យោងតាមការប៉ាន់ស្មានបានឲ្យដឹងថា មានមនុស្សវ័យក្មេងជាង ១ ពាន់លាននាក់ ក្នុងនោះរួមមានក្មេងស្រីចំនួន ៦០០ លាននាក់ នឹងជាកម្លាំងពលកម្មនាទសវត្សរ៍ខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ជាការពិតណាស់ មានកុមារីជាច្រើន ដែលមិនបានអភិវឌ្ឍជំនាញដែលត្រូវការចាំបាច់ ដើម្បីធានាទទួលបាននូវការងារធ្វើដែលមានគុណភាពនោះឡើយ។ មានសិស្សនារីថ្នាក់បឋមសិក្សាចំនួន 10% មិនបានទៅសិក្សានៅសាលាឡើយ។
ក្នុងឱកាសនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានផ្ញើសារមួយ ដោយសម្ដែងនូវគោលបំណងថា កុមារីគ្រប់រូបនៅលើពិភពលោក គឺសុទ្ធតែអាចពង្រីកសមត្ថភាពរបស់ខ្លួន ហើយអាចទាក់ទងជាមួយឱកាសការងារធ្វើដោយផ្អែកលើមូលដ្ឋានសមភាពភេទ។ យោងតាមមូលនិធិកុមាររបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ដើម្បីធានាបានការចូលរួមរបស់កុមារីទៅក្នុងកម្លាំងពលកម្មដែលមានគុណភាពខ្ពស់នាពេលអនាគត់នោះ គឺតម្រូវឲ្យពិភពលោកត្រូវលុបបំបាត់នូវឧបសគ្គអំពីការប្រកាន់ភេទលើគ្រប់មុខរបរផងដែរ៕






