VOV WorldVOV World
ភូមិច្រៀង Xoan បុរាណ (ខេត្ត Phu Tho) ត្រៀមរៀបចំយ៉ាងមមាញឹកសម្រាប់ពិធីបុណ្យវិហារស្ដេច Hung
18/04/2026 10:00
[VOVWORLD] - នៅខែទីបីតាមច័ន្ទគតិ ស្របពេលដែលខេត្ត Phu Tho ត្រៀមអំណរពិធីបុណ្យវិហារស្ដេច Hung សំឡេងស្គរ និងចម្រៀង Xoan តែងតែបន្លឺឡើង ដូចការរំលឹកអំពីការចងចាំនៃប្រភពដើមអញ្ចឹង។
ភូមិច្រៀង Xoan បុរាណ (ខេត្ត Phu Tho) ត្រៀមរៀបចំយ៉ាងមមាញឹកសម្រាប់ពិធីបុណ្យវិហារស្ដេច Hung
13-19.4--Van hoa--Anh 1.jpg សាលាភូមិបុរាណនៃ ភូមិ ហ៊ុងឡូ (ខេត្ត Phu Tho) គឺជាកន្លែងជួបជុំគ្នាសម្រាប់សិល្បករច្រៀង Xoan។ រូបថត៖ The Hung/VOV5 នៅមុនថ្ងៃប្រារព្ធពិធីសែនខួបស្តេច Hung (ថ្ងៃទី ១០ ខែទីបីតាមច័ន្ទគតិ) ភូមិច្រៀង Xoan បុរាណនានា កំពុងមមាញឹកជាមួយនឹងការហាត់សម ដោយត្រៀមរៀបចំសម្រាប់ពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំ ដែលបេតិកភណ្ឌមិនត្រឹមតែត្រូវបានសម្តែងប៉ុណ្ណោះទេ ថែមទាំងត្រូវបានថែរក្សានិងបន្តដល់ជំនាន់ក្រោយៗទៀតផង។ ក្នុងបរិយាកាសដ៏ពិសិដ្ឋនៃទឹកដីដូនតា ការច្រៀង Xoan មិនត្រឹមតែជាទម្រង់សិល្បៈប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងក៏ជាពិធីមួយដែលផ្សាភ្ជាប់នឹងជំនឿគោរពបូជាស្តេច Hung ទៀតផង។ ទំនុកច្រៀងដ៏សាមញ្ញ ជ្រាលជ្រៅ ដែលបន្លឺឡើងពីសាលាភូមិ និងវិហារបុរមបុរាណ បង្កប់នូវបំណងប្រាថ្នាអំពីរដូវប្រមូលផលដ៏បរិបូរណ៍ និងជីវភាពដ៏សុខសាន្តត្រាណ។ ចែករំលែកអំពីប្រវត្តិនៃការច្រៀង Xoan សិល្បការិនីប្រជាជន Nguyen Thi Lich ប្រធានក្រុមច្រៀង Xoan សង្កាត់ An Thai ខេត្ត Phu Tho បានអោយដឹងថា៖ “ការច្រៀងចម្រៀង Xoan នៅ Phu Tho មានតាំងពីសម័យដែលស្ដេច Hung ស្ថាបនាប្រទេសជាតិ។ ព្រះអង្គបានដឹកនាំកងទ័ព ចេញទៅវាយសត្រូវ ហើយពេលទទួលបានជ័យជម្នះ និងធ្វើដំណើរត្រឡប់មកវិញ ឆ្លងកាត់ភូមិ An Thai ឃុំ Phu Lau ដែលឥឡូវជាសង្កាត់ Van Phu នោះ ម្ចាស់ក្សត្រីបានឈឺពោះប្រសូត្របុត្រ ប៉ុន្តែទោះបីជាឈឺយូរពេក ព្រះនាងនៅតែមិនអាចប្រសូត្របុត្របានដែរ។ អ្នកបម្រើម្នាក់បានជម្រាបទូលថា នៅក្នុងភូមិនេះមានស្ត្រីម្នាក់ឈ្មោះ Que Hoa ដែលអាចច្រៀងរាំពិរោះៗ។ ស្ដេចមានព្រះទ័យរីករាយ ហើយបានបញ្ជាឱ្យនរណាម្នាក់នាំ Que Hoa មកច្រៀងកម្សាន្តម្ចាស់ក្សត្រី។ ពិតមែន ព្រះនាងស្ដាប់ Que Hoa ច្រៀង គឺមិនឈឺពោះទៀតឡើយ។ ក្រោយមកបានប្រសូតបុត្រីមួយអង្គ។ ដោយបានមើលឃើញពីប្រសិទ្ធភាពនៃបទចម្រៀងនិងក្បាច់របាំរបស់ Que Hoa ព្រះអង្គបានចេញព្រះរាជក្រឹត្យមួយដល់ប្រជាជនទាំងមូលឱ្យផ្សព្វផ្សាយចម្រៀងនិងរបាំ Xoan”។ 13-19.4-van_hoa-anh_2.jpg សិល្បករច្រៀង Xoan មកពីសង្កាត់ An Thai (ខេត្ត Phu Tho) សំដែងបទចម្រៀង Xoan បុរាណ។ រូបថត៖ The Hung/VOV5 ក្នុងប៉ុន្មានថ្ងៃនេះ នៅក្នុងភូមិច្រៀង Xoan បុរាណ An Thai ទីក្រុង Viet Tri ការហាត់សមកំពុងប្រព្រឹត្តទៅក្នុងបរិយាកាសដ៏មមាញឹក មុនទិវាសែនខួបស្តេច Hung។ សិល្បករ និងជំនាន់យុវជន កំពុងហាត់សមបទភ្លេង និងចលនានីមួយៗយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមរៀបចំសម្រាប់ការសម្តែងបម្រើភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកចូលរួមពិធីបុណ្យ។​ លោក Tran Huy Nam មកពីសង្កាត់ Van Phu ខេត្ត Phu Tho បានចែករំលែកថា៖ “ទិវាសែនខួបស្ដេច Hung និងពិធីបុណ្យវិហារ Hung ឆ្នាំនេះ មានកម្មវិធីជាច្រើន ហើយការច្រៀង Xoan គឺជាកម្មវិធីសំខាន់មួយក្នុងពិធីបុណ្យវិហារ Hung ឆ្នាំនេះដែរ។ ក្នុងប៉ុន្មានថ្ងៃនេះ យើងកំពុងហាត់ច្រៀង Xoan ទីមួយគឺដើម្បីបម្រើភ្ញៀវទេសចរអន្តរជាតិ ហើយទីពីរគឺដើម្បីសម្តែងសម្រាប់ភ្ញៀវទេសចរក្នុងស្រុក”។ មិនត្រឹមតែនៅ An Thai ប៉ុណ្ណោះទេ ក្រុមច្រៀង Xoan បុរាណផ្សេងទៀតដូចជា Phu Duc និង Kim Dai ក៏កំពុងព្យាយាមហាត់សមផងដែរ។ លោក Nguyen Xuan Hoi ប្រធានក្រុមច្រៀង Xoan Phu Duc សង្កាត់ Van Phu ខេត្ត Phu Tho បានឲ្យដឹងថា៖ “ភូមិច្រៀង Xoan Phu Duc បានរៀបចំកាលវិភាគនិងកម្មវិធីសម្រាប់បងប្អូននារី ហាត់សមបទចម្រៀង Xoan បុរាណទាំងអស់។ ក្នុងឱកាសបុណ្យសែនខួបដូនតា នៅក្នុងភូមិនីមួយៗ យើងនឹងចាប់ផ្តើមសម្តែងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែទី៣ តាមប្រតិទិនចន្ទគតិ”។ 13-19.4-van_hoa-anh_3.jpg ភ្ញៀវទេសចរ ចូលរួមការច្រៀង Xoan ជាមួយសិល្បករ។ រូបថត៖ The Hung/VOV5 មិនត្រឹមតែបម្រើពិធីកិច្ចប៉ុណ្ណោះទេ ការច្រៀង Xoan នាសព្វថ្ងៃនេះ ក៏បានក្លាយជាផលិតផលទេសចរណ៍វប្បធម៌ដ៏ពិសេសមួយផងដែរ។ ភ្ញៀវទេសចរដែលមកដល់ Phu Tho ក្នុងឱកាសនេះ មិនត្រឹមតែអុជធូបឧទ្ទិសដល់ស្តេច Hung ប៉ុណ្ណោះទេ ថែមទាំងមានឱកាសរីករាយជាមួយបទភ្លេង Xoan បុរាណនៅក្នុងបរិយាកាសដើមរបស់វាទៀតផង។ អ្នកស្រី Hong Minh ជាអ្នកទេសចរម្នាក់មកពីទីក្រុងហាណូយ បានចែករំលែកអារម្មណ៍នៅពេលស្តាប់ការច្រៀង Xoan ដោយផ្ទាល់នៅវិហារបុរាណ Hung Lo ខេត្ត Phu Tho យ៉ាងដូច្នេះថា៖ “ខ្ញុំធ្លាប់បានទស្សនាសិល្បៈច្រៀង Xoan តាមទូរទស្សន៍ និងក្នុងវីដេអូ YouTube ជាច្រើនដងហើយ ប៉ុន្តែថ្ងៃនេះជាលើកដំបូងដែលខ្ញុំបានទស្សនាដោយផ្ទាល់ ហើយវាពិតជាពិសេសណាស់។ ការទស្សនាសិល្បករនិងមនុស្សជើងចាស់ សម្តែងដោយផ្ទាល់គឺមានតម្លៃណាស់។ អ្នកស្រុកគឺជាអ្នកសម្ដែង ហើយនោះគឺជាអ្វីៗដែលយើងរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយៗ ដើម្បីឲ្យគេយល់ដឹងបន្ថែមអំពីការច្រៀង Xoan”។ ទិវាសែនខួបស្តេច Hung មិនត្រឹមតែជាឱកាសដើម្បីរំលឹកគុណជីដូនជីតាប៉ុណ្ណោះទេ ថែមទាំងក៏ជាពេលវេលា ដើម្បីឲ្យតម្លៃវប្បធម៌ប្រពៃណីត្រូវបានរស់រានឡើងវិញយ៉ាងខ្លាំងក្លាទៀតផង។ ហើយនៅក្នុងលំហូរនោះ ការច្រៀងចម្រៀង Xoan ជាមួយនឹងបទភ្លេងបុរាណ នៅតែបន្តបន្លឺឡើង ដោយតភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នកាល និងថែរក្សាព្រលឹងប្រជាជាតិក្នុងលំហូរជីវភាពសព្វថ្ងៃនេះ៕
TAG
VOV/VOVWORLD/ច្រៀង Xoan/វប្បធម៌/ស្ដេច Hung