ចំណុចស្នូលនៃសេចក្តីសម្រេចចិត្តទាំងនេះ គឺដើម្បីលុបបំបាត់ឧបសគ្គអំពីស្ថាប័ន ដែលកំពុងរារាំងដល់ការអភិវឌ្ឍ។ តាមការប៉ាន់ប្រមាណថា សេចក្តីសម្រេចចិត្តទាំង១១នេះ អាចជួយសង្គមសន្សំសំចៃប្រាក់ប្រមាណ ២៣ ពាន់ពាន់លានដុង (ជាង ៨៧០ លានដុល្លារអាមេរិក) ជាចំណាយលើការអនុលោមតាមច្បាប់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែតម្លៃធំជាងនេះគឺស្ថិតនៅក្នុងការផ្លាស់ប្តូរការត្រិះរិះអភិបាលកិច្ច និងបង្កើតលក្ខណៈសម្រាប់ការអភិវឌ្ឍ។

ផ្លាស់ប្តូរផ្នត់គំនិតអំពីអភិបាលកិច្ច

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វៀតណាមសម្រេចបាននូវវឌ្ឍនភាពដ៏ធំៗ ជាច្រើន ដោយសារការបើកចំហ ការធ្វើសមាហរណកម្ម និងធ្វើកំណែទម្រង់សេដ្ឋកិច្ច។ ថ្វីត្បិតដូច្នេះក៏ដោយ នៅពេលចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី "ឧបសគ្គដែលមើលមិនឃើញ" កំពុងកាន់តែលេចឡើងយ៉ាងច្បាស់។ ទាំងនេះរួមមានការត្រួតស៊ីគ្នាផ្នែកច្បាប់; បែបបទត្រូវអូសបន្លាយ ដែលពាក់ព័ន្ធនឹងអន្តរការីច្រើនស្រទាប់; និង "អាជ្ញាប័ណ្ណរង" ជាច្រើនស្ថិតក្នុងទម្រង់ផ្សេងៗគ្នា ដែលបណ្តាលឱ្យអាជីវកម្មខាតបង់ពេលវេលា ថវិកា និងឱកាសទីផ្សារ។ សេចសម្រេចចិត្តជាច្រើនរងការពន្យារពេល គម្រោងជាច្រើនត្រូវជាប់គាំង និងឱកាសអភិវឌ្ឍន៍ជាច្រើនត្រូវបានខកខាន។ ឧបសគ្គទាំងនេះ ធ្វើឱ្យល្បឿនចលនា​នៃខឿនសេដ្ឋកិច្ចទាំងមូលត្រូវថយចុះ។

ដូច្នេះ សេចក្តីចម្រេចចិត្តលើកនេះ មិនមែនគ្រាន់តែជាការកាត់បន្ថយនីតិវិធីប៉ុណ្ណោះទេ ថែមទាំងជាការផ្លាស់ប្តូរការត្រិះរិះអំពីការគ្រប់គ្រង ពីការគ្រប់គ្រងតាមរយៈការ “សូម-ឲ្យ” ទៅជាអភិបាលកិច្ចផ្អែកលើតម្លាភាពនិងគណនេយ្យភាព ពីគំរូនៃអំណាចរដ្ឋបាលទៅជាវិមជ្ឈការកាន់តែខ្លាំងក្លាជាងសម្រាប់មូលដ្ឋាន។ ឈរលើស្មារតីនោះ នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង បានជំរុញជាបន្តបន្ទាប់ដល់ក្រសួង និងស្ថាប័ននានា ឱ្យពន្លឿនដំណើរការកែទម្រង់ ដោយចាត់ទុកថា នេះជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ចំរុញកំណើនសេដ្ឋកិច្ចក្នុងដំណាក់កាលខាងមុខ។

“ទាក់ទងនឹងនីតិវិធីរដ្ឋបាល យើងធ្វើការដោយផ្ទាល់ជាមួយក្រសួងនានា ហើយតម្រូវឲ្យអនុវត្តន៍តាមសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិមដែលថា ត្រូវកាត់បន្ថយពេលវេលាអនុវត្តន៍ និងថ្លៃដើមនៃនីតិវិធី ហើយបរិយាកាសអាជីវកម្មដែលមានតម្លាភាព អាចព្យាករណ៍បាន និងបើកចំហសម្រាប់អាជីវកម្ម និងប្រជាជន។ នេះគឺជាតម្រូវការដ៏សំខាន់ ដើម្បីអាចជំរុញសកម្មភាពផលិតកម្ម និងអាជីវកម្ម ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ក្នុងរយៈពេលខាងមុខ”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង។

