នៅក្នុងដំណាក់កាលចុងក្រោយ តម្រូវការគឺត្រូវធ្វើអាជីវកម្មនូវសក្តានុពលដែលនៅសល់ ដោះសោធនធានដែលមានស្រាប់ និងបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កំណើន។
នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែកញ្ញា និងសន្និសីទអនឡាញរបស់រដ្ឋាភិបាលជាមួយក្រសួង វិស័យ និងមូលដ្ឋាននានា ដែលធ្វើឡើងនាថ្ងៃទី ៣ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានតម្រូវឱ្យមូលដ្ឋាននានា ពិនិត្យឡើងវិញ និងកំណត់អត្តសញ្ញាណឱ្យបានពេញលេញនូវកម្លាំងចលករ និងសក្តានុពលដែលនៅតែអាចធ្វើអាជីវកម្មបាន ជាពិសេសវិស័យនិងគម្រោងដែលមានសមត្ថភាពបង្កើតតម្លៃបន្ថែម។
កំណើន២ខ្ទង់គឺជាផ្លូវដែលជៀសមិនរួច
ក្រោយរយៈពេល ៩ ខែ សេដ្ឋកិច្ចវៀតណាមរក្សាបាននូវសន្ទុះកំណើនវិជ្ជមាន។ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៩,០១% ជាមួយនឹងកំណើន ៩,៩៥% នៅក្នុងត្រីមាសទីបី។ យោងតាមរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅកំណើន២ខ្ទង់ពេញមួយឆ្នាំ GDP នៅក្នុងត្រីមាសទីបួនត្រូវតែកើនឡើងជាង ១២,៥%។
គម្លាតរវាងអត្រាកំណើនបច្ចុប្បន្ន និងគោលដៅចុងឆ្នាំ បានដាក់ចេញតម្រូវការខ្ពស់លើការរៀបចំការអនុវត្តនៅប៉ុន្មានខែដែលនៅសល់។ រួមជាមួយនឹងការរក្សាសន្ទុះដែលមានស្រាប់ ធនធានដែលត្រូវបានត្រៀមរៀបចំរួចរាល់ ប៉ុន្តែមិនទាន់ត្រូវបានប្រែក្លាយទៅជាទិន្នផល ការវិនិយោគ ការប្រើប្រាស់ និងតម្លៃបន្ថែម ក៏ត្រូវតែដាក់ឱ្យដំណើរការលឿនជាងមុនផងដែរ។ គោលដៅកំណើនខ្ពស់ត្រូវបានភ្ជាប់ទៅនឹងទិសដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសជាតិ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ngo Van Tuan បានសង្កត់ធ្ងន់ថា៖
“គោលដៅកំណើនពីរខ្ទង់ គឺជាគោលដៅដ៏ពោរពេញទៅដោយបញ្ហាប្រឈម ប៉ុន្តែនេះជាផ្លូវដែលជៀសមិនរួច។ គ្មានផ្លូវណាផ្សេងសម្រាប់យើងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅខួបលើកទី ១០០ ទិវាបង្កើតបក្ស ខួបលើកទី ១០០ ទិវាបង្កើតប្រទេសជាតិ និងក្លាយជាប្រទេសអភិវឌ្ឍន៍ ដោយមានឧស្សាហកម្មទំនើបនៅឆ្នាំ ២០៤៥ នោះទេ។ យើងមានទិសដៅច្បាស់លាស់ គោលមាគ៌ាស៊ីសង្វាក់គ្នា ឥឡូវនេះ យើងត្រូវតែប្ដេជ្ញាចិត្តអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ និងមានប្រសិទ្ធភាពដើម្បីសម្រេចបាននូវគោលដៅនេះ”។
បង្កើតសន្ទុះ បង្កើតឋានៈ និងបង្កើតកម្លាំងសម្រាប់កំណើន
សក្តានុពលដែលអាចបង្កើនកំណើនបន្ថែមទៀតនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៦ ស្ថិតនៅក្នុងវិស័យជាច្រើននៃសេដ្ឋកិច្ច ចាប់ពីផលិតកម្ម ការវិនិយោគ ការប្រើប្រាស់ ការនាំចេញ រហូតដល់ការបញ្ចេញទុនវិនិយោគសាធារណៈ និងការទាក់ទាញការវិនិយោគឯកជន។ នៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានតម្រូវឱ្យមូលដ្ឋាននានា ជាពិសេសប៉ូលកំណើនសំខាន់ៗ ពង្រីកកាន់តែខ្លាំងនូវតួនាទីនាំមុខ និងរីកសាយភាយរបស់ខ្លួន។
