នៅថ្ងៃទី ៨ ខែតុលា លោក Maros Sefcovic ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបបានមកដល់ទីក្រុងប៉េកាំង ដើម្បីចាប់ផ្តើមការពិភាក្សាពាណិជ្ជកម្មរយៈពេលពីរថ្ងៃរវាងសហភាពអឺរ៉ុប និងចិន នៅពេលដែល សម្ពាធនៃការសម្រេចបានកិច្ចព្រមព្រៀងដ៏សំខាន់រវាងភាគីទាំងពីរកំពុងកើនឡើង។
លទ្ធផលជាក់ស្តែង
នៅចំពោះមុខដំណើរទស្សនកិច្ចរបស់លោក Maros Sefcovic សហភាពអឺរ៉ុបបានចេញការព្រមានជាបន្តបន្ទាប់។ នៅថ្ងៃទី ៧ ខែតុលា សភាអឺរ៉ុប (EP) បានបើកសម័យប្រជុំពេញអង្គស្តីពីទំនាក់ទំនងសហភាពអឺរ៉ុប-ចិន ហើយបានបោះឆ្នោត (ដោយមានសំឡេងគាំទ្រ ៤៥៤ និងសំឡេងប្រឆាំង ៨៦) ដើម្បីអនុម័តសេចក្តីសម្រេចមួយដែលអំពាវនាវឱ្យមាន "ការតបទៅវិញទៅមកផ្នែកសេដ្ឋកិច្ច" រវាងសហភាពអឺរ៉ុប និងចិន។ ជាពិសេស នៅដើមខែនេះ ប្រទេសឈានមុខគេទាំងពីររបស់សហភាពអឺរ៉ុប គឺអាល្លឺម៉ង់ និងបារាំង បានចេញសេចក្តីប្រកាសរួម ដោយអំពាវនាវឱ្យមានការបង្កើតយន្តការសហភាពអឺរ៉ុប ដែលអាចបិទទីផ្សារអឺរ៉ុបទាំងស្រុងចំពោះការនាំចេញមួយចំនួនពីដៃគូសេដ្ឋកិច្ច ប្រសិនបើ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់ស្តែង។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានថ្លែងថា៖ “ជាដំបូង និងសំខាន់បំផុត យើងចង់ឱ្យគណៈកម្មការអឺរ៉ុបធ្វើសកម្មភាពយ៉ាងឆាប់រហ័សនៅពេលចាំបាច់។ កំហិតមួយក្នុងគោលនយោបាយពាណិជ្ជកម្មអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺថា ដំណើរការធ្វើការសម្រេចចិត្តច្រើនតែអូសបន្លាយពេលយូរពេក។ គោលដៅរបស់យើងគឺផ្តល់ឱ្យគណៈកម្មការនូវឧបករណ៍មួយដែលអនុញ្ញាតឱ្យពួកគេឆ្លើយតបយ៉ាងឆាប់រហ័ស តែងតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាអឺរ៉ុប ដើម្បីឱ្យពួកគេអាចធ្វើការសម្រេចចិត្តបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន នៅពេលដែលបញ្ហាប្រឈមនៃគោលនយោបាយពាណិជ្ជកម្មទាមទារប្រការនោះ។ ហើយនោះជាអ្វីដែលត្រូវពិភាក្សានៅក្នុងសប្តាហ៍ខាងមុខ”។
ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងនេះនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសចិន សហភាពអឺរ៉ុបបានកំណត់អាទិភាពសំខាន់ៗចំនួនបីនៅក្នុងការចរចារួមមាន៖ ការគ្រប់គ្រងការកើនឡើងនៃការនាំចូលក្នុងវិស័យយុទ្ធសាស្ត្រ ការជំរុញការនាំចេញរបស់អឺរ៉ុបទៅកាន់ប្រទេសចិន និងការធានាការចូលទៅកាន់វត្ថុធាតុដើមសំខាន់ៗ។ អ្វីដែលសំខាន់បំផុត ដូចដែលអ្នកការទូតអឺរ៉ុបជាច្រើនបានសង្កត់ធ្ងន់ នោះគឺតម្រូវការក្នុងការឈានដល់កិច្ចព្រមព្រៀងជាក់ស្តែងយ៉ាងឆាប់រហ័ស បន្ទាប់ពីការសន្ទនារយៈពេលយូរ។
