ក្រោមអធិបតីភាពរបស់ឯកអគ្គរដ្ឋទូតលោក ដូ ហ៊ុង វៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានកិច្ចប្រជុំដែលត្រូវបានតែង តាំង វគ្គពិនិត្យឡើងវិញនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី២២ ខែឧសភា ដោយមានការចូលរួម និងសុន្ទរកថារបស់តំណាងជាន់ខ្ពស់មកពីរដ្ឋសមាជិក NPT ចំនួន ១៩១ប្រទេស។
ថ្លែងនៅក្នុងវគ្គបើក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស បានស្វាគមន៍វៀតណាមចំពោះការធ្វើជាប្រធាននៃកិច្ចប្រជុំ ដោយចាត់ទុក នេះជាឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការមានសំឡេងកាន់តែខ្លាំងនៅក្នុងដំណើរការរំសាយអាវុធសកល។ លោកក៏បានបញ្ជាក់ពីការគាំទ្រយ៉ាងខ្លាំងរបស់អង្គការសហប្រជាជាតិចំពោះកិច្ចប្រុំពិនិត្យឡើងវិញលើកទី១១ ដើម្បីសម្រេចបានលទ្ធផលដែលមានការឯកភាពគ្នា និងជាក់ស្តែង។
វៀតណាម ក្នុងតួនាទីជាប្រធានកិច្ចប្រជុំ បានបង្ហាញពីការរួមចំណែកយ៉ាងសកម្ម និងការរៀបចំយ៉ាងយកចិត្តទុកដាក់។ លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានសង្កត់ធ្ងន់លើស្មារតីនៃការសន្ទនាប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងសុន្ទរកថារបស់លោកនៅចំពោះមុខកិច្ចប្រជុំ ដោយបញ្ជាក់ពីគោលជំហរឥតងាក់រ៉េរបស់វៀតណាមក្នុងការគាំទ្រដល់ការរំសាយអាវុធនុយក្លេអ៊ែរដ៏ទូលំទូលាយ និងមិនរើសអើង។ ក្នុងនាមជាប្រទេសមួយដែលមិនមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែបានរងផលវិបាកយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមគីមី និងចង់បានសន្តិភាពយូរអង្វែង វៀតណាមប្តេជ្ញាលើកកម្ពស់សាមគ្គីភាពក្នុងចំណោមរដ្ឋជាសមាជិក ជាពិសេសសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ៕





