វៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៥ នៅទូទាំងពិភពលោក សម្រាប់សន្ទស្សន៍មូលធនមនុស្សបើកទូលាយឆ្នាំ ២០២៦
17/04/2026 09:09
[VOVWORLD] - វៀតណាមទើបតែត្រូវបានធនាគារពិភពលោក (WB) លើកតម្កើងក្នុងចំណោមប្រទេសកំពូលទាំង ៥ ដែលមានស្នាដៃល្អបំផុត អំពីសន្ទស្សន៍មូលធនមនុស្សបើកទូលាយ (HCI+) ឆ្នាំ ២០២៦។

14-_17-4_am_sang_viet_nam_anh_1.jpg រួមជាមួយប្រទេសវៀតណាម ប្រទេសហ្សាម៉ាអ៊ីក ប្រទេសកេនយ៉ា ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងប្រទេសរវ៉ាន់ដា ក៏ត្រូវបានលើកតម្កើងផងដែរ (រូបថត៖ ក្វាងទ្រុង/VOV-វ៉ាស៊ីនតោន) ពិធីនេះ បានធ្វើឡើងនាថ្ងៃទី ១៦ ខែមេសា នៅទីក្រុងវ៉ាស៊ីនតោន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនិទាឃរដូវរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។ លោក ង្វៀន គួក យ៊ុង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក បានតំណាងឱ្យវៀតណាមទទួលកិត្តនាមនេះ។ សន្ទស្សន៍មូលធនមនុស្ស (HCI+) គឺជាកំណែដែលបានបើកទូលាយនៃសន្ទស្សន៍មូលធនមនុស្ស ដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវការវាយតម្លៃកាន់តែទូលំទូលាយអំពីប្រសិទ្ធភាពនៃការវិនិយោគលើមូលធនមនុស្ស។ មិនត្រឹមតែឈប់នៅត្រឹមការអប់រំ និងការថែទាំសុខភាពប៉ុណ្ណោះទេ សន្ទស្សន៍នេះថែមទាំងវាស់វែងវិសាលភាពដែលសក្តានុពលមនុស្សត្រូវបានផ្លាស់ប្តូរទៅជាលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង ជាពិសេសការងារ និងប្រាក់ចំណូល។ 14-_17-4_am_sang_viet_nam_anh_2.jpg លោកស្រី ម៉ាំតា មួរធី អនុប្រធានទទួលបន្ទុកធនធានមនុស្សនៃក្រុមធនាគារពិភពលោក ប្រគល់ពានរង្វាន់ដល់ឯកអគ្គរដ្ឋទូត ង្វៀន គូក យ៊ុង (រូបថត៖ ក្វាងទ្រុង/VOV-វ៉ាស៊ីនតោន) យោងតាមធនាគារពិភពលោក វៀតណាមនៅតែជាចំណុចភ្លឺក្នុងចំណោមសេដ្ឋកិច្ចដែលមានកម្រិតប្រាក់ចំណូលស្រដៀងគ្នា ដោយសារតែគុណភាពអប់រំមានស្ថេរភាព និងចំណាត់ថ្នាក់ខ្ពស់នៅក្នុងការវាយតម្លៃអន្តរជាតិ។ លើសពីនេះ ទីផ្សារការងារបានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការកើនឡើងនៃការងារដែលមានប្រាក់ខែ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរវិជ្ជមានពីវិស័យក្រៅផ្លូវការទៅជាវិស័យមានផលិតភាពខ្ពស់។ នៅអាស៊ីអាគ្នេយ៍ វៀតណាមត្រូវបានចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកម្លាំងពលកម្មប្រកួតប្រជែង ជាពិសេសនៅក្នុងបរិបទនៃការផ្លាស់ប្តូរទៅជាគំរូកំណើនដែលផ្អែកលើជំនាញ និងជំរុញដោយនវានុវត្តន៍។ ការដែលត្រូវបានលើកតម្កើងនៅក្នុង HCI+ ២០២៦ ត្រូវបានចាត់ទុកថា ជាសក្ខីភាពសម្រាប់រាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការដាក់មនុស្សនៅកណ្តាលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍។ នេះក៏ជាកម្លាំងចលករដើម្បីលើកកម្ពស់កំណែទម្រង់បន្ថែមទៀតនៅក្នុងការអប់រំ ថែទាំសុខភាព និងទីផ្សារការងារ ដោយមានគោលបំណងកែលម្អគុណភាពកម្លាំងពលកម្ម និងបង្កើនភាពប្រកួតប្រជែងជាតិក្នុងរយៈពេលខាងមុខ៕
TAG
VOV/VOVWORLD/វៀតណាម/កំពូលទាំង ៥/ទូទាំងពិភពលោក/សន្ទស្សន៍មូលធនមនុស្ស/បើកទូលាយឆ្នាំ ២០២៦
Related
More








