សមុទ្រត្រូវបានកំណត់មិនត្រឹមតែជាប្រភពធនធានប៉ុណ្ណោះទេ ប៉ុន្តែជាលំហ សម្រាប់ការរស់រានមានជីវិត ការអភិវឌ្ឍ និងការពារប្រទេសជាតិ; ជាចំណុចប្រសព្វសម្រាប់កំណើនសេដ្ឋកិច្ច នវានុវត្តន៍ ធានាការពារជាតិ សន្តិសុខ និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ផ្លាស់ប្តូរការត្រិះរិះដើម្បីបើកចេញលំហអភិវឌ្ឍន៍ថ្មីៗ
ចំណុចលេចធ្លោបំផុតនៃសេចក្តីសម្រេចចិត្តនេះ គឺការផ្លាស់ប្តូរពីផ្នត់គំនិតនៃការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រទៅជាផ្នត់គំនិតនៃការកសាងប្រទេសឆ្នេរសមុទ្រ។ ប្រសិនបើសេចក្តីសម្រេចចិត្តលេខ ៣៦ ឆ្នាំ ២០១៨ បានផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យសេដ្ឋកិច្ចសមុទ្រ នោះសេចក្តីសម្រេចចិត្តថ្មីនេះបានពង្រីកវិធីសាស្រ្តអភិក្រមទៅកម្រិតយុទ្ធសាស្ត្រជាតិ។ លំហសមុទ្រត្រូវបានចាត់ទុកជាទីតាំងដែលគោលនយោបាយអភិវឌ្ឍន៍ទាំងអស់ត្រូវតែបម្រើគោលដៅនៃការអភិវឌ្ឍជាតិ ការការពារអធិបតេយ្យភាព និងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ ដូចដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា៖ «សេចក្តីសម្រេចចិត្តថ្មីនេះ មិនត្រឹមតែឆ្លើយសំណួរអំពីរបៀបអភិវឌ្ឍវិស័យសេដ្ឋកិច្ចសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែឆ្លើយសំណួរធំជាងនេះទៅទៀត គឺវៀតណាមនឹងធ្វើអាជីវកម្ម គ្រប់គ្រង និងអភិវឌ្ឍលំហសមុទ្រជាតិទាំងមូលយ៉ាងដូចម្តេច ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍ជាតិនៅក្នុងទសវត្សរ៍ខាងមុខ។ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីអភិវឌ្ឍន៍សមុទ្រទាំងអស់ត្រូវតែបម្រើតម្រូវការនៃការការពារអធិបតេយ្យភាពសិទ្ធិអធិបតេយ្យ និងយុត្តាធិការជាតិ រក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព លើកកម្ពស់សមត្ថភាពការពារជាតិ និងការពារផលប្រយោជន៍ជាតិនៅលើសមុទ្រ។ គម្រោងសេដ្ឋកិច្ចនីមួយៗនៅលើសមុទ្រត្រូវតែរួមចំណែកដល់ការពង្រឹងសក្តានុពលការពារជាតិ»។
គួរកត់សម្គាល់ថា សេចក្តីសម្រេចចិត្តនេះមិនត្រឹមតែដាក់ចេញនូវគោលដៅអភិវឌ្ឍវិស័យសេដ្ឋកិច្ចសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្រូវឱ្យមានការកសាងសមត្ថភាពអភិបាលកិច្ចលំហសមុទ្រជាតិទាំងមូលទៀតផង។ តំបន់សមុទ្រមួយលែងត្រូវបានបម្រុងទុកសម្រាប់គោលបំណងតែមួយទៀតហើយ ប៉ុន្តែអាចអភិវឌ្ឍកំពង់ផែ ឡូជីស្ទិក ថាមពលកកើតឡើងវិញ វារីវប្បកម្មបច្ចេកវិទ្យាខ្ពស់ ការអភិរក្សប្រព័ន្ធអេកូឡូស៊ី និងធានាការពារជាតិនិងសន្តិសុខក្នុងពេលដំណាលគ្នា។ សាស្ត្រាចារ្យរង លោកវេជ្ជបណ្ឌិត វ៉ូ ស៊ី ទួន អនុប្រធានសមាគមវារីវប្បកម្មវៀតណាម និងជាអតីតនាយកវិទ្យាស្ថានមហាសមុទ្រវិទ្យា បានឱ្យដឹងថា៖
«សេចក្តីសម្រេចចិត្តនេះ បានលើកឡើងពីបញ្ហាជាច្រើនសម្រាប់ការអភិវឌ្ឍប្រទេសជាតិខ្លាំងមាំមួនពីសមុទ្រ ក្នុងនោះ មានគំនិតមួយដែលខ្ញុំចាត់ទុកថា មានភាពទូលំទូលាយនិងបរិយាប័ន្ន នោះគឺទស្សនៈនៃអភិបាលកិច្ចរួមបញ្ចូលគ្នា និងការតភ្ជាប់លំហសមុទ្រ។ យើងឆ្ពោះទៅរកមហាសមុទ្រ មិនអាចប្រើប្រាស់តែគំនិតរបស់កសិករដែលថា “ស្រែអ្នកណា អ្នកនោះធ្វើ” នោះទេ ប៉ុន្តែសមុទ្រ និងមហាសមុទ្រត្រូវតែជាលំហរួមគ្នា ដែលបណ្តាផ្នែកនិងវិស័យទាំងអស់ត្រូវសហការគ្នា ដើម្បីឆ្លៀតយកអត្ថប្រយោជន៍ជាអតិបរមា មិនត្រឹមតែសម្រាប់វិស័យរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ផលប្រយោជន៍រួមរបស់សង្គមទាំងមូលទៀតផង។ តំបន់សមុទ្រមួយអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងខុសៗគ្នាជាច្រើន ដោយផ្អែកលើលក្ខណៈពិសេសផ្នែកសេដ្ឋកិច្ច សង្គម និងប្រព័ន្ធអេកូឡូស៊ី»។
