បន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន
17/04/2026 08:39
[VOVWORLD] - ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោកតូ ឡឹម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន បង្កប់ដោយអត្ថន័យយុទ្ធសាស្ត្រកម្រិតខ្ពស់ជាង ក្នុងយុគសម័យថ្មី។

12-_17-4_am_sang_tiep_tuc.jpeg អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញបានជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីន ពីង (រូបថត៖ Van Hieu/VOV) ភាគីទាំងពីរបានឯកភាពគ្នាយ៉ាងខ្ជាប់ខ្ជួននូវការដឹកនាំរបស់បក្សកុម្មុយនិស្ត ដើរតាមមាគ៌ាសង្គមនិយម សមស្របតាមស្ថានភាពនៃប្រទេសនីមួយៗ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលមានគុណភាពខ្ពស់។ ចិនបានសង្កត់ធ្ងន់លើការប្រកាន់យ៉ាងខ្ជាប់ ខ្ជួននូវគោលនយោបាយមិត្តភាពជាមួយវៀតណាម ដោយតែងតែចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយការបរទេសអ្នកជិតខាង។ វៀតណាមបានបញ្ជាក់ជាថ្មីថា តែងតែចាត់ទុកទំនាក់ទំនងជាមួយចិន ជាតម្រូវការបរានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលនៅក្នុងគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន ពហុភាគីនិយម ពិពិធកម្មរបស់វៀតណាម។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិននៅក្នុងយុគសម័យថ្មី ដោយធានាបាននូវការអភិវឌ្ឍដែលមានតម្លាភាព ស្ថិរភាព និងកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ នៅកម្រិតខ្ពស់ជាង។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារសន្តិសុខ និងភ្នាក់ងារអនុវត្តច្បាប់នៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌។ ជាមួយគ្នានោះ ឯកភាពគ្នាបង្កើនការតភ្ជាប់អភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ អនុវត្តផែនការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការតភ្ជាប់រវាងច្រករបៀងពីរ ខ្សែក្រវាត់មួយ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ; ជំរុញពាណិជ្ជកម្មទ្វេភាគីដែលភ្ជាប់ទៅនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ភស្តុភារកម្ម និងការតភ្ជាប់ទីផ្សារ អភិវឌ្ឍយ៉ាងខ្លាំងក្លានូវការសាងសង់ច្រករបៀងសេដ្ឋកិច្ចឆ្លងដែន មជ្ឈមណ្ឌលភស្តុភារកម្ម តំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ចង្កោមឧស្សាហកម្មនៅតំបន់ព្រំដែន និងផ្លូវដឹកជញ្ជូនពហុមធ្យោបាយ ក៏ដូចជាពង្រឹងការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរជាមួយអាស៊ីកណ្តាល និងអឺរ៉ុប ដោយបង្កើនបរិមាណដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែកទាំងនេះ។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដូចជា៖ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាកង់ទិច ស៊ីមីកុងដុកទ័រ ផ្លូវដែកល្បឿនលឿន...។ ទាក់ទងនឹងបញ្ហាសមុទ្រ ភាគីទាំងពីរបានឯកភាពគ្នាប្រកាន់ខ្ជាប់នូវការយោគយល់គ្នាដ៏សំខាន់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ដោយស្វិតស្វាញ់ស្វែងរកដំណោះស្រាយរយៈពេលវែងតាមរយៈការពិគ្រោះយោបល់ដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដោយចៀសវាងសកម្មភាពដែលធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ និងរួមគ្នារក្សាស្ថិរភាពនៅសមុទ្រ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តជំរុញឲ្យបណ្តាប្រទេសអាស៊ាននិងចិន អនុវត្តដ៏ទូលំទូលាយ និងមានប្រសិទ្ធភាពនៃ "សេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត" (DOC) ដើម្បីសម្រេចបានឆាប់ៗនូវ "ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត” (COC)។ នៅលើកម្រិតអន្តរជាតិ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការរក្សាយុត្តិធម៌អន្តរជាតិ និងរក្សាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងសហគមន៍អន្តរជាតិ; គាំទ្រដល់ពិភពលោកពហុប៉ូល និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលស្មើភាពគ្នា មានសណ្តាប់ធ្នាប់ និងរួមបញ្ចូល ដែលនាំមកនូវអត្ថប្រយោជន៍រួម លើកកម្ពស់ការកសាងប្រព័ន្ធអភិបាលសកលដែលអភិវឌ្ឍក្នុងទិសដៅដែលយុត្តិធម៌ និងសមស្របជាង៕
TAG
VOV/VOVWORLD/បន្ត/ស៊ីជម្រៅ/ភាពជាដៃគូ/យុទ្ធសាស្ត្រ/គ្រប់ជ្រុងជ្រោយ/វៀតណាម/ចិន
Related






