ប្រទេសអូម៉ង់បញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងបន្តការចរចា
23/02/2026 09:43
(VOVWORLD) - នៅថ្ងៃទី២២ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr Albusaidi បានប្រកាសថា ការចរចាជុំបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវបានធ្វើឡើងនៅទីក្រុងហ្សឺណែវ (ស្វីស) នៅថ្ងៃទី២៦ ខែកុម្ភៈ។

នៅលើបណ្តាញសង្គម រដ្ឋមន្ត្រីការបរទេសអូម៉ង់បានសរសេរថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការបញ្ជាក់ថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានកំណត់នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី២៦ ខែកុម្ភៈ ដោយមានសន្ទុះវិជ្ជមានឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសុក្រឹត្យកិច្ចព្រមព្រៀង»។ នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀត នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា លោកអាចនឹងជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺលោក Steve Witkoff នៅថ្ងៃទី២៦ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ លោក Seyed Abbas Araghchi បានកត់សម្គាល់ថា នៅតែមានលទ្ធភាពក្នុងការស្វែងរកដំណោះស្រាយការទូតរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន។ ក្នុងពេលនោះ គេហទំព័រ Axios (អាមេរិក) បានដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដែលបានបង្ហាញថា ក្រុមអ្នកចរចាអាមេរិកបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចចរចាជាមួយអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់ដាក់សំណើលម្អិតសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ «ក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ»។ ប្រភពព័ត៌មាននេះបានឲ្យដឹងថា រដ្ឋបាលរបស់លោក Trump កំពុងរង់ចាំសំណើរបស់អ៊ីរ៉ង់៕
TAG
VOV/VOVworld/អូម៉ង់/សហរដ្ឋអាមេរិក/អ៊ីរ៉ង់/ការចរចា
Related







