VOV WorldVOV World
អ៊ុយក្រែនរំលឹកខួប ៤០ ឆ្នាំនៃគ្រោះសោកនាដកម្មនុយក្លេអ៊ែរ Chernobyl
27/04/2026 08:57
[VOVWORLD] - ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមាន​អំពីហានិភ័យដែលពិភពលោកស្ថិតនៅលើមាត់​គែមនៃគ្រោះ​​សោកនាដកម្មដែលបង្កើតឡើងដោយមនុស្សម្តងទៀត ; ហើយបានអំពាវនាវដល់ពិភពលោកកុំឱ្យ "ភេរវកម្មនុយក្លេអ៊ែរ" បន្ត។
អ៊ុយក្រែនរំលឹកខួប ៤០ ឆ្នាំនៃគ្រោះសោកនាដកម្មនុយក្លេអ៊ែរ Chernobyl
នៅថ្ងៃទី ២៦ ខែមេសា អ៊ុយក្រែនបានរៀបចំព្រឹត្តិការណ៍រំលឹកខួបលើកទី ៤០ នៃគ្រោះមហន្តរាយ Chernobyl ដែលជាគ្រោះសោកនាដកម្មក្លេអ៊ែរ​ដ៏​ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។ អញ្ជើញចូលរួមព្រឹត្តិការណ៍ទាំងនេះ មានវត្តមាន​ អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) លោក Rafael Grossi និងប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandu។ ក្នុងឱកាសនេះ នៅលើបណ្តាញ​សង្គមប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមាន​អំពីហានិភ័យដែលពិភពលោកស្ថិតនៅលើមាត់​គែមនៃគ្រោះ​​សោកនាដកម្មដែលបង្កើតឡើងដោយមនុស្សម្តងទៀត ; ហើយបានអំពាវនាវដល់ពិភពលោកកុំឱ្យ "ភេរវកម្មនុយក្លេអ៊ែរ" បន្ត។ កាលពី ៤០ ឆ្នាំមុន នៅ​វេលាម៉ោង ១:៣០ ព្រឹក ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩៨៦ ម៉ាស៊ីន​រ៉េអាក់ទ័រលេខ ៤ នៃរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ដែលមានទីតាំងប្រហែល ១០០ គីឡូម៉ែត្រ​នៅភាគខាងជើងនៃទីក្រុងគៀវ បានផ្ទុះក្នុងអំឡុងពេលធ្វើតេស្ត​សុវត្ថិភាព។ យោងតាមអ្នកជំនាញ វិទ្យុសកម្មបានបំពុល​៣/៤នៃទ្វីបអឺរ៉ុប ដែលធ្ងន់ធ្ងរបំផុតគឺនៅប្រទេស​អ៊ុ​យក្រែន បេឡារុស និងរុស្ស៊ី ដែលនៅពេល​នោះ ជាផ្នែកមួយនៃសហភាពសូវៀត។ យោងតាមតួលេខ​របស់អង្គការ​សហប្រជាជាតិ​ដែលបាន​ប្រកាសក្នុងឆ្នាំ ២០០៥ មានមនុស្សស្លាប់ប្រហែល ៤.០០០ នាក់ត្រូវបានកត់ត្រានៅក្នុងប្រទេសទាំងបីគឺ អ៊ុយក្រែន បេឡារុស និងរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ នៅពេល​ក្រោយ​មក អង្គការ  Greenpeace បានពិនិត្យឡើងវិញនូវចំនួនអ្នកស្លាប់ដោយសារតែគ្រោះ​សោកនាដកម្មនេះ គឺមានចំនួន​ជិត ១០០.០០០ នាក់។ បន្ទាប់ពីគ្រោះសោកនាដកម្ម រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl បានបន្តផលិតអគ្គិសនីរហូតដល់ឆ្នាំ ២០០០ នៅពេលដែលម៉ាស៊ីន​រ៉េអាក់ទ័រចុងក្រោយត្រូវបានបង្ខំឱ្យបិទ​ ដោយសារតែសម្ពាធអន្តរជាតិ៕​
TAG
VOV/VOVWORLD/អ៊ុយក្រែន/គ្រោះសោកនាដកម្ម/នុយក្លេអ៊ែរ/Chernobyl

More