ជាភាសាខ្មែរ "ចាប៉ី" គឺជាឈ្មោះឧបករណ៍ភ្លេងមួយប្រភេទដែលប្រើសម្រាប់អមជាមួយឃ្លាច្រៀងនីមួយៗ។ នៅពេលសម្តែងចំរៀងចាប៉ី សិល្បករជាធម្មតាយោងតាមលំនាំកំណាព្យប្រជាប្រិយរបស់ក្រុមជនជាតិ ជាចម្បងក្នុងទម្រង់ជាឃ្លាកំណាព្យបទពាក្យ ៤ ង់ ឬកំណាព្យបទពាក្យ៧។ មានពេលខ្លះដែលអ្នកចម្រៀងមិនយោងតាមលំនាំរឿងណាមួយទេ ប៉ុន្តែធ្វើការច្នៃប្រឌិតនៅលើឆាក ដោយបង្ហាញពីកំណាព្យការតែងនិពន្ធផ្ទាល់ខ្លួន ដែលមានគោលបំណងឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង នៃជីវភាពរស់នៅប្រចំាថ្ងៃ បង្ហាញពីផ្នត់គំនិត អារម្មណ៍ និងសេចក្តីប្រាថ្នារបស់មនុស្ស។
ពីទស្សនៈសិល្បៈ ចំរៀងចាប៉ី មានលក្ខណៈស្រដៀងគ្នាជាមួយនឹងការច្រៀង Xam នៅភាគខាងជើងវៀតណាម។ អ្នកសម្តែងលេង និងច្រៀងក្នុងពេលដំណាលគ្នា ដោយប្រើតែឧបករណ៍ ចាប៉ីដងវ៉េងប៉ុណ្ណោះ។ យោងតាមលោក ថាច់ ហ័យ ថាញ់ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ត្រាវិញ ខេត្ត វិញ ឡុង ថា៖ “ឧបករណ៍ភ្លេង ចាប៉ីដងវេង ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវង់ភ្លេងប្រជាប្រិយជាច្រើន ដូចជាវង់ភ្លេង Arak តន្ត្រីអាពាហ៍ពិពាហ៍ និងតន្ត្រី Mahori។ ចំពោះអ្នកសំដែង ចំរៀងចាប៉ី ទាមទារឲ្យមានទេពកោសល្យទាំងការលេង និងការច្រៀង ក៏ដូចជាជំនាញនិពន្ធដ៏រស់រវើសដែលអាចបត់បែនបាន ដូច្នេះទើបសម្តែងបានល្អ”។
ចំពោះប្រជាជនខ្មែរ រូបភាពរបស់សិល្បករសម្តែងចំរៀងចាប៉ី ត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងស្មារតីរបស់មនុស្សច្រើនជំនាន់។ ការច្រៀងដោយស្មោះអស់ពីចិត្ត ការបង្រៀនកូនចៅអំពីតម្លៃសីលធម៌ និងរបៀបប្រព្រឹត្តចំពោះអ្នកដទៃ បានរួមចំណែកដល់ការបង្កើតចរិតលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់សហគមន៍។ លោក យ៉ាញ់ អៀន មកពីឃុំ ឡឹមទិន៩ ទីក្រុងកិន ធើ ដែលមានចំណង់ចំណូលចិត្ត និងផ្សាភ្ជាប់ជាមួយសិល្បៈ សម្តែងចំរៀងចាប៉ី តាំងពីកុមារភាព បាននិយាយថា៖ ចំរៀងចាប៉ី មានលក្ខណៈប្លែកពីគេ។ ក្នុងអំឡុងពេលសម្តែង សិល្បករមិនលេងនិងច្រៀងជាបន្តបន្ទាប់ក្នុងពេលតែមួយទេ ប៉ុន្តែជាធម្មតាច្រៀងដោយមិនប្រើឧបករណ៍ភ្លេងមុន បន្ទាប់មកផ្អាកដើម្បីលេងឧបករណ៍ភ្លេងអមជាមួយមុនពេលបន្តទៀត។ ជាពិសេស ទំនុកច្រៀងអាចត្រូវបាននិពន្ធភ្លាមនៅនឹងកន្លែង ដែលឆ្លុះបញ្ចាំងពីរចនាប័ទ្មពិសេសរបស់សិល្បករម្នាក់ៗ។ ប្រការនេះបានបង្កើតភាពចម្រុះ និងភាពសម្បូរបែបនៃទម្រង់សិល្បៈប្រជាប្រិយពិសេសនេះ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្តែងចំរៀងចាប៉ីឲ្យបានពេញលេញ សិល្បករមិនត្រឹមតែត្រូវការបច្ចេកទេសលេងដ៏ប៉ិនប្រសប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការយល់ដឹងស៊ីជម្រៅអំពីវប្បធម៌ ភាសា និងអក្សរសាស្ត្រជនជាតិផងដែរ។ ចំណេះដឹងនេះជួយពួកគេតែងនិពន្ធទំនុកច្រៀងដែលសមស្របសម្រាប់ស្ថានភាព និងទីកន្លែងសម្តែងនីមួយៗ។
