VOV WorldVOV World
លោកអគ្គលេខាបក្ស តូ ឡឹម ជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង
26/01/2026 13:44
(VOVWORLD) - នាថ្ងៃទី ២៦ ខែមករា ពីទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង។
លោកអគ្គលេខាបក្ស តូ ឡឹម ជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង
លោកអគ្គលេខាបក្ស តូ ឡឹម ជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង។ (រូបថត៖ TTXVN) លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អាទិភាពចម្បងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយចិន។ បក្ស និងរដ្ឋវៀតណាមត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីរួមជាមួយបក្ស និងរដ្ឋចិន ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសជិតខាងសង្គមនិយមទាំងពីរ ក្រោមការដឹកនាំរបស់បក្ស ដោយរួមដំណើរ និងជួយគ្នាទៅវិញទៅមកលើមាគ៌ាឆ្ពោះទៅរកសេចក្តីប្រាថ្នា និងចក្ខុវិស័យអភិវឌ្ឍន៍ដែលបក្សទាំងពីរ និងប្រទេសទាំងពីរបានកំណត់។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យភាគីទាំងពីរ រួមគ្នាលើកកម្ពស់ការជឿទុកចិត្តផ្នែកនយោបាយឡើងដល់កម្រិតថ្មី ដើម្បីដឹកនាំកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បន្តបង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់ជាប្រចាំនិងប្រកបដោយភាពបត់បែន; ពង្រីកតួនាទីជាសសរស្តម្ភនៃវិស័យសំខាន់ៗ រួមទាំងការទូត ការពារជាតិ និងនគរបាល; ជំរុញការបង្កើតរបកគំហើញនិងការផ្លាស់ប្ដូរដ៏ច្បាស់លាស់ នៅក្នុងវិស័យសហប្រតិបត្តិការជាក់ស្ដែងនានា។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង យកចិត្តទុកដាក់លើការដឹកនាំឲ្យពង្រីកការនាំចូលទំនិញវៀតណាម ជាពិសេសកសិផលនិងជលផល; ភាគីទាំងពីរផ្តល់អាទិភាពខ្ពស់បំផុតដល់កិច្ចសហប្រតិបត្តិការផ្លូវដែក ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគប្រកបដោយគុណភាពខ្ពស់ ដែលផ្សាភ្ជាប់ទៅនឹងការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឲ្យក្លាយជាចំណុចលេចធ្លោថ្មី។ រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីរួមជាមួយបក្ស និងរដ្ឋវៀតណាម ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាមប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ឲ្យឡើងដល់កំពស់ថ្មី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង មានប្រសាសន៍ថា ប្រទេសចិនយល់ស្របនឹងការវាយតម្លៃអំពីស្ថានភាពអន្តរជាតិ និងតំបន់ ក៏ដូចជាវិធានការដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ដែលលោកអគ្គលេខាបក្ស តូ ឡឹម បានលើកឡើង ដោយបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេច រួមជាមួយវៀតណាម បង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់ ការជួបប្រាស្រ័យ ចែករំលែកបទពិសោធន៍ទៅវិញទៅមកក្នុងការគ្រប់គ្រងបក្ស និងអភិបាលកិច្ចជាតិ; រៀបចំឲ្យបានល្អនូវយន្តការគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យការទូត ការពារជាតិ និងនគរបាល; ត្រៀមខ្លួនជាស្រេចដើម្បីនាំចូលទំនិញកសិផលដែលមានគុណភាពខ្ពស់របស់វៀតណាម និងបន្តលើកទឹកចិត្តសហគ្រាសចិនឱ្យវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង មានគោលបំណងថា ភាគីទាំងពីរនឹងបំពេញឲ្យបានល្អនូវសកម្មភាពជួបប្រាស្រ័យរវាងយុវជន កិច្ចសហប្រតិបត្តិការមូលដ្ឋាន និងព័ត៌មាននៃប្រព័ន្ធផ្សព្វផ្សាយ។ ភាគីទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគីនានា ព្រមទាំងគ្រប់គ្រងការខ្វែងគំនិតគ្នាឲ្យកាន់តែប្រសើរឡើងផងដែរ៕
TAG
VOV/VOVworld/អគ្គលេខាបក្ស/វៀតណាម/តូ ឡឹម/ជួបសន្ទនាតាមទូរសព្ទ/ចិន/ស៊ី ជីនពីង