នេះក៏ជានិន្នាការដែលប្រទេសឆ្នេរសមុទ្រជោគជ័យជាច្រើននៅជុំវិញពិភពលោក ដូចជាហូឡង់ ន័រវែស សិង្ហបុរី និងកូរ៉េខាងត្បូង បានជ្រើសរើស។ ភាពជោគជ័យរបស់ប្រទេសទាំងនេះ មិនមែនមកពីធនធានច្រើននោះទេ ប៉ុន្តែមកពីសមត្ថភាពអភិបាលកិច្ចទំនើប ការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសមុទ្រដែលមានតម្លៃបន្ថែមខ្ពស់។
ការអភិវឌ្ឍដើម្បីពង្រឹងអំណាចជាតិ
ចំណុចគួរឱ្យកត់សម្គាល់មួយទៀតនៃសេចក្តីសម្រេចចិត្តនេះ គឺការអភិវឌ្ឍ និងការពារជាតិ មិនត្រូវបានដាក់ក្នុងទំនាក់ទំនងជ្រើសរើសទេ ប៉ុន្តែត្រូវតែបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ គម្រោងសេដ្ឋកិច្ចនីមួយៗនៅលើសមុទ្រត្រូវតែរួមចំណែកដល់ការពង្រឹងសមត្ថភាពការពារជាតិ។ ផ្ទុយទៅវិញ បរិយាកាសសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅលើសមុទ្រគឺជាលក្ខខណ្ឌសម្រាប់ទាក់ទាញការវិនិយោគ ជំរុញពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រការនេះក៏បង្ហាញយ៉ាងច្បាស់អំពីវិធីសាស្រ្តជាប់លាប់របស់វៀតណាមចំពោះបញ្ហាសមុទ្រ។ វៀតណាមកំពុងកសាងប្រទេសឆ្នេរសមុទ្រដ៏រឹងមាំមួយ មិនមែនតាមរយៈការប្រកួតប្រជែង ឬការប្រឈមមុខដាក់គ្នានោះទេ ប៉ុន្តែតាមរយៈសមត្ថភាពអភិបាលកិច្ច កម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សារនេះកាន់តែមានអត្ថន័យនៅក្នុងបរិបទនៃបញ្ហាប្រឈមឆ្លងដែនដូចជា ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថានសមុទ្រ ការចុះខ្សោយធនធានជលផល និងការធានាសន្តិសុខសមុទ្រ ដែលគ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងបានឡើយ។ សាស្ត្រាចារ្យរង លោកបណ្ឌិត វ៉ូ ស៊ី ទួន បានសង្កត់ធ្ងន់ថា៖ «កិច្ចសហប្រតិបត្តិការអន្តរជាតិគឺមិនអាចខ្វះបាន ពីព្រោះបញ្ហានៅលើសមុទ្រគ្មានព្រំដែន។ យើងត្រូវតែរួមគ្នាដោះស្រាយបញ្ហាឆ្លងដែនជាមួយប្រទេសដទៃទៀត។ យើងត្រូវតែម្ចាស់ការ ចូលរួមចំណែកនៅក្នុងសកម្មភាពអន្តរជាតិ ដោយចែករំលែកប្រភពធនធាននិងព័ត៌មាន។ យើងរួមជាមួយបណ្តាប្រទេស ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន មិនត្រឹមតែលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ហាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុទៀតផង។ ប្រសិនបើយើងមិនសហការគ្នាទេ នោះយើងនឹងពិបាកក្នុងការធ្វើអាជីវកម្ម និងប្រើប្រាស់ប្រភពធនធាននៅសមុទ្រខាងកើតប្រកបដោយចីរភាព និងប្រសិទ្ធភាពខ្ពស់»។
សេចក្តីសម្រេចចិត្តស្តីពី "ការកសាង និងអភិវឌ្ឍវៀតណាមឱ្យក្លាយជាប្រទេសឆ្នេរសមុទ្រដ៏រឹងមាំ" មិនត្រឹមតែបើកចេញឱកាសអភិវឌ្ឍន៍ថ្មីៗប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់វៀតណាមទៀតផង។ នោះគឺការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រទំនើបដែលផ្សារភ្ជាប់ទៅនឹងការការពារអធិបតេយ្យភាព អភិបាលកិច្ចប្រកបដោយចីរភាព និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីសន្តិភាព និងវិបុលភាពរួម៕








