នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក នៅតែមានការប្រែប្រួលជាច្រើន ហើយសក្ដានុពលពីកម្លាំងចលករប្រពៃណីដូចជាការនាំចេញ ឬការប្រើប្រាស់មិនទាន់មានស្ថិរភាពពិតប្រាកដនៅឡើយ ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទុនវិនិយោគសាធារណៈគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់។
ប្រសិនបើពីមុន វិស័យវិនិយោគសាធារណៈប្រឈមនឹងភាពយឺតយ៉ាវនិងមានប្រសិទ្ធភាពតិចតួចក្នុងការបញ្ចេញទុន គឺដំណាក់កាលបច្ចុប្បន្នកំពុងឃើញការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ទាំងការត្រិះរិះ និងវិធីសាស្រ្តអនុវត្តន៍ ដោយផ្តោតលើការកែលម្អប្រសិទ្ធភាពប្រើប្រាស់ដើមទុន រួមផ្សំជាមួយនឹងវិន័យ ការទទួលខុសត្រូវ និងលទ្ធផល។
លទ្ធផលជាក់ស្តែង និងទិសដៅគ្រប់គ្រង
ឆ្នាំ ២០២៥ អាចត្រូវបានចាត់ទុកថា ជាចំណុចរបត់មួយនៅពេលដែលអត្រាការបញ្ចេញទុនវិនិយោគសាធារណៈ សម្រេចបានជិត ៩៨% នៃផែនការ ស្មើនឹងប្រហែល ៣៣,៦ ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុតតាំងពីមុនមក។ ជាពិសេស មូលដ្ឋានជាច្រើនមានអត្រាការបញ្ចេញទុនលើសពីផែនការ (ជាង ១១៧%)។ ប្រការនេះបង្ហាញថា ការវិនិយោគសាធារណៈលែងជា "ចំណុចកកស្ទះ" ទៀតហើយ ប៉ុន្តែកំពុងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។
ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ការបញ្ចេញដើមទុនវិនិយោគសាធារណៈបន្តសម្រេចបានលទ្ធផលវិជ្ជមាន ដោយការបញ្ចេញទុនបានជាង ៤,៨ ពាន់លានដុល្លារអាមេរិក សម្រេចបាន ១២% នៃផែនការដែលបានប្រគល់ដោយរដ្ឋាភិបាល និងកើនឡើងជិត ១០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងសន្និសីទទូទាំងប្រទេសអំពីការជំរុញការបែងចែក និងបញ្ចេញទុនវិនិយោគសាធារណៈឆ្នាំ ២០២៦ ដែលបានធ្វើឡើងនៅថ្ងៃទី ២៤ ខែមេសា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកំណត់ការវិនិយោគសាធារណៈជាភារកិច្ចនយោបាយដ៏សែនសំខាន់សម្រាប់ឆ្នាំនេះ និងអាណត្តិ ២០២៦-២០៣១ ទាំងមូល ដែលជាឧបករណ៍សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏សំខាន់មួយដើម្បីសម្រេចបាននូវគោលដៅកំណើន "ពីរខ្ទង់"។ ដូច្នេះ ដើម្បីសម្រេចបាននូវគោលដៅបញ្ចេញទុនវិនិយោគសាធារណៈជាង ១ លាន ពាន់លានដុង (ប្រហែល ៣៨ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៦នោះ ក្រសួង វិស័យ និងមូលដ្ឋាននានាត្រូវតែអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ ដោយយកចិត្តទុកដាក់ពិសេសចំពោះការជ្រើសរើសគម្រោងវិនិយោគ និងលុបបំបាត់ស្ថានភាព "ដើមទុនរង់ចាំគម្រោង" ឲ្យបានដាច់ស្រឡះ៖