ផ្តល់អាទិភាពលើការសន្ទនា
បញ្ហាប្រឈមចម្បងដែលអឺរ៉ុបកំពុងប្រឈមមុខគឺរៀបចំវិធីសាស្ត្រដូចម្ត៉េចក្នុងបណ្តាកិច្ចចរចារជាមួយចិន។ មន្ត្រីអឺរ៉ុបដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការចរចាពាណិជ្ជកម្មជាមួយចិនក៏ជឿជាក់ផងដែរថា ការសន្ទនា ទោះបីជាមានការលំបាកក៏ដោយ ក៏កំពុងមានវឌ្ឍនភាពជាក់ស្តែង។ លោក Maros Sefcovic ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានថ្លែងថា៖ “ខ្ញុំអាចនិយាយបានថា យើងឃើញការចូលរួមជាក់ស្តែងពីសមភាគីចិន ហើយជាការពិតណាស់ពីភាគីយើងផងដែរ។ តាមពិតទៅ ប្រការសំខាន់ខ្លាំងណាស់ក្នុងការប្រើប្រាស់យន្តការពិគ្រោះយោបល់ពាណិជ្ជកម្ម និងវិនិយោគរវាងសហភាពអឺរ៉ុប និងចិន (TIC) លើកទីពីរនេះ ដើម្បីផ្លាស់ប្តូរពីសេចក្តីប្រកាសសាមញ្ញទៅជាលទ្ធផលជាក់ស្តែង ពីព្រោះនោះជាអ្វីដែលមនុស្សគ្រប់គ្នារំពឹងពីខ្ញុំ”។
នៅខាងចិន គោលការណ៍សំខាន់គឺការសន្ទនា។ ដើម្បីឆ្លើយតបទៅនឹងចលនាថ្មីៗរបស់សហភាពអឺរ៉ុប មន្ត្រីចិនបានសង្កត់ធ្ងន់លើការរក្សាអាទិភាពសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក និងតម្រូវការក្នុងការរក្សាស្ថិរភាពក្នុងទំនាក់ទំនងទ្វេភាគី។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា៖ “ឈរលើស្មារតីគោលការណ៍ យើងសង្ឃឹមថា អឺរ៉ុបនឹងធ្វើការរួមគ្នាជាមួយចិនក្នុងទិសដៅដូចគ្នា ដោយដោះស្រាយកង្វល់របស់គ្នាទៅវិញទៅមក តាមរយៈការសន្ទនា ការពិគ្រោះយោបល់ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយតម្លាភាព និងស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងអឺរ៉ុប។ យើងជឿជាក់ថា នេះស្ថិតនៅក្នុងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ”។
ទោះជាយ៉ាងណាក៏ដោយ ដូចគ្នានឹងយុទ្ធសាស្ត្រ “កាត់បន្ថយហានិភ័យ មិនមែនការបំបែកខ្លួន” របស់សហភាពអឺរ៉ុបដែរ ការសន្ទនាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ចិនជាមួយដៃគូណាមួយឥឡូវនេះវិលជុំវិញសសរស្តម្ភនៃ “សន្តិសុខសេដ្ឋកិច្ច” និង “ស្វ័យភាពជាយុទ្ធសាស្ត្រ” ដែលទីក្រុងប៉េកាំងបានដោះស្រាយរួចហើយ ទាំងនេះ បង្ហាញពីវិធីសាស្រ្តច្បាស់លាស់ និងម៉ឺងម៉ាត់ ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ៕








