តនិងរីករាយជាមួយនឹងរបាំនេះខ្លាំងណស់”។ របាំចានចង្កឹះត្រូវបានបង្រៀននៅតាមសាលារៀនផងដែរ (រូបថត៖ VOV) អនុវត្តន៍គម្រោងអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិមួយចំនួន ពាក់ព័ន្ធនឹងការអភិវឌ្ឍទេសចរណ៍ Ba Be មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Bac Kan បានបង្កើតក្រុមសិល្បៈប្រជាប្រិយជាច្រើន ដោយផ្តោតលើសកម្មភាពវប្បធម៌ ចម្រៀងប្រជាប្រិយ និងរបាំប្រពៃណី ក្នុងនោះមានរបាំចានរបស់ជនជាតិ Tay។ ជាពិសេសគឺការសហការជាមួយសាលាបណ្ដុះបណ្ដាលមួយចំនួនដើម្បីបង្កើតក្រុមសិល្បៈប្រជាប្រិយនៅតាមសាលា។ ប្អូន Nong Thi Viet Hoa មកពីភូមិ Cho Chua ឃុំ Dong Xa ស្រុក Na Ri បានឲ្យដឹងថា៖ “ពេលទស្សនាការរាំ ខ្ញុំអាចស្រមើស្រមៃថា លោកយាយ និងអ្នកម្តាយ កាលពីអតីតកាល រាំយ៉ាងសប្បាយរីករាយ មិនចាំបាច់មានភ្លេងដូចពេលនេះទេ យាយៗច្រៀង និងរាំបានល្អណាស់។ នៅសាលា ខ្ញុំនឹងបន្តហាត់ និងផ្សព្វផ្សាយរបាំនៅក្លឹបដែលខ្ញុំចូលរួម។ ហើយប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹងទៅជាមួយយុវជន និងសមាជិកសហជីពក្នុងសាលាដើម្បីផ្លាស់ប្តូរជាមួយនឹងមូលដ្ឋានផ្សេងទៀត ហើយនឹងព្យាយាមសិក្សា និងផ្លាស់ប្តូរវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន”។ នាពេលថ្មីៗនេះ ចង្វាក់របាំចានចង្កឹះរបស់ជនជាតិ Tay នៅខេត្ត Bac Kan ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ ដោយទទួលស្គាល់នូវគុណតម្លៃដ៏ធំធេងដែលរបាំប្រជាប្រិយនេះនាំមកជូនសម្រាប់ជីវភាពសហគមន៍។ នេះក៏ជាលក្ខខណ្ឌមួយសម្រាប់ “របាំចាន” ដែលជារបាំពិសេសរបស់ជនជាតិ Tay ដើម្បីផ្សព្វផ្សាយ និងពង្រីកសម្បត្តិវប្បធម៌របស់ប្រជាជននៅភាគឦសាននៃប្រទេសជាតិ៕
Related