“មូលដ្ឋានដែលជាប៉ូលកំណើនសេដ្ឋកិច្ចទ្រង់ទ្រាយធំ ដូចជា៖ ទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុងហៃផុង ខេត្តក្វាងនិញ ខេត្តដុងណៃ និងខេត្តបាក់និញ ត្រូវតែខិតខំបន្ថែមទៀត និងធ្វើអាជីវកម្មនូវសក្តានុពលកំណើន ជាមួយនឹងដំណោះស្រាយដែលអាចធ្វើបានភ្លាមៗ ដូចជាការជំរុញ ផលិតកម្ម ការវិនិយោគ ការប្រើប្រាស់ ការនាំចេញ ការបញ្ចេញទុនវិនិយោគសាធារណៈ ការទាក់ទាញការវិនិយោគឯកជន និងពង្រីកតួនាទីនាំមុខ រីកសាយភាយ និងរួមចំណែកបន្ថែមទៀតដល់កំណើនជាតិ។ ចំពោះមូលដ្ឋានដែលនៅតែមានកំណើនទាបជាងគោលដៅដែលបានកំណត់ ជាពិសេសមូលដ្ឋានដែលត្រូវបានព្យាករថា ទាបជាងគោលដៅពេញមួយឆ្នាំ ខ្ញុំស្នើឱ្យវាយតម្លៃដោយប្រុងប្រយ័ត្ននូវសក្តានុពលដែលនៅសល់ អនុវត្តន៍ដំណោះស្រាយយ៉ាងខ្លាំងក្លា ប្ដូរផ្ដាច់ ជាក់លាក់ និងមានប្រសិទ្ធភាពជាបន្ទាន់ ដើម្បីខិតខំសម្រេចបាននូវគោលដៅនៅកម្រិតខ្ពស់បំផុត”។
សម្រាប់មូលដ្ឋាននានា ការធ្វើអាជីវកម្មនូវសក្ដានុពលកំណើន ត្រូវបានភ្ជាប់ទៅនឹងលក្ខខណ្ឌនិងគុណសម្បត្តិផ្ទាល់ខ្លួន។ ជាមួយនឹងអត្រាកំណើន GRDP ចំនួន ១១,៨១% ក្នុងរយៈពេល ៩ ខែកន្លងមកនេះ ទីក្រុងបាក់និញ ជាប់ចំណាត់ថ្នាក់លេខ ៤ លើទូទាំងប្រទេស ហើយស្ថិតក្នុងចំណោមមូលដ្ឋាន ដែលសម្រេចបានកំណើនពីរខ្ទង់។ សម្រាប់មូលដ្ឋាននេះ បញ្ហាប្រឈមបច្ចុប្បន្នមិនត្រឹមតែជាការរក្សាអត្រាកំណើនបច្ចុប្បន្នប៉ុណ្ណោះទេ។ លោក Nguyen Dinh Hieu នាយកមន្ទីរហិរញ្ញវត្ថុខេត្តបាក់និញ បានឲ្យដឹងថា៖
“ការដែល បាក់និញ ក្លាយជាទីក្រុងចំណុះមជ្ឈិម បានដាក់ចេញតម្រូវការអភិវឌ្ឍន៍ខ្ពស់ជាងមុន ទាក់ទងនឹងទំហំ គុណភាព និងនិរន្តរភាព។ ខេត្តបានកំណត់ផ្លាស់ប្តូរយ៉ាងខ្លាំងពីគំរូកំណើនដែលផ្អែកលើដើមទុន កម្លាំងពលកម្ម និងការពង្រីកផលិតកម្ម ទៅជាគំរូកំណើនដែលផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ផលិតភាព និងតម្លៃបន្ថែម។ ដើម្បីរក្សាកំណើនពីរខ្ទង់ ខេត្តបាក់និញត្រូវតែបង្កើតកម្លាំងចលករថ្មីៗពីឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ស៊ឺមីកុងឌុចទ័រ បញ្ញាសិប្បនិម្មិត ភស្តុភារកម្ម សេវាកម្មទីក្រុង និងសេដ្ឋកិច្ចឌីជីថល”។
ពីកម្លាំងចលករដែលមានស្រាប់ ទៅកម្លាំងចលករថ្មីៗ សំណួរគឺថា តើធ្វើដូចម្តេចដើម្បីធានាថាអត្រាកំណើនខ្ពស់ដើរទន្ទឹមគ្នាជាមួយនឹងគុណភាពកំណើន។ នេះក៏ជាបញ្ហាសម្រាប់សេដ្ឋកិច្ចទាំងមូលផងដែរ ខណៈដែលវៀតណាមចូលដល់ដំណាក់កាលអភិវឌ្ឍន៍ដែលមានទំហំកាន់តែធំ។ លោក Bui Minh Giap ប្រធានសេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា៖
“បញ្ហាប្រឈមក្នុងគោលនយោបាយរបស់វៀតណាមនាពេលបច្ចុប្បន្ននេះគឺការរក្សាកំណើនខ្ពស់ ខណៈពេលដែលត្រូវលើកកំពស់គុណភាពកំណើន។ យើងមានមូលដ្ឋានគ្រឹះកំណើនល្អណាស់។ ប៉ុន្តែសម្រាប់កំណើនប្រកបដោយចីរភាព យើងត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងពីការពង្រីកកត្តាធាតុចូលទៅជាការលើកកំពស់ផលិតភាព គុណភាព និងភាពធន់នៃសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមនិងរយៈពេលវែង”។
រយៈពេលបីខែចុងឆ្នាំ គឺជារយៈពេលដ៏សំខាន់សម្រាប់ប្រទេសវៀតណាមដើម្បីសម្រេចបាននូវគោលដៅកំណើនឆ្នាំ ២០២៦។ ការធ្វើអាជីវកម្មជាអតិបរមានូវសក្តានុពលដែលមានស្រាប់ ការលុបបំបាត់ចំណុចកកស្ទះដើម្បីបញ្ជូនធនធានទៅក្នុងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ព្រមទាំងពង្រីកកម្លាំងចលករថ្មីៗ នឹងសម្រេចលើសមត្ថភាពបង្កើតសន្ទុះបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ៕








