សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ប្រកាសបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ
18/04/2026 09:24
[VOVWORLD] - សេចក្តីប្រកាសបើកច្រកសមុទ្រ ហ័រមូស ឡើងវិញត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi នៅលើបណ្តាញសង្គម X នារសៀលថ្ងៃទី ១៧ ខែមេសា ពោលគឺរយៈពេលជិតមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែល និងលីបង់បានឈានដល់ និងអនុវត្តបទឈប់បាញ់រយៈពេល ១០ ថ្ងៃ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា ការចរាចរណ៍សម្រាប់នាវាពាណិជ្ជកម្មទាំងអស់ឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ត្រូវបានបើកទាំងស្រុងក្នុងអំឡុងពេលបទឈប់បាញ់។ ទោះជាយ៉ាងណាក៏ដោយ នាវាទាំងអស់ ត្រូវតែគោរពតាមការណែនាំដែលបានប្រកាសដោយអ៊ីរ៉ង់។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ ក៏បានប្រកាសថា ច្រកសមុទ្រ ហ័រមូស "បើកទាំងស្រុង និងត្រៀមខ្លួនជាស្រេចសម្រាប់សកម្មភាពពាណិជ្ជកម្ម" ហើយបានបញ្ជាក់ថា ការហ៊ុំព័ទ្ធរបស់កងទ័ពជើងទឹកប្រទេសនេះ នៅតែមានសុពលភាព ប៉ុន្តែប្រឆាំងនឹងអ៊ីរ៉ង់តែប៉ុណ្ណោះ រហូតដល់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវបានសម្រេចទាំង ១០០%។ ទាក់ទងនឹងប្រតិកម្មអន្តរជាតិចំពោះការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញរបស់អ៊ីរ៉ង់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញសេចក្តីប្រកាសមួយនាយប់ថ្ងៃទី ១៧ មេសា ដោយបញ្ជាក់ថា នេះជាជំហានវិជ្ជមាន និងត្រឹមត្រូវមួយ ដោយអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គោរពយ៉ាងម៉ឺងម៉ាត់ចំពោះការសន្យារបស់ខ្លួន ហើយសម្តែងក្តីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះបច្ចុប្បន្ននៅមជ្ឈិមបូព៌ា នឹងឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ពីអឺរ៉ុប មេដឹកនាំនៃប្រទេសជាច្រើន រួមទាំងចក្រភពអង់គ្លេស និងបារាំង ក៏បានចេញសេចក្តីប្រកាសស្វាគមន៍ចំពោះការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញផងដែរ៕
TAG
VOV/VOVWORLD/សហរដ្ឋអាមេរិក/អ៊ីរ៉ង់/ច្រកសមុទ្រហ័រមូស
Related