លោក យ៉ាញ់ អៀន បានចែករំលែកថា៖ “ចំរៀងចាប៉ី មានច្រើនដូចជា៖ Angkor Reak, Sa Rom-mi, Ong Kom Ca Ek…។ នៅពេលសម្តែង អ្នកត្រូវតែផ្អែកលើជម្រើសបទចម្រៀងរបស់អ្នកលើពិធី ពោលគឺ បរិយាកាសរីករាយឬសោកសៅ សម្រាប់ជ្រើសរើសបទចម្រៀង។ ឧទាហរណ៍ ក្នុងពិធីមង្គលការ ពេលកាត់ផ្កាម្លូ មានបទចម្រៀងជាក់ស្តែងមួយចំនួនប៉ុណ្ណោះ ប៉ុន្តែប្រសិនបើម្ចាស់ផ្ទះស្នើឲ្យយើងបន្ថែមការសម្តែងយូរជាងនេះ អ្នកត្រូវតែតែងនិពន្ធស្នាដៃផ្ទាល់ប្រាប់ពីពុណូបការៈរបស់ឪពុក ម្តាយ។ នោះជាពេលវេលាដ៏ពិបាកបំផុតដែរ ពីព្រោះអ្នកត្រូវតែងនិពន្ធភ្លាមៗ”។
ចំរៀងចាប៉ី គឺជាអាហារខាងវិញ្ញាណដែលមិនអាចខ្វះបាននៅក្នុងជីវភាពវប្បធម៌របស់ប្រជាជនខ្មែរ។ ទម្រង់សិល្បៈនេះមិនត្រឹមតែមាននៅក្នុងការសម្តែងទោលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧបករណ៍សំខាន់មួយនៅក្នុងវង់ភ្លេងប្រពៃណីជាច្រើនផងដែរ។ អាស្រ័យលើពេលវេលា ទីកន្លែង និងកាលៈទេសៈនៃការសម្តែង សិល្បករនឹងជ្រើសរើសបទភ្លេងសមស្រប ហើយក៏ត្រូវតែដឹងពីរបៀបកែសម្រួលខ្សែភ្លេង ឱ្យស៊ីសង្វាក់គ្នាជាមួយវង់ភ្លេងផងដែរ។ លោក យ៉ាញ់ អៀន បានបន្ថែមថា៖ “ឧបករណ៍ភ្លេងចាប៉ី មានផ្លែចុចសរុបចំនួន ១២។ នៅពេលសម្តែង ប្រសិនបើខ្សែមិនស្ថិតនៅកម្ពស់ត្រឹមត្រូវសម្រាប់វង់ភ្លេង មនុស្សម្នាក់ត្រូវតែកែសម្រួល ភ្លាមៗ។ ពេលច្រៀងតែម្នាក់ឯង ខ្សែត្រូវបានរឹតឱ្យជាប់នឹងគន្លឹះនីមួយៗ ចំណែកឯពេលសម្តែងជាមួយក្រុមតន្រ្តីវិញ ត្រូវតែលៃតម្រូវតាមនោះ។ ឧបករណ៍នេះ មានយន្តការលៃតម្រូវខ្សែងាយស្រួលប្រើ ពោលគឺអាចត្រូវបានរឹត ឬបន្ធូរតាមចិត្ត”។
ចំរៀងចាប៉ី បង្ហាញយ៉ាងច្បាស់ពីភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរ ក៏ដូចជាសមត្ថភាព សម្របខ្លួនដោយមានភាពបែបបែនទៅនឹងបរិស្ថានរស់នៅរបស់ខ្លួន។ ជាមួយនឹងតម្លៃសិល្បៈ និងវប្បធម៌ពិសេសនេះ ចំរៀងចាប៉ីរបស់ប្រជាជនខ្មែរត្រូវបានទទួលស្គាល់ថា ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ទម្រង់នៃសិល្បៈសម្តែងប្រជាប្រិយ ក្នុងឆ្នាំ ២០១៣។ រហូតមកដល់សព្វថ្ងៃនេះ បេតិកភណ្ឌនេះនៅតែមានវត្តមាន និងត្រូវបានថែរក្សាជាបន្ត នៅក្នុងជីវភាពវប្បធម៌ និងស្មារតីរបស់ប្រជាជនខ្មែរណាមប៉ូ (ភាគខាងត្បូងវៀតណាម)៕








