នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក Rubio បានចោទប្រកាន់អ៊ីរ៉ង់ពីចេតនាចង់គ្រប់គ្រងផ្លូវទឹកយុទ្ធសាស្ត្រនេះ ដោយទាមទារឱ្យប្រទេសដទៃទៀតត្រូវ "សម្របសម្រួល សុំការអនុញ្ញាត និងបង់ថ្លៃសេវា"។

នៅថ្ងៃដដែល សេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើកិច្ចប្រជុំសម្ងាត់ជាមួយទីប្រឹក្សាសន្តិសុខជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីសំណើរបស់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា សំណើនេះកំពុងស្ថិតក្រោមការពិចារណា ប៉ុន្តែមិនបានបញ្ជាក់ថា តើប្រធានាធិបតី Trump នឹងទទួលយកវាឬអត់នោះទេ។

ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានរិះគន់សហរដ្ឋអាមេរិកចំពោះការរារាំងដំណើរការដោះស្រាយជម្លោះតាមរយៈមធ្យោបាយការទូត។ ក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុង Saint Petersburg កាលពីថ្ងៃទី ២៧ មេសា លោក Araghchi បានលើកឡើងពីទង្វើដែលទីក្រុងតេអេរ៉ង់ចាត់ទុកថា ជាការបង្ករឿងហេតុ រួមជាមួយនឹង "ការទាមទារមិនសមហេតុផល ការផ្លាស់ប្តូរជំហរឥតឈប់ឈរ ការគំរាមកំហែងដោយប្រើវោហាសាស្ត្រ និងការរំលោភបំពានលើការសន្យាជាបន្តបន្ទាប់" របស់សហរដ្ឋអាមេរិក។

រីឯខ្លួនវិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ជាថ្មីថា ទីក្រុងមូស្គូនឹងបន្តពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់ ដោយខិតខំរួមចំណែកដល់សន្តិភាពនៅមជ្ឈិមបូព៌ា ក៏ដូចជាសង្ឃឹមថាប្រជាជនអ៊ីរ៉ង់នឹងជំនះលើសម័យកាលដ៏លំបាកបច្ចុប្បន្ន៕