រយៈពេល ៦៥ ឆ្នាំកន្លងមកនេះគឺជាដំណើរការខិតខំប្រឹងប្រែងនៃទំនួលខុសត្រូវរបស់ប្រទេសជាតិចំពោះជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន និងជាដំណើរនៃកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីជំនះលើភាពខុសប្លែកគ្នាខាងប្រវត្តិសាស្ត្រ។

ការកៀរគរធនធានទាំងអស់

ផលវិបាកបណ្តាលពីសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនលើមនុស្ស និងបរិស្ថានគឺធ្ងន់ធ្ងរជាពិសេស អូសបន្លាយច្រើនទសវត្សរ៍ និងបន្តដាក់ចេញបញ្ហាប្រឈមសម្រាប់គ្រួសារវៀតណាមជាច្រើន។

យោងតាមតួលេខដែលបានវៀតណាមចេញផ្សាយ មនុស្សប្រហែល ៤,៨ លាននាក់ត្រូវរងផលប៉ះពាល់ដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ដែលក្នុងនោះមនុស្សប្រហែល ៣,១ លាននាក់ត្រូវបានកំណត់ថា ជាជនរងគ្រោះដោយផ្ទាល់។ ផលវិបាកសុខភាពអាចអូសបន្លាយទៅលើច្រើនជំនាន់។ ប៉ុន្តែនៅពីក្រោយតួរលេខទាំងនោះគឺជារឿងរ៉ាវជីវិតជាក់ស្តែង។ លោក ង្វៀន តិន ដូវ ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន នៅខេត្ត ក្វាង ទ្រី បានចែករំលែកថា៖ “ខ្ញុំបានបម្រើការនៅក្នុងសមរភូមិយោធភូមិភាគទី ៥ ពីឆ្នាំ ១៩៦៨ ដល់ឆ្នាំ ១៩៧១។ នៅក្នុងគ្រួសារ ខ្ញុំផ្ទាល់រង់ប៉ះពាល់នឹងសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន ដោយមានជំងឺជាច្រើន ជាពិសេសឥឡូវនេះខ្ញុំមិនអាចបំពេញមុខងារជាបុរសម្នាក់។ ខ្ញុំមានកូន ១០ នាក់ ប៉ុន្តែស្លាប់បាត់ ៥នាក់ និងម្នាក់កើតមកមានពិការភាព”។

ការដោះស្រាយផលវិបាកបណ្តាលពីសារជាតិគីមីពុល គឺជាកិច្ចការរយៈពេលវែង ដូច្នេះវៀត ណាមកំពុងកែលម្អប្រព័ន្ធគោលនយោបាយរបស់ខ្លួនជានិច្ច ដើម្បីថែទាំជនរងគ្រោះ។ ចាប់ពីឆ្នាំ ១៩៩៨ រហូតមកដល់បច្ចុប្បន្ន គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានចេញបទបញ្ញត្តិចំនួនបី ទាក់ទងនឹងរបប និងគោលនយោបាយសម្រាប់អ្នកដែលមានគុណូបការៈ រួមទាំងអ្នកដែលចូលរួមក្នុងសង្គ្រាម ហើយរង់ប៉ះពាល់នឹងជាតិពុលគីមី រួមទាំងកូនៗរបស់ពួកគេ។ ជាមួយគ្នានេះ រដ្ឋាភិបាល និងក្រសួងនានាបានអនុវត្តគោលនយោបាយឧបត្ថម្ភជាច្រើនទាក់ទងនឹងការឧបត្ថម្ភធន ការថែទាំសុខភាព ការស្តារនីតិសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតជីវភាពរស់នៅ និងការកែលម្អលក្ខណៈរស់នៅ។ គោលនយោបាយទាំងនេះ មិនត្រឹមតែជួយឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេមានឱកាសបន្ថែមសម្រាប់ ស្ថេរភាពជីវភាពរស់នៅ សម្របខ្លួនជាមួយសហគមន៍ និងកែលម្អជីវភាពរស់នៅ។

ទន្ទឹមជាមួយគោលនយោបាយសុខុមាលភាពសង្គម អស់រយៈពេលជាច្រើនឆ្នាំមកនេះ សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម រួមជាមួយអង្គការនិងបុគ្គលដទៃទៀត បានធ្វើយុទ្ធនាការ ផ្សព្វផ្សាយ និងតស៊ូឥតឈប់ឈរដើម្បីសិទ្ធិ ផលប្រយោជន៍របស់ជនរងគ្រោះ។ លោកវរសេនីយ៍ឯក ផាម សួនហ៊ឹង អនុប្រធានសមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម និងជានាយកមូលនិធិជនរងគ្រោះដោយសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម បានឲ្យដឹងថា៖ “ក្នុងការតស៊ូដើម្បីទាមទារយុត្តិធម៌ នេះគឺជាកិច្ចការដ៏លំបាកលំបិន។ បច្ចុប្បន្ននេះ យើងគាំទ្រលោកស្រី ជិន តូ ង៉ា ដែលជាជនរងគ្រោះដោយសារធាតុគីមីពណ៌លឿងទុំ ដែលបច្ចុប្បន្នលោកស្រីមានទាំងសញ្ជាតិបារាំងនិងវៀតណាម ក្នុងការតស៊ូរបស់លោកស្រី ដើម្បីទាមទារសិទ្ធិសម្រាប់ជនរងគ្រោះនិងដើម្បីឲ្យក្រុមហ៊ុនគីមីអាមេរិកទទួលខុសត្រូវចំពោះផលវិបាកនៃការប្រើប្រាស់អាវុធគីមីរបស់ពួកគេ ក្នុងសង្គ្រាមនៅវៀតណាម។ យ៉ាងណាមិញ យើងក៏ដឹងថា ការតស៊ូនេះនឹងអូសបន្លាយរយៈពេលវែងដែរ”។

ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ

ទោះជាយ៉ាងណាក៏ដោយ ទំហំនិងភាពស្មុគស្មាញនៃផលវិបាកបណ្តាលពីសង្គ្រាមបង្ហាញថា ប្រទេសមួយគឺមិនអាចដោះស្រាយអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងបានទេ។ ដូច្នេះ រួមជាមួយនឹងធនធានក្នុងស្រុក វៀតណាមបានម្ចាស់ការក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល អង្គការអន្តរជាតិ អង្គការសង្គម អ្នកវិទ្យាសាស្ត្រ និងបុគ្គលសប្បុរសធម៌ទូទាំងពិភពលោក។

នៅក្នុងផ្ទាំងរូបភាពសហប្រតិបត្តិការនេះ វៀតណាមនិងសហរដ្ឋអាមេរិក ដែលជាប្រទេសពីរ ធ្លាប់ស្ថិតនៅសង្ខាងនៃសង្គ្រាម ហើយអំឡុងច្រើនឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានកសាងទំនាក់ទំនងសហប្រតិបត្តិការជាបណ្តើរៗ ហើយការដោះស្រាយផលវិបាកបណ្តាលពីសង្គ្រាមបានក្លាយជាវិស័យសំខាន់មួយ សម្រាប់ការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។

ការបន្សាបសារធាតុគីមីពុលឌីអុកស៊ីននៅកន្លែងក្តៅគគុក គឺជាសក្ខីភាពច្បាស់លាស់មួយ។ នៅអាកាសយានដ្ឋានដាណាំង ផ្ទៃដីចំនួន ៣២.៤ ហិកតាត្រូវបានសម្អាត និងប្រគល់ជូននៅឆ្នាំ ២០១៨។ នៅអាកាសយានដ្ឋានបៀនហ័រ គម្រោងត្រូវបានអនុវត្តក្នុងរយៈពេល ២០២០-២០៣០ ដោយមូលនិធិរបស់សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តចំនួន ១៨៣ លានដុល្លារ។ គិតត្រឹមខែតុលា ឆ្នាំ២០២៥ ផ្ទៃដីជាង ៦ ហិកតា ត្រូវបានភាគីសហរដ្ឋអាមេរិកប្រគល់ បន្ទាប់ពីដំណើរការដោះស្រាយត្រូវបានបញ្ចប់។ នៅក្នុងពិធីប្រគល់នៅខែតុលា ឆ្នាំ២០២៥ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាម (២០២២-២០២៦) លោក Marc Knapper បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសទាំងពីរ។

“ថ្ងៃនេះពិតជាថ្ងៃដ៏មានអត្ថន័យមួយ ខណៈដែលយើងប្រារព្ធព្រឹត្តិការណ៍សំខាន់ៗ ចំនួនបី៖ ទីមួយ ការប្រគល់ដីទំហំ ៦ហិកតា ដែលត្រូវបានសម្អាតឌីអុកស៊ីន។ ទីពីរ ការចុះហត្ថលេខាលើឯកសារបន្ថែមអំពីកិច្ចព្រមព្រៀងដើម្បីគាំទ្រដល់ជនពិការ ជាមួយនឹងថវិកាបន្ថែមចំនួន ៣២ លានដុល្លារ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធី។ ហើយចុងក្រោយ ពិធីបើកការដ្ឋានសាងសង់រោងចក្រថ្មីសម្អាតដោយកម្ដៅ ដែលនឹងពន្លឿន និងបង្កើនប្រសិទ្ធភាពនៃការសម្អាតដីមានសារធាតុគីមីពុល ដែលនៅសេសសល់នៅទីនេះ។ ព្រឹត្តិការណ៍ទាំងនេះមានសារៈសំខាន់យ៉ាងខ្លាំង ពីព្រោះកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាមតែងតែជាមូលដ្ឋានគ្រឹះនៃចំណង់មិត្តភាព និងភាពជាដៃគូរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់ការកសាងទំនុកចិត្ត និងជំរុញការផ្សះផ្សា”។

រយៈពេល ៦៥ឆ្នាំ បន្ទាប់ពីជើហហោះហើរដើមដំបូងរបស់យោធាអាមេរិក បានរោយថ្នាំសម្លាប់ស្មៅលើប្រទេសវៀតណាម ហើយដំណើរការជំនះផលវិបាកបណ្តាលពីសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីននៅតែបន្ត។ ពីរបួសសង្គ្រាម វៀតណាមបានជ្រើសរើសការផ្សះផ្សា។ ពីភាពខុសបែកគ្នាខាងប្រវត្តិសាស្ត្រ វៀតណាមបានជ្រើសរើសកិច្ចសហប្រតិបត្តិការ។ រំលឹកខួបលើកទី ៦៥ នៃគ្រោះមហន្តរាយសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីន គឺជាឱកាសមួយដើម្បីក្រឡែកមើលការឈឺចាប់ឡើងវិញ និងយល់កាន់តែច្បាស់អំពីតម្លៃនៃសន្តិភាព ការផ្សះផ្សាអតីតកាល និងការកសាងអនាគត៕