ក្រោមការដឹកនាំយ៉ាងខ្ជាប់ខ្ជួនរបស់នាយករដ្ឋមន្ត្រី ឯកសារច្បាប់រាប់រយត្រូវបានធ្វើវិសោធនកម្ម និងបំពេញបន្ថែម ដែលបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់បំផុតរបស់រដ្ឋាភិបាល ក្នុងការកសាងរដ្ឋបាលដែលផ្តោតលើសេវាកម្ម ដែលដាក់ប្រជាជននិងអាជីវកម្មនៅចំកណ្តាល។ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ង្វៀន ថាញ់ ទីញ បានសង្កត់ធ្ងន់ថា៖ “ច្បាប់ជិត ៥០ ត្រូវបានកែសម្រួល ដើម្បីកាត់បន្ថយវិស័យអាជីវកម្មដែលមានលក្ខខណ្ឌជិត ៦០ និងលុបចោលនីតិវិធីរដ្ឋបាលចំនួន ១៥៨ច្បាប់ រួមជាមួយនឹងវិធានការសាមញ្ញជាច្រើនទៀត។ នេះគឺជាកំណែទម្រង់ដ៏ទូលំទូលាយមួយ។ ដូច្នេះ ក្នុងរយៈពេលជិតមួយខែប៉ុណ្ណោះ យើងសម្រេចបានគោលដៅនៃការកាត់បន្ថយ និងធ្វើឱ្យនីតិវិធីរដ្ឋបាល និងវិស័យអាជីវកម្មដែលមានលក្ខខណ្ឌកាន់តែសាមញ្ញ ស្របតាមការបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្ត្រី”។

បញ្ចេញកម្លាំងច្នៃប្រឌិត បង្កើតរបកគំហើញសម្រាប់ការអភិវឌ្ឍ

ប្រសិនបើកិច្ចការផ្លាស់ប្តូរថ្មី (Doi moi) ឆ្នាំ ១៩៨៦ គឺជាការរំដោះកម្លាំងផលិតភាពនោះ គឺកំណែទម្រង់ស្ថាប័នបច្ចុប្បន្នអាចត្រូវបានគេមើលឃើញថា ជាដំណើរការធ្វើឲ្យមានការបញ្ចេញកម្លាំងច្នៃប្រឌិត។ ហើយកម្លាំងច្នៃប្រឌិតនោះ កំពុងក្លាយជាធនធានយុទ្ធសាស្ត្រសម្រាប់ប្រទេសជាតិ។ ប្រទេសមួយដែលចង់រីកចម្រើនយ៉ាងឆាប់រហ័ស មិនអាចពឹងផ្អែកតែលើគុណសម្បត្តិចាស់ៗនោះទេ ពោលគឺត្រូវតែបង្កើតលក្ខណៈងាយស្រួលសម្រាប់មនុស្សរាប់លាននាក់ឱ្យមានភាពច្នៃប្រឌិត ត្រូវបានពិសោធន៍ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ នេះក៏ជាប្រការដែលអាជីវកម្មត្រូវរំពឹងទុកផងដែរ។ លោក លឺ ង្វៀន សួន វូ ប្រធានសមាគមពាណិជ្ជកម្មទីក្រុងហូជីមិញ បានឲ្យដឹងថា៖ “រដ្ឋគ្រប់គ្រងនីតិវិធីរដ្ឋបាលប្រហែលតិចជាង ៥០% ខណៈពេលដែលនៅច្រើនជាង ៥០% ត្រូវបានទុកឱ្យអាជីវកម្មដោះស្រាយ ចងក្រង និងទទួលខុសត្រូវដោយខ្លួនឯង។ ប្រសិនបើយើងអាចសម្រេចបាននូវរឿងនេះ ហើយបន្ទាប់មកត្រួតពិនិត្យ ប្រសិនបើអាជីវកម្មធ្វើខុសក្នុងនីតិវិធីទាំងនោះ ឬខកខានមិនបានធ្វើការប្តេជ្ញាចិត្ត ឬមិនអនុវត្តតាមបទប្បញ្ញត្តិ នោះអាជីវកម្មនឹងត្រូវទទួលខុសត្រូវ”។

ប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសជាច្រើនបង្ហាញថា នៅពេលដែល កម្លាំងច្នៃប្រឌិតរបស់សង្គមត្រូវបានបញ្ចេញ ប្រភពធនធានអភិវឌ្ឍន៍នឹងកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ហើយនៅក្នុងបរិបទនៃការប្រកួតប្រជែងសកលកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ នេះប្រហែលជា ជាកិច្ចការកំណែទម្រង់ដ៏សំខាន់បំផុតដែល៖ បញ្ចេញសក្តានុពលច្នៃប្រឌិតរបស់ប្រជាជនវៀតណាមដើម្បីបង្កើតរបកគំហើញអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី៕