“រៀបចំផែនការបញ្ចេញទុន សម្រាប់គម្រោងនីមួយៗ; ផ្ទេរដើមទុនពីគម្រោងដែលមិនអាចបញ្ចេញទុនបាន ឬមិនបញ្ចេញទុនយ៉ាងពេញលេញទៅឲ្យគម្រោងដែលមានសមត្ថភាពបញ្ចេញទុនល្អ និងត្រូវការដើមទុនបន្ថែម។ ត្រួតពិនិត្យ ដាស់តឿន និងដោះស្រាយបញ្ហាដែលកើតឡើងនៅហ្នឹងអង្គភាព និងការដ្ឋានសំណង់; កំណត់បញ្ហាដែលនៅសេសសល់ នៅក្នុងដំណាក់កាលនីមួយៗ នៅក្នុងគម្រោងនីមួយៗ និងមូលដ្ឋាននីមួយៗ ដើម្បីស្វែងរកដំណោះស្រាយយ៉ាងឆាប់រហ័ស”។
សសរស្តម្ភយុទ្ធសាស្ត្រនៃកំណើន
ទន្ទឹមជាមួយគ្នានោះ យន្តការផ្ទេរសិទ្ធិអំណាចដែលភ្ជាប់ទៅនឹងការទទួលខុសត្រូវ បានបង្កើតតួនាទីកាន់តែសកម្ម សម្រាប់មូលដ្ឋាននានា ដោយប្រែក្លាយការបញ្ចេញទុនវិនិយោគសាធារណៈទៅជាសូចនាករនៃសមត្ថភាពប្រតិបត្តិការ។ ទីក្រុងហាណូយគឺជាឧទាហរណ៍ដ៏លេចធ្លោមួយ។ គិតត្រឹមថ្ងៃទី ២៣ ខែមេសា ការបញ្ចេញទុនវិនិយោគសាធារណៈរបស់ទីក្រុង សម្រេចបានប្រហែល ២៥,៧% នៃផែនការដែលបានប្រគល់ដោយរដ្ឋាភិបាល ហើយខ្ពស់ជាងកម្រិតមធ្យមនៃប្រទេសទាំងមូល។ លោក Vu Dai Thang ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានបញ្ជាក់ថា៖
“ទីក្រុងហាណូយសន្យាថា នឹងបញ្ចេញទុនវិនិយោគសាធារណៈទាំងអស់សម្រាប់ឆ្នាំ ២០២៦ ត្រឹមចុងខែកញ្ញា ដើម្បីអាចបំពេញបន្ថែមប្រភពទុនផ្សេងទៀតឲ្យទាន់ពេលវេលា តាមនោះបង្កើនកម្រិតទុនវិនិយោគសរុប និងសម្រេចបានអត្រាកំណើន ១១%។ ដូច្នេះ ខ្ញុំស្នើឱ្យគ្រប់វិស័យ មូលដ្ឋាន និងវិនិយោគិនផ្តោតសំខាន់លើការងារបញ្ចេញទុនវិនិយោគសាធារណៈ”។
ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “ច្បាស់លាស់ទាំង ៦ យ៉ាង"៖ មនុស្សច្បាស់លាស់ ការងារច្បាស់លាស់ ការទទួលខុសត្រូវច្បាស់លាស់ សមត្ថកិច្ចច្បាស់លាស់ វឌ្ឍនភាពច្បាស់លាស់ និងលទ្ធផលច្បាស់លាស់ បណ្ដាខេត្ត ក្រុង និងមូលដ្ឋានក៏បានចេញផ្សាយសេណារីយ៉ូបញ្ចេញទុន ជាមួយនឹងគោលដៅជាក់លាក់សម្រាប់ខែ និងត្រីមាសនីមួយៗ។ លោក Le Ngoc Chau ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាយផុង បានឲ្យដឹងថា៖
“ដោយផ្អែកលើសេណារីយ៉ូដែលទីក្រុងបានគ្រោងទុក គោលដៅកំណើន និងដើមទុនដែលត្រូវបានបែងចែក គណៈកម្មាធិការបក្ស ប្រធានបណ្ដាមន្ទីរ វិស័យ និងមូលដ្ឋាន មានការទទួលខុសត្រូវកសាងផែនការលម្អិតដើម្បីរៀបចំការអនុវត្ត។ ក្នុងពេលជាមួយគ្នានោះ ត្រូវតែធ្វើបច្ចុប្បន្នភាព និងតាមដានជាប្រចាំដើម្បីកែសម្រួល ធានាអត្រាកំណើនប្រចាំត្រីមាស និងឆ្នាំ ២០២៦ ឲ្យសម្រេចបានយ៉ាងហោចណាស់ ១៣%។ ការបញ្ចេញទុនសម្រេចបានយ៉ាងហោចណាស់ ១,៤ ពាន់លានដុល្លារអាមេរិក ជាមួយនឹងគម្រោងប្រហែល ៦០០”។
ការវិនិយោគសាធារណៈរបស់វៀតណាមកំពុងឈានចូលដល់ដំណាក់កាលថ្មីមួយ មិនត្រឹមតែជាឧបករណ៍ជំរុញតម្រូវការប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភយុទ្ធសាស្ត្រនៃកំណើន។ នេះគឺជាមូលដ្ឋានគ្រឹះស្នូលសម្រាប់ការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់នៅក្នុងប៉ុន្មានឆ្នាំខាងមុខ៕







